KCB - ១ កូរិនថូស ៩


១ កូរិនថូស ៩

សិទិ្ធរបស់​សាវក

តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ​? ​តើ​ខ្ញុំ​មិន​មែន​ជា​សាវកទេ​ឬ​? ​តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ឬ​?​ តើ​អ្នករាល់គ្នា​មិន​មែន​ជា​ស្នា​ដៃ​របស់​ខ្ញុំ​ នៅ​ក្នុង​ព្រះអម្ចាស់​ទេ​ឬ​? ទោះបី​ខ្ញុំ​មិន​មែន​ជា​សាវក​សម្រាប់​​អ្នក​ដទៃ​ក៏ដោយ ក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នករាល់គ្នាដែរ ព្រោះ​អ្នករាល់គ្នា​ជា​ត្រា​សំគាល់​​តួនាទី ​ជា​សាវក​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះ​អម្ចាស់‍។

ខ្ញុំ​សូម​ឆ្លើយ​ការពារ​ទៅ​កាន់​​ពួក​អ្នក​ដែល​កំពុង​ចោទ​ប្រកាន់​ខ្ញុំ​ដូច្នេះ​ថា ​តើ​យើង​គ្មាន​សិទ្ធិ​ស៊ី​ផឹក​ទេ​ឬ​? តើ​យើង​គ្មាន​សិទ្ធិ​នាំ​ប្រពន្ធ​ ដែល​ជា​អ្នកជឿ​ទៅ​ជាមួយ​ដូច​ជា​ពួក​សាវក​ផ្សេង​ទៀត ឬ​ដូចជា​បងប្អូន​របស់​ព្រះអម្ចាស់​ និង​ដូចជា​លោក​កេផាស​ទេ​ឬ​? តើ​ខ្ញុំ និង​លោក​បារណាបាស​​ គ្មាន​សិទ្ធិ​ឈប់​រកស៊ី​ចិញ្ចឹម​ជីវិត​ទេ‍ឬ​? មិន​ដែល​មាន​អ្នកណា​ធ្វើ​ទាហាន ហើយ​បើក​ប្រាក់ខែ​ពី​ខ្លួនឯង​ទេ ក៏​មិន​ដែល​មាន​អ្នកណា​ដាំ​ទំពាំង​បាយជូរ​នៅ​ចម្ការ​ ហើយ​មិន​បាន​បរិភោគ​ផ្លែ​វា​ដែរ រួច​ក៏​មិន​ដែល​មាន​អ្នកណា​ឃ្វាល​ហ្វូង​សត្វ ហើយ​មិន​បាន​ផឹក​ទឹក​ដោះ​របស់​វា​ឡើយ‍។ ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ មិន​មែន​តាម​បែប​មនុស្ស‍ទេ ហើយតើ​​គម្ពីរវិន័យ​​មិន​បាន​និយាយ​ អំពី​សេចក្ដី​ទាំងនេះ​ដែរទេ​ឬ? ដ្បិត​នៅក្នុង​គម្ពីរ​​របស់​លោក​ម៉ូសេ​បាន​​ចែង​ថា៖ «កុំ​ឃ្លុំ​មាត់​គោ​ ពេល​កំពុង​បញ្ជាន់​ស្រូវ‍»។ ព្រះជាម្ចាស់​មិន​ខ្វល់​ពី​សត្វ​គោ​ទេ​​​​ ១០ព្រះអង្គ​មានបន្ទូល​ដូច្នេះ ដោយ​ព្រោះ​យើង​ទាំងអស់​គ្នា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​សម្រាប់​យើង​ថា អ្នក​ភ្ជួររាស់​គួរតែភ្ជួររាស់​ដោយ​សង្ឃឹម រីឯ​អ្នក​បញ្ជាន់​ស្រូវគួរ​តែ​​បញ្ជាន់​ដោយ​សង្ឃឹម​ថា​​ នឹង​ទទួល​បាន​ចំណែក ១១បើ​យើង​សាប​ព្រោះ​របស់ខាង​វិញ្ញាណ ​ដល់​អ្នករាល់គ្នា ហើយ​ច្រូត​យក​របស់ខាង​សាច់​ឈាមពី​អ្នករាល់គ្នា​វិញ តើ​ហួស​​ហេតុ​ពេក​ឬ​? ១២បើ​អ្នកដទៃ​មាន​សិទ្ធិលើ​អ្នករាល់គ្នានោះ តើ​យើង​មិន​កាន់​តែមានសិទ្ធិលើស​​គេ​ទេ‍ឬ ក៏ប៉ុន្ដែ​ យើង​មិនបាន​ប្រើ​សិទ្ធិ​នោះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​គ្រប់​បែបយ៉ាង ដើម្បី​កុំ​ឲ្យ​យើង ធ្វើ​ឲ្យមានឧបសគ្គ​ណា​មួយ ​ដល់​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ ឡើយ‍។ ១៣​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ពួក​អ្នក​ធ្វើ​ការ​បម្រើ​ព្រះវិហារ គេ​បរិភោគ​អាហារ​ពី​ព្រះ​វិហារ រីឯ​ពួក​អ្នក​រង់​ចាំ​បម្រើ​កន្លែង​ថ្វាយ​តង្វាយ គេ​ក៏​បាន​ទទួល​ចំណែក ​ពី​កន្លែង​ថ្វាយ​តង្វាយ​ដែរ ​១៤ហើយ​ព្រះអម្ចាស់​បាន​បង្គាប់​ដែរ​ថា ពួក​អ្នក​ប្រកាស​ដំណឹង​ល្អ​ត្រូវ​រស់​នៅដោយ​សារ​ដំណឹង​ល្អ។ ១៥ប៉ុន្ដែ ខ្ញុំ​មិន​បានប្រើ​សិទ្ធិទាំងនេះទេ ហើយ​ខ្ញុំក៏​មិនបាន​សរសេរ​សេចក្ដី​ទាំងនេះ ដើម្បី​ឲ្យ បាន​យ៉ាង​នោះ​ដល់​ខ្ញុំ​ដែរ ដ្បិត​ខ្ញុំ​សុខចិត្ដ​ស្លាប់​ ប្រសើរ​ជាង​ឲ្យអ្នក​ណា​ម្នាក់​បង្ខូច​កិត្ដិយស​របស់​ខ្ញុំ​ ១៦ថ្វី​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ ប៉ុន្ដែ​ខ្ញុំ​គ្មាន​អំនួត​ទេ ព្រោះ​ជា​កាតព្វកិច្ច​ដល់​ខ្ញុំបើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​វេទនា​ហើយ ១៧ព្រោះ​បើ​ខ្ញុំ​ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រចិត្ត នោះ​ខ្ញុំ​មាន​រង្វាន់ ប៉ុន្ដែ​បើ​ធ្វើ​ដោយ​មិន​ស្ម័គ្រចិត្ត​វិញ នោះ​នៅ​តែ​ជា​តួនាទី​ដែល​ត្រូវ​បាន​ផ្ទុកផ្ដាក់ដល់​ខ្ញុំ​ ១៨​ចុះ​រង្វាន់​របស់​ខ្ញុំ​នោះ​ជា​អ្វី‍?​ គឺ​ឲ្យ​តែ​​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ ដោយ​ឥតគិតថ្លៃ ដើម្បី​កុំ​​ឲ្យខ្ញុំ​ប្រើ​សិទ្ធិ​របស់​ខ្ញុំនៅ​ក្នុង​ដំណឹង​ល្អ ១៩ថ្វីបើ​ខ្ញុំ​មិន​ត្រូវ​បម្រើ​មនុស្ស​ណា​មែន ប៉ុន្ដែ​ខ្ញុំ​បាន​ធ្វើ​ឲ្យខ្លួនឯង ​ត្រលប់​ជា​បាវបម្រើ​ដល់​មនុស្ស​ទាំងអស់ ដើម្បី​ឲ្យខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ ដល់​មនុស្ស​កាន់តែ​ច្រើន‍។ ២០នៅ​ចំពោះ​ជនជាតិ​យូដា​ ខ្ញុំ​ត្រលប់​​ដូច​ជា​ជនជាតិ​យូដា​ ដើម្បី​ឲ្យខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ ដល់​ជនជាតិ​យូដា រួច​នៅ​ចំពោះ​ពួក​អ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ ​ខ្ញុំ​ត្រលប់​​ដូច​ជា​អ្នក​នៅ​ក្រោមគម្ពីរ​​វិន័យ ទោះបី​ខ្ញុំ​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ក៏ដោយ​ គឺ​ដើម្បី​ឲ្យខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ ដល់​ពួក​អ្នក​នៅ​ក្រោម​គម្ពីរ​វិន័យ ២១នៅ​ចំពោះ​ពួក​អ្នក​គ្មាន​ក្រឹត្យវិន័យ ខ្ញុំ​ត្រលប់​​ដូច​ជា​អ្នក​គ្មាន​ក្រឹត្យវិន័យ ដើម្បី​ឲ្យខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ ដល់​ពួក​អ្នក​គ្មាន​ក្រឹត្យវិន័យ (‍ខ្ញុំ​មិនមែន​រស់នៅ​ដោយ​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​នៅ​ក្រោម​ក្រឹត្យវិន័យ ​របស់​ព្រះគ្រិស្ដ‍)​ ២២ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​ នៅ​ចំពោះ​ពួក​អ្នក​ទន់ខ្សោយ ដើម្បី​ឲ្យខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ ដល់​ពួក​អ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំងអស់ ដើម្បី​ឲ្យខ្ញុំ​អាច​​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ ដោយ​មធ្យោបាយ​គ្រប់​យ៉ាង ២៣​ហើយ​ខ្ញុំ​ធ្វើ​គ្រប់​បែបយ៉ាង​សម្រាប់​ដំណឹង​ល្អ ដើម្បី​ឲ្យខ្ញុំ​ត្រលប់​ជា​អ្នក​រួម​ចំណែក​ នៅ​ក្នុង​ដំណឹង​ល្អ។​ ២៤អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា នៅក្នុង​ទី​ប្រណាំង អ្នក​រត់​ប្រណាំង គេ​រត់​ទាំងអស់​គ្នា​មែន ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​រង្វាន់ ដូច្នេះចូរ​រត់​ដើម្បី​ឲ្យបាន​រង្វាន់​ចុះ។ ២៥កីឡាករ​គ្រប់គ្នា​ ដែល​ប្រកួត​បាន​លត់ដំ​ខ្លួន​គ្រប់​បែបយ៉ាង ពួកគេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​​បាន​មកុដ​ ដែល​នឹង​ពុករលួយ ប៉ុន្ដែ​យើង​វិញ ​គឺដើម្បីឲ្យ​ទទួលបានមកុដ​ ដែល​មិន​ចេះ​ពុករលួយ​ឡើយ​ ២៦ដូច្នេះខ្ញុំ​ក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មាន​គោល​ដៅ​ទេ ខ្ញុំក៏ខំ​ប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់​ខ្យល់​ទេ។​ ២៧ខ្ញុំ​លត់ដំ​រូបកាយ​របស់​ខ្ញុំ​ឲ្យត្រលប់​ជា​អ្នកបម្រើ ក្រែងលោ​ពេល​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ដល់​អ្នកដទៃ​នោះ ​ខ្ញុំ​ខ្លួនឯង​ បែរជា​ត្រូវបាន​បដិសេធ​ចោល​ទៅ​វិញ។

១ កូរិនថូស ៩