១ ពេត្រុស ៥
ដំបូន្មានសម្រាប់ចាស់ទុំ និងមនុស្ស វ័យក្មេង
៥ក្នុងនាមជា ចាស់ទុំដូចគ្នា ហើយជាសាក្សី អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងជាអ្នកមានចំណែកក្នុងសិរីរុងរឿង ដែលនឹងបង្ហាញឲ្យឃើញ ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា ២ចូរឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់ ដែលនៅជាមួយអ្នករាល់គ្នា ក្នុងនាមជាអ្នកមើលខុសត្រូវ មិនមែនដោយបង្ខំ ប៉ុន្ដែដោយចិត្តចង់ដែលស្របតាមបំណងរបស់ព្រះជាម្ចាស់ ហើយមិនមែន ដោយចង់បានកម្រៃទេ ប៉ុន្ដែដោយស្ម័គ្រចិត្ត ៣មិនមែនត្រួតត្រាលើពួកអ្នក ដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ត្រូវធ្វើជាគំរូដល់ហ្វូងចៀម ៤ដ្បិតនៅពេលមេអ្នកគង្វាលបង្ហាញខ្លួន អ្នករាល់គ្នានឹងទទួលបានមកុដនៃសិរីរុងរឿង ដែលមិនសាបសូន្យឡើយ។
៥រីឯបុរសក្មេងៗវិញ ក៏ដូច្នេះដែរ ចូរចុះចូលជាមួយចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នា ត្រូវបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។ ៦ដូច្នេះ ចូរបន្ទាបខ្លួននៅក្រោមព្រះហស្ត ដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងអ្នករាល់គ្នា នៅពេលកំណត់មកដល់។ ៧ចូរប្រគល់គ្រប់ទាំងការខ្វល់ខ្វាយរបស់អ្នករាល់គ្នា ដល់ព្រះអង្គ ដ្បិតព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
៨ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នា ដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ ដើម្បីត្របាក់ស៊ីទៀតផង។ ៩ចូរប្រឆាំងនឹងវាដោយជំនឿមាំមួន ទាំងដឹងថា បងប្អូនរបស់អ្នករាល់គ្នាដែលនៅក្នុងពិភពលោកនេះ ក៏ជួបការរងទុក្ខលំបាកដូចគ្នាដែរ។ ១០បន្ទាប់ពី អ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាង ដែលបានត្រាស់ហៅ អ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។ ១១សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្តា អស់កល្បជានិច្ច អាម៉ែន។
ពាក្យផ្ដាំផ្ញើចុងក្រោយពីលោកពេត្រុស
១២ខ្ញុំបានសរសេរខ្លីៗ ផ្ញើមកអ្នករាល់គ្នាតាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ម្នាក់ គឺដើម្បីលើកទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណពិតប្រាកដរបស់ព្រះជាម្ចាស់ ដូច្នេះចូរឈរមាំមួននៅក្នុងព្រះគុណនេះចុះ។ ១៣ក្រុមជំនុំនៅស្រុកបាប៊ីឡូន ដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនប្រុសរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ១៤ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបកើតពីចិត្តស្រឡាញ់ សូមឲ្យអ្នកទាំងអស់គ្នាដែលនៅក្នុងព្រះគ្រិស្ដ បានប្រកបដោយសេចក្តីសុខសាន្ត៕