KCB - ១ ពេត្រុស ៤


១ ពេត្រុស ៤

រស់​នៅ​ដើម្បីព្រះជាម្ចាស់

ដូច្នេះ​ ដោយ​ព្រះគ្រិស្ដ​បាន​ រងទុក្ខ​ខាង​សាច់​​ឈាម​រួច​ហើយ នោះ​អ្នករាល់គ្នា​ផ្ទាល់ ​​​​ក៏​ត្រូវ​មាន​គំនិត​ដូច្នោះ​​ដែរ ទុក​ជា​គ្រឿង​សឹក​ ព្រោះ​អ្នក​ណា​​ដែល​បាន​រងទុក្ខ​ខាង​សាច់​ឈាម អ្នកនោះ​ ​​ឈប់​​ពាក់​ព័ន្ធនឹង​​បាប​ទៀត​ហើយ​ ដើម្បី​ឲ្យពេលរស់នៅខាងសាច់ឈាមតទៅ​មុខ​ទៀត​នេះ​​ លែង​រស់នៅ​តាម​​​សេចក្តី​ប៉ង​ប្រាថ្នា​ របស់​មនុស្ស​ទៀត ប៉ុន្ដែរស់នៅ​តាម​បំណង​​​របស់​ព្រះជា​ម្ចាស់​វិញ។​ រយៈ​​ពេល​កន្លង​មក​​​ដែល​​អ្នក​រាល់​គ្នា​ បាន​​ប្រព្រឹត្ត​តាម​បំណង​របស់​​សាសន៍​ដទៃ​ដូចជា ការ​ល្មោភ​កាម​សេចក្តី​ប៉ង​ប្រាថ្នា​អាក្រក់​​ ប្រមឹក ស៊ីផឹក​អ៊ូអែ ​ប្រកួត​គ្នា​ផឹក​ និង​ថ្វាយបង្គំ​រូប​ព្រះ​ដែល​គួរឲ្យស្អប់ នោះល្មម​ហើយ។​

ពួកគេងឿង​ឆ្ងល់​ ដែល​អ្នក​រាល់​គ្នា​មិន​រត់​តាម ​សេចក្ដី​ខិលខូច​ហួស​​ហេតុ​ដូច​ពួកគេ​ ដូច្នេះ​ក៏និយាយប្រមាថ​​អ្នករាល់គ្នា ប៉ុន្ដែ​​ពួកគេ​នឹង​ត្រូវរាយរាប់ប្រាប់​ព្រះ​មួយ​អង្គ​ ​ដែលបាន​​ត្រៀម​ជំនុំជម្រះ​ ទាំង​មនុស្ស​រស់ និង​មនុស្ស​​​ស្លាប់។​ ហេតុនេះ​ហើយ​ បានជា​ដំណឹង​ល្អ​​ ត្រូវ​បានប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ ដើម្បី​ឲ្យ​គេ​ជាប់​ជំនុំ​ជម្រះ​ដូច​មនុស្ស​​ខាង​ឯ​សាច់​ឈាម​​ ប៉ុន្ដែ​ឲ្យគេ​មានជីវិត​ខាង​ឯ​វិញ្ញាណ ​ដូច​​ព្រះជា​ម្ចាស់​វិញ។​

ឥឡូវ​នេះ ទី​បញ្ចប់​នៃ​អ្វីៗ​ទាំងអស់​ជិត​មក​ដល់​ហើយ ដូច្នេះ ចូរ​មាន​​គំនិត​ត្រឹម​ត្រូវ​​ ហើយកុំភ្លេច​ខ្លួន​នឹង​​អធិស្ឋាន​ឡើយ។ មុនដំបូងបង្អស់ ចូរ​ឲ្យ​អ្នក​រាល់​គ្នាស្រឡាញ់​​​គ្នា​ទៅវិញ​ទៅមក​ យ៉ាង​អស់​ពី​ចិត្ត​ ព្រោះ​សេចក្តីស្រឡាញ់​​គ្រប​បាំង​​បាប​ដ៏​ច្រើន​សន្ធឹក។ ចូរ​ចេះ​​រាក់​ទាក់​គ្នា​ទៅ​វិញ​​ទៅមក ​ដោយ​​ឥត​ត្អូញត្អែរ​ឡើយ​​ ១០ចូរបម្រើ​គ្នា​ទៅវិញ​ទៅមក​ទៅ​តាម​អំណោយ​ទាន​ ដែល​ម្នាក់ៗ​បាន​ទទួល ទុក​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​​ដ៏​ល្អ​លើព្រះគុណផ្សេងៗ​ របស់ព្រះជាម្ចាស់។​ ១១បើ​អ្នកណា​និយាយ ចូរ​និយាយ​ ​ដូចជា​កំពុង​និយាយ​​ព្រះបន្ទូល​របស់​ព្រះ​ជា​ម្ចាស់ បើ​អ្នកណា​បម្រើ ចូរ​បម្រើ​តាម​កម្លាំង​ ដែល​ព្រះជា​ម្ចាស់​ផ្គត់ផ្គង់ឲ្យ ដើម្បី​ឲ្យព្រះជា​ម្ចាស់​​បាន​​តម្កើង​ឡើង​ ក្នុង​គ្រប់​ការ​ទាំងអស់​តាម​រយៈ​ព្រះ​យេស៊ូ​គ្រិស្ដ ​ដែល​​​ព្រះអង្គ​មាន​សិរី​រុង​រឿង​ និង​ព្រះ​ចេស្តា​អស់កល្ប​ជានិច្ច​ អាម៉ែន។​

