១ ថែស្សាឡូនីច ៣
៣ដោយព្រោះ យើងពុំអាចទ្រាំ ទៀតបាន យើងក៏សម្រេចចិត្ដនៅក្រុងអាថែនតែគ្នាយើង ២ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារ បម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដ ឲ្យទៅពង្រឹង និង លើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ ៣ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គី ដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើង ជួបប្រទះសេចក្តីវេទនាបែបនេះ។ ៤កាលយើងនៅជាមួយអ្នករាល់គ្នានៅឡើយ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងនឹងត្រូវរងទុក្ខវេទនា ហើយការនោះក៏កើតឡើងមែន ដូចដែលអ្នករាល់គ្នាដឹងស្រាប់។ ៥ដោយខ្ញុំមិនអាចទ្រាំទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងមកល្បួងអ្នករាល់គ្នាតាមរបៀបណាមួយ ដែលនាំឲ្យការនឿយហត់របស់យើង ត្រលប់ជាឥតប្រយោជន៍។
របាយការណ៍របស់ធីម៉ូថេស្តីអំពី ក្រុមជំនុំ
៦ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នាមកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើង អំពីជំនឿ និង សេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថា អ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើង ដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ៧ដូច្នេះបងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ត ពីអ្នករាល់គ្នា ដោយសារជំនឿរបស់អ្នករាល់គ្នា ៨ដ្បិតឥឡូវនេះ យើងរស់ បើសិនអ្នករាល់គ្នាឈរមាំមួននៅក្នុងព្រះអម្ចាស់។
៩តើយើងអាច អរព្រះគុណព្រះជាម្ចាស់ដូចម្តេចអំពីអ្នករាល់គ្នា សម្រាប់គ្រប់ទាំងអំណរ ដែលយើងមានដោយសារអ្នករាល់គ្នា នៅចំពោះព្រះជាម្ចាស់របស់យើង? ១០យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។
១១សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូនៃយើង បើកផ្លូវឲ្យ យើងបានមកជួបអ្នករាល់គ្នា។ ១២សូមព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ច្រើនឡើង ហើយហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ ដូចដែលយើងបានស្រឡាញ់អ្នករាល់គ្នាដែរ ១៣និងសូមឲ្យព្រះអង្គពង្រឹងចិត្ដអ្នករាល់គ្នា ឲ្យមាំមួនឡើង ហើយបរិសុទ្ធ ឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ជាព្រះវរបិតា នៅពេលដែលព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងយាងមក ជាមួយពួកបរិសុទ្ធរបស់ព្រះអង្គ។ អាម៉ែន។