KCB - ១ ធីម៉ូថេ ២


១ ធីម៉ូថេ ២

សេចក្ដី​ណែនាំ​អំពី​ការ​ថ្វាយ​បង្គំ​

ដូច្នេះ ​ខ្ញុំ​សូម​ដាស់តឿនជា​ ដំបូង​ថា​ ចូរ​​ទូល​សុំ​ ​​អធិស្ឋាន​ហើយទូល​អង្វរ ព្រមទាំង​អរ​ព្រះគុណ​សម្រាប់​មនុស្ស​ទាំងអស់​ គឺ​ទាំង​សម្រាប់​​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់​គ្នា​ផង ដើម្បី​ឲ្យ​យើង​​រស់នៅ ​​បាន​សុខ​សាន្ត ហើយ​ស្ងប់​ស្ងាត់​ ដោយ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ និង​ដោយ​​​​ថ្លៃថ្នូរ‍គ្រប់​យ៉ាង​ ដ្បិត​នេះ​ជា​ការ​ល្អ ហើយ​សព្វព្រះហឫទ័យ​​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ​ដែល​ព្រះអង្គ​ចង់​​ឲ្យមនុស្ស​ទាំងអស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​ស្គាល់​សេចក្ដី​ពិត ​ដ្បិត​មាន​ព្រះជាម្ចាស់​តែ​មួយ ហើយ​​មាន​អ្នក​សម្រុះ​សម្រួល​តែ​មួយ​រវាង​ព្រះជាម្ចាស់ និង​មនុស្ស គឺ​ព្រះគ្រិស្ដ​យេស៊ូ​​ដែល​ជា​មនុស្ស​ ព្រះអង្គ​បាន​ប្រគល់​អង្គ​ទ្រង់ ​ទុក​ជា​ថ្លៃ​លោះ​ សម្រាប់​មនុស្ស​ទាំង​អស់ គឺ​ជា​សេចក្ដី​បន្ទាល់ ​ដែល​ប្រទាន​មក​នៅ​ពេល​កំណត់‍។ ​ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង ​ជា​សាវក​សម្រាប់​​សេចក្ដី​បន្ទាល់​នោះ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ និង​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ‍។​

ដូច្នេះ ខ្ញុំ​ចង់​ឲ្យប្រុសៗ​អធិស្ឋាន​ ទាំង​លើក​ដៃ​បរិសុទ្ធ​ឡើង ​ នៅ​គ្រប់​ទី​កន្លែងដោយ​គ្មាន​កំហឹង ឬ​ប្រកែក​គ្នាឡើយ រីឯ​ស្រីៗ​វិញ ​ ក៏​ដូច្នោះ​ដែរ ត្រូវ​តុប​តែង​ខ្លួន ​ដោយ​សម្លៀក​បំពាក់​សមរម្យ សុភាព​រាបសា មិន​ឆើត​ឆាយ ហើយ​មិន​មែន​ដោយ​ក្រង​សក់ ពាក់​មាស ពាក់​គជ់​ ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ ១០ផ្ទុយ​ទៅ​វិញ ត្រូវ​តុបតែង​ខ្លួន​ដោយ​អំពើ​ល្អ​ឲ្យសម​ជា​ស្រ្តី​ដែល​ប្រកាស​ខ្លួន​ថា ​ជា​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់។ ១១ត្រូវ​ឲ្យស្រីៗ​រៀន ​ដោយ​ស្ងៀម​ស្ងាត់ និង​​ ចុះ​ចូល​ទាំង​ស្រុង។ ១២ខ្ញុំ​មិន​អនុញ្ញាត​ឲ្យស្រ្តី​ណា​បង្រៀន ឬ​មាន​សិទ្ធិ​អំណាច​លើ​បុរស​ឡើយ គឺ​​ឲ្យនាង​នៅ​ស្ងៀម​ស្ងាត់​វិញ ១៣ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​លោក​អ័ដាម​មុន រួច​ទើប​បង្កើត​នាង​អេវ៉ា​ ១៤ហើយ​មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​​បញ្ឆោត គឺ​ស្រ្តី​ទេ​ដែល​ចាញ់​​បញ្ឆោត​នោះ ហើយបាន​ប្រព្រឹត្តល្មើស​​ ១៥ប៉ុន្ដែ​បើ​នាង​​នៅ​ជាប់​ក្នុង​ជំនឿ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​បរិសុទ្ធ ទាំង​មាន​អត្តចរិត​ត្រឹមត្រូវ នោះ​នាង​នឹង​បាន​សង្គ្រោះនៅពេល​ដែល​នាង​សម្រាល​​កូន។

១ ធីម៉ូថេ ២