សេចក្ដីរងទុក្ខ​របស់គ្រិស្ដបរិស័ទ​

១២បងប្អូន​ជា​ទីស្រឡាញ់​​អើយ! ចូរ​អ្នករាល់គ្នា​កុំ​ប្លែក​ចិត្ត ​នឹង​សេចក្ដីល្បួង​​ដ៏ឈឺចាប់​​ ដែល​​កំពុង​កើត​មាន​ក្នុងចំណោម​អ្នករាល់គ្នា ​​ប្រៀប​​​ដូចជា​​រឿង​​ចម្លែកមួយកើតឡើង​​ ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ១៣ផ្ទុយទៅវិញ​ ចូរ​មាន​អំណរ​​ ពីព្រោះ​​​​អ្នករាល់គ្នា​ មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​​របស់​ព្រះគ្រិស្ដ ដើម្បី​ឲ្យអ្នក​រាល់​គ្នា​​មាន​អំណរ​​ ហើយ​រីករាយ​​ជា​ខ្លាំង​​ នៅពេល​ព្រះ​អង្គបង្ហាញ​​សិរីរុងរឿង​របស់ព្រះអង្គ។​

១៤បើ​អ្នក​រាល់​គ្នា ត្រូវគេដៀល​ត្មះ​ ដោយ​ព្រោះ​ព្រះនាម ​របស់​ព្រះគ្រិស្ដ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ព្រះវិញ្ញាណ​ប្រកប​ដោយ​​សិរី​​រុងរឿង ដែល​ជា​ព្រះវិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​​សណ្ឋិត​លើ​អ្នករាល់គ្នា។​ ១៥ដូច្នេះកុំ​ឲ្យមាន​​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា ត្រូវរងទុក្ខ​ដោយ​ព្រោះ​តែ​ជា​​ឃាតករ​ ជា​​ចោរ ជា​អ្នកប្រព្រឹត្ត​​អាក្រក់ ឬ​ជា​​អ្នក​ជ្រៀតជ្រែក​បញ្ហា​របស់​អ្នកដទៃ​ឡើយ​ ១៦ប៉ុន្ដែ​បើ​ត្រូវរងទុក្ខ ​ដោយព្រោះ​តែជា​គ្រិស្ដ​បរិស័ទ នោះ​ចូរ​កុំ​ខ្មាស​ឡើយ​ ផ្ទុយ​ទៅវិញ ​ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដោយ​​ព្រោះ​តែ​​ឈ្មោះ​​នេះ​ចុះ​ ១៧ដ្បិត​ពេល​វេលា​ជំនុំជម្រះ​ ត្រូវ​​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះជាម្ចាស់​ ហើយ​បើ​​ការ​ជំនុំជម្រះ​ ចាប់​ផ្តើម​ពី​យើង​មុន​គេនោះ តើ​ទី​បញ្ចប់​របស់​ពួក​អ្នក​​មិនជឿ​ដំណឹង​​ល្អ​របស់​ព្រះជាម្ចាស់ ​​ទៅ​ជា​​យ៉ាងណាវិញ​​? ​១៨បើ​មនុស្ស​សុចរិត​ទទួល​​បាន​​សេចក្ដី​​សង្គ្រោះ ​ដោយ​ពិបាក​ទៅ​ហើយ តើ​ពួក​អ្នក​​​មិន​គោរពកោតខ្លាច​ព្រះជាម្ចាស់ និង​​ពួក​មនុស្ស​បាប​នឹង​លេចមក​នៅកន្លែង​ណា​?​ ១៩ដូច្នេះ អ្នក​ដែល​​រងទុក្ខ​ តាម​បំណង​របស់ព្រះជា​ម្ចាស់​​ ត្រូវ​ប្រគល់​ព្រលឹង​របស់​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​ស្មោះ​ត្រង់ ដែល​បង្កើត​អ្វីៗ​ទាំង​អស់​ ទាំង​​ប្រព្រឹត្ត​ការ​ល្អ​ចុះ។

១ ពេត្រុស ៤