KCB - ១ យ៉ូហាន ៤


១ យ៉ូហាន ៤

ការ​ស្គាល់​អ្នកនាំ​ព្រះបន្ទូលក្លែងក្លាយ​

បងប្អូន​ ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​​​ ដើម្បី​ឲ្យ​ដឹង​ថា​​មក​ពី​ព្រះជាម្ចាស់ ឬ​មិនមែន ពីព្រោះ​ មាន​អ្នកនាំ​ព្រះ​បន្ទូល​​ក្លែងក្លាយ​ជា​ច្រើន​ បាន​ចេញ​ ទៅ​ក្នុង​ពិភព​​លោក​នេះ​ហើយ​ យើង​​ស្គាល់​វិញ្ញាណ​ របស់​ព្រះជាម្ចាស់ បាន​ដោយ​របៀបនេះ គឺវិញ្ញាណ​​ទាំងឡាយណា​ ដែល​ទទួលស្គាល់​ថា​ ព្រះ​យេស៊ូ​​គ្រិស្ដ ​បាន​យាង​មក​ក្នុង​សាច់​ឈាម វិញ្ញាណ​​នោះ​ហើយ​ដែល​មក​ពី​ព្រះជាម្ចាស់​ ប៉ុន្ដែ​វិញ្ញាណ​ទាំង​ឡាយ​​ណា​ ដែល​មិន​ទទួលស្គាល់​ព្រះ​យេស៊ូ​ វិញ្ញាណ​​នោះ​ ​មិន​មែន​មក​​ពី​ព្រះជាម្ចាស់​ទេ គឺជា​វិញ្ញាណ​របស់​អ្នក​ប្រឆាំងព្រះគ្រិស្ដ​ ដែលអ្នករាល់គ្នាបាន​ឮ​ថា​នឹងមក​​ ឥឡូវ​នេះ គេ​​​នៅ​ក្នុង​ពិភព​លោក​នេះ​ស្រាប់‍ហើយ។​

កូន​តូចៗ​អើយ! ​អ្នករាល់គ្នា​មក​ពី​ព្រះជាម្ចាស់ ​ហើយ​អ្នករាល់គ្នាក៏​ឈ្នះ​ពួកគេ​​​​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​​អ្នករាល់គ្នា ​ធំ​ជាង​ម្នាក់​ដែល​នៅក្នុង​លោកិយ​នេះ។​ ពួកគេ​មក​ពី​លោកិយ បានជា​និយាយ​រឿង ​របស់​លោកិយ ហើយ​លោកិយ​ក៏​ស្តាប់​ពួកគេ​ដែរ។​ រីឯ​​យើង​វិញ​យើង​​​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នកណា​ដែល​ស្គាល់​​ព្រះជាម្ចាស់ អ្នកនោះ​ក៏​ស្តាប់​យើង​ដែរ ប៉ុន្ដែ​​អ្នកណា​ដែល​មិន​មក​ពី​ព្រះជាម្ចាស់ អ្នក​នោះ​​មិន​ស្តាប់​យើង​ឡើយ ដូច្នេះហើយ​បាន​​ជា​​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​ការបោកប្រាស់។​

ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​

បង​ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដ្បិត​សេចក្ដី​ស្រឡាញ់​​ មក​ពី​ព្រះជាម្ចាស់ ហើយអស់អ្នក​ ដែល​​មាន​សេចក្ដី​ស្រឡាញ់ នោះ​កើត​មក​ពី​ព្រះ​ជាម្ចាស់ ព្រម​ទាំងស្គាល់​ព្រះជាម្ចាស់​ដែរ​ ប៉ុន្ដែ​អ្នកណា​ ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​នោះ​​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ព្រោះ​ព្រះជាម្ចាស់​ជា​​សេចក្ដី​ស្រឡាញ់។​ ព្រះជាម្ចាស់បាន​បង្ហាញ ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​​យើងដោយ​របៀប​នេះ គឺ​ព្រះអង្គ​បាន​ចាត់ ​ព្រះរាជបុត្រា​តែមួយរបស់​ព្រះ​អង្គ​​ ឲ្យ​មក​ក្នុង​ពិភពលោក​នេះ ដើម្បី​ឲ្យ​យើង​មាន​​ជីវិត ​​ដោយ​​សារ​ព្រះរាជបុត្រា​នោះ។​ ១០​​​សេចក្ដី​ស្រឡាញ់​គឺ​បែប​​​នេះ​ គឺ​មិនមែន​យើងទេ​ដែល​បានស្រឡាញ់​ព្រះជាម្ចាស់ ប៉ុន្ដែ​ព្រះជាម្ចាស់​ទេ​តើដែលបាន​ស្រឡាញ់​យើង ហើយបាន​ប្រទាន ​​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ធ្វើ​​ជា​យញ្ញបូជា​ប្រោស​​លោះ​ ​សម្រាប់​បាប​របស់​យើង។​

