១ ធីម៉ូថេ ១
១ ធីម៉ូថេ
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំប៉ូលជាសាវករបស់ព្រះគ្រិស្ដយេស៊ូ ស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដែលជាព្រះអង្គសង្គ្រោះរបស់យើង និងព្រះគ្រិស្ដយេស៊ូដែលជាក្ដីសង្ឃឹមរបស់យើង ២ជូនចំពោះធីម៉ូថេ ជាកូនពិតប្រាកដរបស់ខ្ញុំខាងឯជំនឿ។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹង សេចក្ដីបង្រៀនក្លែងក្លាយ
៣ពេលខ្ញុំរៀបទៅ ស្រុកម៉ាសេដូន ខ្ញុំបានលើកទឹកចិត្តអ្នក ឲ្យស្នាក់នៅក្នុងក្រុងអេភេសូរដើម្បីឲ្យអ្នកបង្គាប់អ្នកខ្លះកុំឲ្យបង្រៀនសេចក្ដីផ្សេង ៤ឬចាប់អារម្មណ៍នឹងរឿងព្រេង និងបញ្ជីវង្សត្រកូល ដែលមិនចេះចប់មិនចេះហើយនោះឡើយ ព្រោះរឿងទាំងនោះធ្វើឲ្យមានការជជែកដេញដោលគ្នា ជាជាងការបម្រើព្រះជាម្ចាស់ ដោយជំនឿ។ ៥គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតចេញពីចិត្តបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត ៦ដ្បិតអ្នកខ្លះបានវង្វេងចេញពីសេចក្ដីទាំងនេះ ហើយបែរទៅរកការនិយាយឥតប្រយោជន៍វិញ ៧ពួកគេចង់ធ្វើជាគ្រូគម្ពីរវិន័យ ប៉ុន្ដែពួកគេមិនយល់សេចក្ដីដែលពួកគេនិយាយ ឬ សេចក្ដីដែលពួកគេអះអាងផង។ ៨យើងដឹងថាគម្ពីរវិន័យល្អ បើគេប្រើបានត្រឹមត្រូវ ៩យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្តាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ ១០មនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សរួមភេទជាមួយភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកកុហក ពួកស្បថបំពាន និងការអ្វីផ្សេងទៀតដែលប្រឆាំងនឹង សេចក្ដីបង្រៀនត្រឹមត្រូវ ១១ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់ដ៏មានពរ គឺជាដំណឹងល្អដែលបានផ្ទុកផ្ដាក់ដល់ខ្ញុំ។
លោកប៉ូលអរព្រះគុណចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់
១២ខ្ញុំសូមអរព្រះគុណព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើង ដែលបានចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ហើយបានតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ១៣ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្តាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្តដោយមិនយល់ និងដោយគ្មានជំនឿ។ ១៤ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំ យ៉ាងច្រើន ហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
១៥ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្ដយេស៊ូ បានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត ១៦ប៉ុន្ដែព្រះអង្គអាណិតមេត្តាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នក ដែលនឹងជឿលើព្រះអង្គ ដើម្បីឲ្យបានជីវិត អស់កល្បជានិច្ច។ ១៧សូមឲ្យព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយ ដែលមាន ព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមិនអាចមើលឃើញ បានប្រកបដោយព្រះកិត្តិយស និងសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
ការទទួលខុសត្រូវរបស់ធីម៉ូថេ
១៨ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ ១៩និងដើម្បីឲ្យអ្នករក្សាជំនឿ និងមនសិការល្អ ដ្បិតអ្នកខ្លះបានបោះបង់ចោលសេចក្តីទាំងនេះដែលបណ្តាលឲ្យជំនឿរបស់ពួកគេលិចលង់។ ២០ក្នុងចំណោមអ្នកទាំងនោះ មានលោកហ៊ីមេនាស និងលោកអាឡិចសន់ឌើដែលខ្ញុំ បានប្រគល់ឲ្យអារក្សសាតាំងដើម្បីប្រដៅពួកគេ កុំឲ្យប្រមាថព្រះជាម្ចាស់ទៀត។