KCB - ១ យ៉ូហាន ៣


១ យ៉ូហាន ៣

ការ​រស់​នៅ​ជា​កូន​របស់ព្រះជាម្ចាស់​

មើល៍​ ព្រះវរបិតាប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវ​​បាន​​ហៅ​ថា​​ជា​​កូន​​របស់​ព្រះអង្គ ហើយ​យើង​​ជា​កូន​របស់​ព្រះអង្គ​មែន ដូច្នេះ​ហើយ​បាន​ជា​លោកិយ​មិន​ស្គាល់​យើង ព្រោះ​គេ​​មិន​ស្គាល់​ព្រះអង្គ។​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ឥឡូវ​នេះ យើង​ជា​កូន​របស់​ព្រះជាម្ចាស់ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាងណា​នោះ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ‍។ យើង​ដឹង​ថា នៅពេល​​ព្រះអង្គលេច​មក យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​​យ៉ាងណា យើង​នឹង​ឃើញ​​ព្រះអង្គយ៉ាងនោះ​ហើយ។​ អស់អ្នក​​​ដែល​មាន​​សង្ឃឹម​លើ​ព្រះអង្គ​ដូច្នេះ នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​​បរិសុទ្ធ​ ដូច​ជា​ព្រះអង្គ​បរិសុទ្ធ​​ដែរ។​

រីឯ​​អស់អ្នក​ដែល​ប្រព្រឹត្ត​បាប នោះ​ក៏​ប្រព្រឹត្ត​ល្មើស​ក្រឹត្យវិន័យ​​ដែរ ដ្បិត​បាប​ជា​ការ​ល្មើស​ក្រឹត្យវិន័យ។​ អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះអង្គ​បាន​លេច​មក​ ដើម្បី​​ដកយក​បាបចេញ​ ហើយ​នៅក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ។​ អស់អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​អង្គ នោះ​មិន​ប្រព្រឹត្ដ​បាប​ទេ ប៉ុន្ដែ​អស់​អ្នក​ដែល​​ប្រព្រឹត្ដ​បាប នោះ​មិន​បាន​ឃើញ​​ព្រះ​អង្គ​ឡើយ ហើយ​ក៏មិន​ស្គាល់​ព្រះអង្គ​ដែរ។​

កូន​តូចៗ​អើយ! ចូរ​កុំ​ឲ្យ​អ្នក​ណា​​បោក​បញ្ឆោត​អ្នករាល់គ្នា​ឡើយ អ្នក​ដែល​​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត នោះ​ជា​មនុស្ស​សុចរិត​ ដូច​ជា​​ព្រះអង្គ​សុចរិត​ដែរ​ ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​បាប នោះ​​មកពី​អារក្សសាតាំង​​ទេ ព្រោះ​អារក្ស​​សា​តាំង បាន​ប្រព្រឹត្ដ​បាប​តាំង​ពី​ដើម​ដំបូងមក​ ហេតុនេះ​ហើយ​បានជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​​លេចមក ដើម្បី​បំផ្លាញ ​កិច្ចការ​របស់​អារក្ស​សាតាំង។​ អស់​អ្នក​​ដែល​កើត​ពី​ព្រះជាម្ចាស់ នោះ​មិន​ប្រព្រឹត្ត​បាប​ឡើយ ព្រោះ​ពូជ​របស់​ព្រះអង្គ ​ស្ថិត​នៅ​​ក្នុង​អ្នកនោះ ដូច្នេះ​ហើយ​បានជា​មិន​​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ ដ្បិត​គេ​កើត​ពី​ព្រះ​ជាម្ចាស់​ ១០កូនរបស់ព្រះជាម្ចាស់ និងកូនរបស់អារក្សសាតាំង ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​​របៀប​នេះ​ គឺ​​​អស់អ្នក​ ដែល​មិន​ប្រព្រឹត្ត​តាម​សេចក្តី​​សុចរិត នោះ​មិន​មែនមក​​​ពី​ព្រះជាម្ចាស់​ទេ ហើយ​អស់​អ្នកដែល​មិន​ស្រឡាញ់​​​បងប្អូនរបស់ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ‍។​

ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​

១១នេះ​ជា​សេចក្តី​​​ ដែល​អ្នករាល់គ្នា​​​បាន​ឮ​តាំង​​ពី​​ដំបូងមក​ គឺ​​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ១២មិន​មែន​ដូចជា​កាអ៊ីន​ដែល​​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។ តើ​ហេតុអ្វី​ បានជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ? ព្រោះ​ការ​ប្រព្រឹត្តិ​​របស់​គាត់​អាក្រក់ ហើយ​ការ​ប្រព្រឹត្តិ​​របស់​ប្អូន​គាត់​សុចរិត។​ ១៣បងប្អូន​អើយ! បើ​​លោកិយ​ស្អប់​អ្នករាល់គ្នា‍​ ចូរ​កុំ​ឆ្ងល់​​ឡើយ។​