១១បងប្អូន​ជា​ទី​ស្រឡាញ់​​អើយ!​ បើ​ព្រះជាម្ចាស់​ ស្រឡាញ់​យើង​ដល់​ម្ល៉េះ​ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ ទៅវិញ​ទៅមក​​​ដែរ។​ ១២គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះ​ជា​ម្ចាស់​ឡើយ ប៉ុន្ដែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក នោះ​ព្រះជាម្ចាស់​គង់នៅ​ក្នុង​យើង​ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​គ្រប់លក្ខណ៍​ នៅក្នុង​យើង។​ ១៣ដោយរបៀប​នេះ ​យើង​ដឹង​ថា យើង​នៅ​ជាប់​នឹង​​ព្រះ​អង្គ ហើយ​ព្រះអង្គ​ក៏​នៅជាប់នឹង​​យើងដែរ​ ព្រោះ​ព្រះអង្គ​បាន​​ប្រទាន​ ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដល់​​យើង​ ១៤ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា​ ឲ្យ​មកធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក ១៥អ្នក​ណា​ដែល​ទទួលស្គាល់​ថា​ ព្រះ​យេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​​គង់​នៅ​ក្នុង​អ្នកនោះ ហើយអ្នកនោះ​ក៏​នៅក្នុង​ព្រះជាម្ចាស់​ដែរ។​ ១៦យើង​បាន​ស្គាល់ ព្រមទាំង​បាន​​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ ដែល​ព្រះ​ជា​ម្ចាស់​មាន​ដល់​យើង‍។ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ រីឯ​​​​អ្នកណា​ ដែល​នៅជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នកនោះ​ក៏​នៅ​ជាប់​នឹង​ព្រះជា​ម្ចាស់ ហើយ​ព្រះជា​ម្ចាស់​ក៏​គង់នៅ​ក្នុង​អ្នកនោះ​ដែរ។ ១៧ដោយរបៀប​នេះ​ សេចក្ដី​ស្រឡាញ់​បាន​គ្រប់​លក្ខណ៍​ នៅក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដីក្លាហាននៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះអង្គជា​យ៉ាង​ណា​ យើង​ក៏​ដូច​ជា​ព្រះអង្គ​ដែរ​នៅក្នុងលោកិយ​នេះ។​ ១៨នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ដែល​គ្រប់​លក្ខណ៍​កម្ចាត់​សេចក្ដី​ភ័យខ្លាច​ ពី​​ព្រោះ​សេចក្ដី​ភ័យ​ខ្លាច ​ជាប់​មាន​​ការដាក់​ទោស ដូច្នេះ​អ្នកណា​ដែល​មាន​សេចក្ដី​ភ័យខ្លាច អ្នកនោះ​មិន​​ទាន់​​គ្រប់​លក្ខណ៍នៅក្នុងសេចក្ដី​ស្រឡាញ់​ទេ។​ ១៩រីឯ​​យើងវិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជាមុន។​ ២០បើ​អ្នកណា​និយាយ​ថា ខ្ញុំស្រឡាញ់​ព្រះជាម្ចាស់ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​​ អ្នកនោះ​ជា​អ្នក​កុហក​ហើយ ដ្បិត​អ្នកដែលមិន​ស្រឡាញ់​បងប្អូន ដែល​​ខ្លួន​​មើល​ឃើញ ​នោះ​មិន​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ ដែល​ខ្លួន​មើល​មិន​ឃើញបាន​ឡើយ។​ ២១នេះ​ជា​​បញ្ញត្តិ​ដែល​យើង​បាន​ទទួល​ពី​ព្រះ​អង្គ​មក គឺអ្នក​ណាដែល​ស្រឡាញ់​ព្រះជា​ម្ចាស់ ​នោះត្រូវ​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។

១ យ៉ូហាន ៤