KCB - ១ ពេត្រុស ១


១ ពេត្រុស ១

១ ពេត្រុស

ពាក្យ​ជម្រាប​សួរ​ពី​លោកពេត្រុស​

ខ្ញុំ​ ពេត្រុស​ ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​​ ជូន​ចំពោះ​ពួក​អ្នក​ ដែល​ព្រះជា​ម្ចាស់​​បាន​ជ្រើសរើស ហើយ​បាន​​បែកខ្ញែក​គ្នា​​ ទៅ​ស្នាក់​នៅ​បណ្ដោះ អាសន្ន​នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ាដូគា ស្រុក​អាស៊ី និង​ស្រុក​​ប៊ីធូនា​ ស្របតាម​គោល​បំណង​​របស់​ព្រះជា​ម្ចាស់​ដ៏​ជា​ព្រះវរបិតា ដែលបានកំណត់ទុក គឺ​ជា​ពួក​អ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ ​របស់ព្រះវិញ្ញាណដើម្បី​ឲ្យ​​អ្នករាល់គ្នា ​ស្តាប់​បង្គាប់​ព្រះ​យេស៊ូ​គ្រិស្ដ​ និងទទួលបាន​ការប្រោះ​ឈាមរបស់​​ព្រះ​អង្គ។ សូម​ឲ្យអ្នករាល់គ្នា​បាន​ប្រកប​​ដោយ​ព្រះគុណ និង​សេចក្តី​សុខសាន្ត​កាន់​តែ​ច្រើន​ឡើងៗ។​

សេចក្ដីសង្ឃឹម​អំពីជីវិតអស់​កល្ប ជានិច្ច​

គួរ​សរសើរ​ព្រះជាម្ចាស់​​ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​បាន​បង្កើត​​យើងជា​ថ្មី​ ស្រប​តាម​សេចក្តី​មេត្តាករុណា ​ដ៏​លើស​​លប់​របស់​ព្រះអង្គដើម្បី​ឲ្យយើង​បាន​ចូលទៅក្នុង​​សេចក្តី​សង្ឃឹម​ដ៏​រស់​ តាមរយៈ​ការ​រស់​ពីការ​សោយទិវង្គត​​ឡើង​វិញ​របស់​​​ព្រះ​យេស៊ូ​គ្រិស្ដ​ និង​​ដើម្បី​ឲ្យយើង​ទទួល​បាន​កេរ្ដិ៍​មរតក ដែល​​​មិន​ចេះ​ពុករលួយ ឥត​សៅហ្មង ហើយ​មិន​ចេះ​ស្រពោន​ឡើយ ជា​កេរ្ដិ៍មរតក​ដែល​ព្រះជាម្ចាស់​បម្រុង​ទុកនៅ​ស្ថានសួគ៌សម្រាប់ ​អ្នករាល់គ្នា​ គឺ​អ្នករាល់គ្នាដែល​​​ព្រះជា​ម្ចាស់កំពុង​តែ​ថែរក្សា ដោយអំណាច​របស់ព្រះអង្គ​ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដី​​សង្គ្រោះ ដែលបាន​រៀបចំ​ជាស្រេច​ ដើម្បី​បើក​​សំដែង​នៅ​គ្រា​​ចុង​ក្រោយ។​

ហេតុនេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង ទោះ​​​ជា​ពេល​នេះ អ្នករាល់គ្នា​ត្រូវ​រង​ទុក្ខ​លំបាកមួយ​រយៈ​ពេល​ខ្លី​ ដោយសារ​សេចក្តី​​ល្បួង​ផ្សេងៗក្ដី​ ក៏ដើម្បីឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​ដែល​វិសេស​ជាង​មាស ​ដែលតែងតែខូច​ ទោះបី​បាន​សាក​ដោយសារ​ភ្លើង​ក៏ដោយ​ ឃើញថា​ស្មោះត្រង់ និង​​បាន​ទទួល​ការ​សរសើរ​ សិរីរុងរឿង​ និង​កិត្តិយស ​នៅថ្ងៃដែលព្រះយេស៊ូ​គ្រិស្ដ​យាង​មក។