១៤យើង​​ដឹង​ថា ដោយសារ​យើង​ស្រឡាញ់​បង​ប្អូន យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅឯ​ជីវិត ហើយ​​​អ្នក​ដែល​មិន​ស្រឡាញ់បងប្អូន​​ អ្នក​នោះ​​ស្ថិត​ក្នុង​សេចក្ដី​ស្លាប់នៅ​ឡើយ។​ ១៥អ្នក​ណា​​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​ជា​ឃាតក​រ ហើយ​អ្នករាល់គ្នា​ដឹង​ថា ឃាតករគ្មាន​ជីវិត​​អស់កល្ប​ជានិច្ច ​ក្នុង​ខ្លួន​ទេ។​

១៦យើង​ស្គាល់​ សេចក្ដី​ស្រឡាញ់តាម​របៀប​នេះ​ គឺ​ដោយព្រោះ​ព្រះអង្គ​បាន​លះបង់​​ជីវិត​របស់​ព្រះអង្គ ​ជំនួស​យើង យើង​ក៏ត្រូវ​លះបង់​​ជីវិត​របស់​យើង​ជំនួស​បងប្អូន​​ដែរ។​ ១៧បើ​អ្នកណា​មាន​​ទ្រព្យ​​សម្បត្តិ​ខាង​លោកិយ​ ហើយ​ឃើញ​​បងប្អូន​ខ្វះខាត ប៉ុន្ដែ​គ្មាន​ចិត្ដ​​អាណិតគាត់សោះ​ តើ​​​ធ្វើ​ដូច​ម្ដេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​​ព្រះជាម្ចាស់​ ស្ថិត​ក្នុង​អ្នកនោះ​បាន?​

១៨កូន​តូចៗ​អើយ! យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សំដី ឬ​បបូរ​មាត់​ប៉ុណ្ណោះ​ទេ ផ្ទុយទៅ​វិញ ត្រូវ​ស្រឡាញ់​​ដោយ​​ការ​ប្រព្រឹត្តិ និង​សេចក្ដី​ពិត​​១៩ហើយ​ដោយ​របៀប​​នេះ​ យើង​ដឹង​ថា យើង​​មក​​ពី​សេចក្ដី​ពិត និង​បានធ្វើ​ឲ្យ​​ចិត្ត​របស់​យើង​ ស្ងប់​នៅ​ចំពោះ​ព្រះអង្គ ២០ព្រោះ​​ព្រះជាម្ចាស់​ ធំ​ជាង​ចិត្ត​របស់​​យើង​ ហើយ​ព្រះអង្គ​ជ្រាប​គ្រប់​ការ​ទាំងអស់​ ទោះបី​ចិត្ត​របស់​យើង​ចោទប្រកាន់​យើង​​ក៏ដោយ។​

២១បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ បើ​ចិត្ត​របស់​យើង​ មិន​ចោទប្រកាន់​​​​យើង​ទេ នោះ​យើង​​មាន​ចិត្តក្លាហាន នៅ​ចំពោះ​​​ព្រះជាម្ចាស់​ ២២ហើយ​យើង​ទូល​សុំ​អ្វី​ក៏ដោយ នោះ​យើង​នឹង​ទទួល​បាន​ពី​ព្រះអង្គ ព្រោះ​យើង​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​អង្គ​ ហើយ​ប្រព្រឹត្ត​អ្វី​ដែលសព្វ​ព្រះហឫទ័យ​ព្រះ​អង្គ។​ ២៣នេះ​ជា​បញ្ញត្តិ​របស់​ព្រះអង្គ គឺ​ឲ្យយើង​ជឿ​​លើ​ព្រះ​នាមព្រះ​រាជបុត្រា​របស់​ព្រះអង្គ​ ​ដែល​​ជាព្រះ​យេស៊ូ​គ្រិស្ដ​ ​ហើយ​ឲ្យស្រឡាញ់​គ្នា​ទៅ​វិញ​​ទៅមក​តាម​បញ្ញត្តិ​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​ ២៤អ្នកណា​ដែល​កាន់​តាម​បញ្ញត្តិ​របស់​​ព្រះអង្គ អ្នកនោះ​នៅ​ជាប់​ក្នុង​ព្រះអង្គ ​ព្រះ​អង្គ​ក៏​នៅ​ជាប់​ក្នុង​អ្នកនោះ ហើយដោយ​របៀប​នេះ​ យើង​ដឹង​​ថា ព្រះអង្គ​គង់នៅ​ក្នុង​យើង​ដោយសារ​ព្រះវិញ្ញាណ ដែល​ព្រះអង្គ​ប្រទាន​​ដល់​យើង។

១ យ៉ូហាន ៣