១ ថែស្សាឡូនីច ៤
របៀបរស់នៅឲ្យគាប់ព្រះហឫទ័យ ព្រះជាម្ចាស់
៤ទីបញ្ចប់នេះ បងប្អូនអើយ! អ្នករាល់គ្នាបានទទួលសេចក្តីបង្រៀនពីយើង អំពីរបៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចហើយ ហើយអ្នករាល់គ្នាបានរស់នៅដូច្នោះមែន។ ឥឡូវនេះ យើងសូមអង្វរ ហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា ចូររស់នៅដូច្នេះ ឲ្យកាន់តែប្រសើរទៀតចុះ ២ដ្បិតអ្នករាល់គ្នា ស្គាល់សេចក្ដីបង្គាប់ដែលយើង បានប្រគល់ឲ្យអ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូហើយ។
៣ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាង អំពើអសីលធម៌ខាងផ្លូវភេទ ៤ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ ៥មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ៦មិនត្រូវឲ្យនរណាម្នាក់បំពាន ឬបោកប្រាស់បងប្អូនរបស់ខ្លួន ក្នុងរឿងនេះឡើយព្រោះព្រះអម្ចាស់ នឹងសងសឹកចំពោះរឿងទាំងនេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាពីមុន និងបានបញ្ជាក់រួចហើយ ៧ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។ ៨ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះជាម្ចាស់ ដែលប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ដល់អ្នករាល់គ្នាវិញ។
៩រីឯសេចក្តីស្រឡាញ់ជាបងប្អូន ខ្ញុំមិនចាំបាច់ សរសេរមកអ្នករាល់គ្នាទេ ព្រោះព្រះជាម្ចាស់ បង្រៀនអ្នករាល់គ្នាឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកហើយ ១០ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូន ទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្តអ្នករាល់គ្នា ឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ ១១ហើយខំយកចិត្តទុកដាក់រស់នៅ ដោយស្រគត់ស្រគំ ទាំងបំពេញកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃរបស់ខ្លួន ដូចដែលយើងបានបង្គាប់អ្នករាល់គ្នាហើយ ១២ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដោយត្រឹមត្រូវចំពោះអ្នកក្រៅ ហើយឥតត្រូវការអ្វីឡើយ។
ការយាងមករបស់ព្រះអម្ចាស់
១៣បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យ អ្នករាល់គ្នាមិនដឹងអំពីពួកអ្នក ដែលបានដេកលក់ហើយនោះទេ ក្រែងលោអ្នករាល់គ្នាកើតទុក្ខដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម។ ១៤ដ្បិតបើយើងជឿថា ព្រះយេស៊ូបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន នោះត្រូវជឿថា ព្រះជាម្ចាស់នឹងនាំពួកអ្នកដែលដេកលក់នៅក្នុងព្រះយេស៊ូឲ្យទៅជាមួយព្រះអង្គដែរ។
១៥ដ្បិតយើងប្រាប់អ្នករាល់គ្នា តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់ រហូតដល់ពេលព្រះអម្ចាស់យាងមក ពិតជាមិនទៅមុនពួកអ្នកដែលបានដេកលក់ឡើយ ១៦ព្រោះព្រះអម្ចាស់នឹងយាងចុះពីស្ថានសួគ៌មក ទាំងមានសម្រែក និងសំឡេងមហាទេវតា ព្រមទាំងត្រែរបស់ព្រះជាម្ចាស់ នោះពួកមនុស្សស្លាប់នៅក្នុងព្រះគ្រិស្ដ នឹងរស់ឡើងវិញមុនគេ ១៧បន្ទាប់មក យើងដែលមានជីវិតរស់នៅឡើយ គឺអ្នកដែលនៅរស់ នឹងត្រូវលើកឡើងទៅក្នុងពពកជាមួយគ្នា ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ដូច្នេះ យើងនឹងនៅជាមួយព្រះអម្ចាស់រហូតតទៅ។ ១៨ហេតុនេះ ចូរកម្សាន្ដចិត្តគ្នាទៅវិញទៅមក ដោយពាក្យទាំងនេះចុះ។