KCB - ១ ថែស្សាឡូនីច ២


១ ថែស្សាឡូនីច ២

លោកប៉ូលរំលឹកអំពីការមកសួរ សុខទុក្ខ

​បងប្អូន​អើយ! អ្នករាល់គ្នា​ដឹង​ ហើយ​ថា ការ​ដែល​យើង​មក​ឯ​អ្នករាល់គ្នា​នេះ​ មិន​មែន​ឥត​ប្រយោជន៍​ទេ​ គឺ​ដូច​ដែល​អ្នករាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា ក្រោយ​ពេល​ដែល​យើង​​រងទុក្ខ​លំបាក និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីពរួច​មក នោះ​យើង​មាន​សេចក្តី​​ក្លាហាន​ នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ដើម្បី​ប្រកាស​ប្រាប់​អ្នករាល់គ្នា ​អំពី​ដំណឹង​ល្អ​របស់​ព្រះអង្គ ទោះបី​មាន​ការ​តយុទ្ធយ៉ាង​ខ្លាំងក៏​ដោយ‍។

ដ្បិត​សេចក្ដី​ទូន្មាន​របស់​យើង មិន​មែន​មក​ពី​សេចក្ដី​បោកប្រាស់​ សេចក្ដី​ស្មោក​គ្រោក ឬ​ល្បិចកល​​​​ឡើយ ផ្ទុយទៅវិញ ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​​ផ្ទុក​ផ្ដាក់​ដំណឹង​ល្អ​ឲ្យយើង​ប្រកាស​យ៉ាង​ណា​ យើង​ក៏​ប្រកាស​យ៉ាង​នោះ​ គឺ​មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ ​គឺ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ដែលពិសោធ​ចិត្ត​របស់​យើង‍សព្វ​ព្រះហឫទ័យ​វិញ។ ​អ្នករាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ ឬ​មាន​ពុតដោយ​ព្រោះ​សេចក្តីលោភលន់​​ឡើយ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់ ហើយ​យើង​ក៏​មិន​បាន​រកការសរសើរ​ពី​មនុស្ស​ដែរ ទោះបី​ពី​អ្នករាល់គ្នា ឬ​ពី​អ្នក​ដទៃ​ក្តី។​

យើង​​អាច​អាង​សិទ្ធិ​​អំណាចដែលជា​សាវក​របស់‍ព្រះគ្រិស្ដ​ក៏​បាន​ដែរ ប៉ុន្តែ​យើង​ប្រព្រឹត្ដ​ស្លូត​បូត ​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា ​ប្រៀប​ដូច​ជា​ម្តាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។​ យើង​ស្រឡាញ់​​អ្នករាល់គ្នា​ខ្លាំង​ណាស់​ ​បាន​ជា​យើង​មិន​ត្រឹមតែ​ពេញ​ចិត្ត ប្រគល់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ ដល់​អ្នករាល់គ្នា​ប៉ុណ្ណោះ​​ទេ គឺ​ថែម​ទាំង ​ជីវិត​របស់​យើងទៀត​ផង ព្រោះ​អ្នករាល់គ្នា ​បាន​ត្រលប់​ជា​អ្នក​​ជា​ទី​ស្រឡាញ់​​របស់​យើង។

បងប្អូន​អើយ! អ្នករាល់គ្នា​ពិត​ជា​នៅ​​ចាំ​អំពី​ការ​លំបាក និង​ការ​នឿយ​ហត់​របស់​​យើង​មិន​ខាន គឺ​នៅពេល​យើង​ប្រកាស​ដំណឹង​ល្អ​ របស់​ព្រះជាម្ចាស់​ប្រាប់​អ្នករាល់គ្នា យើង​បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យយើង​ត្រលប់​ជា​បន្ទុក​ដល់​អ្នក​ណា​ម្នាក់ ​ក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ។ ១០អ្នករាល់គ្នា និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់ អំពី​របៀបដែល​យើង​ប្រព្រឹត្ដ​ចំពោះ​​អ្នករាល់គ្នា ​ដែល​ជា​​អ្នក​ជឿ ​គឺប្រព្រឹត្ត​ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​​បន្ទោស​បាន។ ១១​​អ្នករាល់គ្នា​ក៏​ដឹងដែរ​​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា​ ដូច​ជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន ១២​គឺយើង​បានទូន្មាន លើក​ទឹកចិត្ត ហើយ​​ជម្រុញ​អ្នករាល់គ្នា​ឲ្យរស់​នៅ​ តាមបែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់ ​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នករាល់គ្នា​មក​ក្នុង​នគរ និង​សិរីរុងរឿង​របស់​ព្រះអង្គ។​

