១ យ៉ូហាន ៥
ជំនឿនៅក្នុងព្រះរាជបុត្រារបស់ ព្រះជាម្ចាស់
៥អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គ ដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។ ២ដោយរបៀបនេះហើយដែលយើងដឹងថា យើងស្រឡាញ់កូនៗរបស់ព្រះជាម្ចាស់ គឺនៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមបញ្ញត្តិរបស់ព្រះអង្គ។ ៣ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ហើយបញ្ញត្តិរបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ ៤ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះ ដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។ ៥តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
៦ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកដោយទឹក និងឈាម ហើយមិនមែនតែទឹកប៉ុណ្ណោះទេ គឺមានទាំងទឹក និងឈាម រីឯព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។ ៧ដ្បិតមានបីដែលធ្វើបន្ទាល់ ៨គឺព្រះវិញ្ញាណ ទឹក និងឈាម ហើយទាំងបីនេះធ្វើបន្ទាល់តែមួយទេ។ ៩បើយើងទទួលស្គាល់ សេចក្ដីបន្ទាល់របស់មនុស្សទៅហើយ នោះសេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់វិសេសជាងទៅទៀត ដ្បិតនេះជា សេចក្ដីបន្ទាល់របស់ព្រះជាម្ចាស់ គឺព្រះអង្គបានធ្វើបន្ទាល់អំពី ព្រះរាជបុត្រារបស់ព្រះអង្គ។ ១០អ្នកណាដែលជឿលើ ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះ មានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណា ដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពី ព្រះរាជបុត្រារបស់ព្រះអង្គ ១១ហើយនេះជាសេចក្ដីបន្ទាល់ គឺថាព្រះជាម្ចាស់ បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះមាននៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។ ១២អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។
សេចក្ដីបញ្ចប់
១៣ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។ ១៤នេះជាសេចក្ដីក្លាហានដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងសុំអ្វី តាមបំណងរបស់ព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ ១៥បើយើងដឹងថា ព្រះអង្គស្តាប់យើងគ្រប់អ្វីដែលយើងសុំ នោះយើងក៏ដឹងដែរថា យើងបានអ្វី ដែលយើងសុំពីព្រះអង្គហើយ។
១៦បើអ្នកណាឃើញ បងប្អូនខ្លួនប្រព្រឹត្តបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។ ១៧គ្រប់ទាំងអំពើទុច្ចរិតជាបាប ហើយក៏មានបាប ដែលមិនបណ្ដាលឲ្យស្លាប់ដែរ។
១៨យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្តបាបឡើយ ព្រោះព្រះអង្គ ដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំង មិនប៉ះពាល់អ្នកនោះបានឡើយ។ ១៩យើងដឹងថា យើងមកពីព្រះជាម្ចាស់ រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោម អំណាចរបស់អារក្សសាតាំង ២០ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។ ២១កូនតូចៗអើយ! ចូររក្សាខ្លួនឲ្យផុតពីការថ្វាយបង្គំរូបព្រះ៕