​អ្នករាល់គ្នា ​មិន​បាន​​ឃើញ​ព្រះ​អង្គ​ទេ ប៉ុន្ដែ​ស្រឡាញ់​​ព្រះ​អង្គ ហើយ​ទោះបី​ពេលនេះ អ្នករាល់គ្នា​មិន​ទាន់​បាន​​ឃើញ​ព្រះ​អង្គ​​ក៏​ដោយ ក៏​អ្នករាល់គ្នា​​​ជឿ​ព្រះអង្គ​ ទាំង​មាន​អំណរ​ដ៏​​រក​ថ្លែង​ពុំ​បាន និង​ជា​អំណរ​ដ៏រុងរឿង​​ ព្រោះ​​អ្នករាល់គ្នា​​ទទួល​បាន លទ្ឋផល​នៃ​ជំនឿ​របស់​​អ្នករាល់គ្នា ដែល​ជា​​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​​របស់​អ្នក​រាល់​គ្នា។

១០ចំពោះសេចក្ដីសង្គ្រោះនោះ ពួកអ្នកនាំព្រះបន្ទូល ដែលបានថ្លែងអំពីព្រះគុណសម្រាប់អ្នករាល់គ្នា បានខំស្វែង​រក​ និងស្រាវជ្រាវ​ ១១ព្រមទាំង​ស្វែងយល់​ឲ្យ​បាន​ដឹង​អំពី​ពេល​វេលា​​ ឬ​កាលៈ​ទេសៈបែប​ណា ​​ដែល​នឹង​កើត​ឡើង​សម្រាប់​សេចក្តីបន្ទាល់ ដែល​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រិស្ដ​​​ គង់​នៅក្នុង​​ពួកគេ​​ប្រាប់ជា​មុន​យ៉ាង​ច្បាស់​ អំពី​ការ​រងទុក្ខ​របស់​ព្រះ​គ្រិស្ដ និង​​សិរី​រុង​រឿង​​ដែល​ត្រូវ​មក​តាម​ក្រោយ។

១២ពួកគេបាន​ទទួល ការបើក​សំដែង​​អំពីសេចក្ដីទាំងនោះ មិន​មែន​សម្រាប់​ពួកគេទេ គឺសម្រាប់​បម្រើ​អ្នករាល់គ្នា​វិញ​ ​ជា​សេចក្ដី​​ដែល​​ពួក​អ្នក​ប្រកាស​​ដំណឹង​​ល្អ​ បាន​ប្រកាស​ប្រាប់​​​​​អ្នក​រាល់​គ្នា​​​នៅ​ពេល​ឥឡូវ​នេះ ​ដោយសារ​​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​​បាន​ចាត់មក​​ពី​​ស្ថានសួគ៌​​ ហើយ​​ពួក​ទេវតា​​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​​ដែរ។

ការ​ត្រាស់ហៅ​ឲ្យរស់​នៅ​ដោយ​បរិសុទ្ធ

១៣ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ប្រុងប្រៀប​ចិត្ត​​គំនិត​ជា​ស្រេច​ កុំ​​ភេ្លច​ខ្លួន​ឲ្យសោះ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង ​លើ​ព្រះគុណ ដែល​នឹង ​ប្រទាន​មក​អ្នក​រាល់​គ្នានៅពេល​ព្រះ​យេស៊ូ​គ្រិស្ដ​លេច​មក‍ ​១៤ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​​សេចក្តី​ប៉ង​ប្រាថ្នា ​ដែល​អ្នករាល់គ្នា​ធ្លាប់​​មាន​ កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ ១៥ប៉ុន្ដែ​ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ខាង‍ឯ​ការប្រព្រឹត្តិ​ទាំង​អស់​​ ​ដូច​ព្រះអង្គដែល​បាន​​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​បរិសុទ្ធ។​ ១៦ដ្បិត​មាន​សេចក្ដី​ចែង​ទុក​​ថា៖ «ចូរ​ឲ្យអ្នករាល់គ្នា​បាន​បរិសុទ្ធ ព្រោះ​យើង​​បរិសុទ្ធ»។​