១៣​យើង​​អរ​ព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ ដោយ​​ព្រោះ​ពេលដែល​​អ្នករាល់គ្នា​ បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស អ្នករាល់គ្នា​មិន​បាន​ទទួល ទុកជា​ពាក្យ​របស់​មនុស្ស​ទេ ផ្ទុយទៅវិញ​​ទុកជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ពិត​ប្រាកដ​មែន​ ដែល​ធ្វើការ​នៅ​ក្នុង​អ្នករាល់គ្នា​ដែល​ជឿ។​

១៤បងប្អូន​អើយ! អ្នករាល់គ្នា​បាន​យក​តម្រាប់​ តាម​ក្រុម​ជំនុំ​ទាំង​ឡាយ​​របស់ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នករាល់គ្នា​បាន​ទទួល​រងទុក្ខ​​​ ពី‍ជន​រួម​ជាតិ​របស់​ខ្លួន​ ដូច​ដែល​ក្រុម​ជំនុំ​ទាំង​នោះ ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​ ១៥ពួកគេ​បាន​សម្លាប់​ព្រះអម្ចាស់​យេស៊ូ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ព្រមទាំង​​​បៀត​បៀន​យើង​ទៀត​ផង។ ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់សព្វព្រះហឫទ័យទេ​ ហើយ​ទាស់​នឹង​មនុស្ស​ទាំងអស់ ១៦ពួកគេបាន​រារាំង​យើង​ មិន​ឲ្យ​ប្រកាស​​ដំណឹង​ល្អ​ប្រាប់​សាសន៍​ដទៃទេ​ ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​​ទទួល​បានសេចក្ដី​សង្គ្រោះ ពួកគេ​ធ្វើ​ដូច្នេះ បាប​របស់​ពួកគេ​កាន់​តែ​កើន​ឡើង​ជានិច្ច​ ហើយ​​នៅ​ទី​បំផុត សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ ​បាន​ធ្លាក់​មក​លើ​ពួកគេ។​

លោកប៉ូលចង់ជួបពួកអ្នក​ជឿ

១៧រីឯ‍យើង​វិញ បងប្អូន​អើយ! ទោះបី​យើង​ឃ្លាត​ពី​អ្នករាល់គ្នា ​មួយ​រយៈ​មែន ប៉ុន្ដែ​យើង​ឃ្លាត​​តែ​រូបកាយ​ប៉ុណ្ណោះ មិន​បាន​ឃ្លាត​ចិត្ត​ទេ ដូច្នេះ​ធ្វើ​ឲ្យយើង​កាន់ តែ​សង្វាត​ ចង់​ជួប​មុខ​អ្នករាល់គ្នា​យ៉ាង​ខ្លាំង​ ១៨ហេតុនេះ​ហើយ​បានជា​យើង​ចង់​មក​ឯ​អ្នករាល់គ្នា​ណាស់ ខ្ញុំ​ប៉ូលចង់​មក​ឯ​អ្នករាល់គ្នា​មួយ​លើក​ពីរ​លើក​ហើយ​ តែ​អារក្ស​សាតាំង​បាន​រារាំង​យើង ១៩​ដ្បិត​តើ​អ្នក​ណា​ជាសេចក្ដី​​សង្ឃឹម និង​ជា​​អំណរ ឬ​ជា​មកុដ​ ដែល​នាំ​ឲ្យយើង​មាន​​មោទនភាព នៅ​ចំពោះ​​​ព្រះអម្ចាស់​​យេស៊ូ​ ​នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍? តើ​មិន​មែន​អ្នករាល់គ្នា​ទេ‍ឬ? ២០ព្រោះ​​អ្នករាល់គ្នា​​ជា​សិរី​​រុងរឿង និង​ជា​អំណរ​របស់​យើង​មែន‍។

១ ថែស្សាឡូនីច ២