១ ថែស្សាឡូនីច ៥
៥បងប្អូនអើយ! ចំពោះពេល វេលា និងពេលកំណត់ ខ្ញុំមិនចាំបាច់សរសេរប្រាប់អ្នករាល់គ្នាទេ ២ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរមកនៅពេលយប់។ ៣កាលណាគេនិយាយថា មានសន្ដិភាពហើយ មានសន្ដិសុខហើយ ពេលនោះសេចក្តីវិនាសនឹងកើតឡើងចំពោះគេមួយរំពេច ប្រៀបដូចជាស្រ្តីមានផ្ទៃពោះ ឈឺចាប់ហៀបនឹងសម្រាលកូន ហើយគេចមិនរួចឡើយ។
៤រីឯអ្នករាល់គ្នាវិញ បងប្អូនអើយ! អ្នករាល់គ្នា មិនមែននៅក្នុងសេចក្ដីងងឹតដែលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នា ដូចជាចោរឡើយ ៥ព្រោះអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ។ យើងមិនមែនជាពួកនៃសេចក្ដីងងឹត ឬយប់ឡើយ ៦ដូច្នេះ យើងមិនត្រូវដេកលក់ដូចជាអ្នកឯទៀតឡើយ គឺយើងត្រូវប្រុងស្មារតី ហើយដឹងខ្លួនជានិច្ច។ ៧ដ្បិតអ្នកដេក គេដេកនៅពេលយប់ ហើយអ្នកស្រវឹង ក៏ស្រវឹងនៅពេលយប់ដែរ ៨ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំង យកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក ៩ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើង ទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ១០ព្រះអង្គបានសោយទិវង្គតជំនួសយើង ដើម្បីឲ្យយើងមានជីវិតជាមួយព្រះអង្គ ទោះបីយើងដឹងខ្លួន ឬដេកលក់ក៏ដោយ។ ១១ដូច្នេះ ចូរកម្សាន្តចិត្តគ្នា ហើយស្អាងគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។
ដំបូន្មានចុងក្រោយរបស់លោកប៉ូល
១២ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នា ក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា ១៣រួចចូរឲ្យតម្លៃអ្នកទាំងនោះខ្ពស់បំផុត ដោយសេចក្ដីស្រឡាញ់ ព្រោះតែកិច្ចការរបស់ពួកគេ។ ចូររស់នៅដោយសុខសាន្តជាមួយគ្នាចុះ។
១៤បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្តាប់ធ្នាប់ ចូរលើកទឹកចិត្តអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។ ១៥ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់ តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។ ១៦ចូរអរសប្បាយជានិច្ច! ១៧ចូរអធិស្ឋានឥតឈប់ឈរ! ១៨ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។ ១៩កុំពន្លត់ព្រះវិញ្ញាណ ២០កុំមើលងាយការថ្លែងព្រះបន្ទូល ២១ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្តអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន ២២ចូរចៀសវាងសេចក្តីអាក្រក់គ្រប់បែបយ៉ាង។
ពាក្យជម្រាបសួរចុងក្រោយរបស់លោកប៉ូល
២៣សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នា ជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងយាងមក។ ២៤ព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនោះមិនខាន។ ២៥បងប្អូនអើយ! សូមអធិស្ឋានសម្រាប់យើងផង។ ២៦ចូរជម្រាបសួរបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធចុះ។ ២៧ខ្ញុំបង្គាប់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យពួកបងប្អូនទាំងអស់ស្តាប់ផង។ ២៨សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង៕