១៧បើ​អ្នករាល់គ្នា​ហៅ ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ ទៅតាម​​ការ​​ប្រព្រឹត្តិ​ឥត​យល់​​​មុខ​អ្នក​ណា​ឡើយថា ព្រះវរបិតា នោះ ចូរ​រស់នៅដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ ស្នាក់​នៅ​ក្នុង​ជីវិត​នេះចុះ​ ១៨​ទាំង​ដឹង​ថា អ្នករាល់គ្នាបាន​ទទួលការ​​លោះ​​​ឲ្យរួច​ពី ​កិរិយា​ឥត​ប្រយោជន៍​​ ដែល​បន្ដ​ពី​ដូនតា​របស់​អ្នករាល់គ្នា​នោះ មិន​មែន​​ដោយ​របស់​ដែល​ត្រូវពុករលួយ​ដូច​ជា​​មាស ឬ​ប្រាក់​ឡើយ​ ១៩គឺ​បាន​លោះ​ដោយសារ​​ឈាម​​ដ៏​វិសេស​របស់​ព្រះ​គ្រិស្ដ​​ ​ដែល​ជា​កូន​ចៀម​​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម​ ២០ដែល​បាន​ជ្រើសរើស​ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​​ នៅ​គ្រា​ចុង​ក្រោយ​នេះ ​សម្រាប់​អ្នករាល់គ្នា។​

២១តាម​រយៈ​​ព្រះអង្គ អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​អង្គ​​ឲ្យរស់​ពីការសោយទិវង្គត​ឡើង​វិញ ព្រមទាំង​ប្រទាន​សិរី​រុង​រឿង​​ដល់​ព្រះ​អង្គដើម្បី​ឲ្យអ្នក​រាល់គ្នា​មាន​ជំនឿ​ និងមាន​សេចក្ដីសង្ឃឹមលើ​ព្រះជាម្ចាស់។​

២២អ្នក​រាល់​គ្នា​បាន​ជម្រះ​​ចិត្ដ​របស់​ខ្លួន​ឲ្យបាន​បរិសុទ្ធ ​ដោយ​ស្តាប់​​​បង្គាប់​​​តាម​សេចក្ដី​ពិតដើម្បី​ឲ្យ​មាន​សេចក្ដីស្រឡាញ់​​ជា​បងប្អូន ​ដែល​ឥត​ពុត​ត្បុត​ គឺ​ត្រូវស្រឡាញ់​​គ្នា​ ទៅវិញ​ទៅមក​យ៉ាងខ្លាំង​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​ ២៣ដ្បិត​​អ្នករាល់គ្នា​បាន​កើត​ជា​ថ្មី មិន​​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ ប៉ុន្ដែពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​ គឺជា​​​ព្រះបន្ទូលដ៏​រស់​ និង​ដ៏នៅស្ថិតស្ថេរ​របស់​ព្រះជា​ម្ចាស់។ ២៤ដ្បិត​មនុស្ស​ទាំងអស់​ប្រៀប​ដូចជា ​ស្មៅ ហើយ​សិរី​រុង​រឿង​​របស់​ពួកគេ ​ប្រៀប​​ដូចជា​ផ្កា​ស្មៅ​ដែរ។​ ពេល​​ស្មៅ​ក្រៀម​ស្វិត នោះ​ផ្កា​ស្មៅក៏​រុះ​រោយ​ទៅ ២៥ប៉ុន្ដែ​ព្រះ​បន្ទូល​របស់​ព្រះ​អ​ម្ចាស់​ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ហើយព្រះ​បន្ទូល​នេះ​ជា​ដំណឹង​ល្អ​ ដែល​បាន​ប្រកាស​មក​អ្នក​​រាល់គ្នា។

១ ពេត្រុស ១