១ កូរិនថូស ៥
លោកប៉ូលថ្កោលទោសចំពោះសេចក្ដីអំនួតខាងវិញ្ញាណ
៥គេបានដឹងឮ នៅគ្រប់ទីកន្លែងថា មានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើង នៅក្នុងចំណោមអ្នករាល់គ្នា ហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរ គឺដូច្នេះមានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន ២ហើយអ្នករាល់គ្នា នៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា ៣ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ ៤ពេលអ្នករាល់គ្នាជួបជុំគ្នា នៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើង នោះវិញ្ញាណរបស់ខ្ញុំ ក៏នៅជាមួយអ្នករាល់គ្នា ហើយអំណាចរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ ៥ដោយបានប្រគល់មនុស្សបែបនេះ ទៅឲ្យអារក្សសាតាំង ដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែ វិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះ នៅថ្ងៃរបស់ព្រះអម្ចាស់វិញ។ ៦អំនួតរបស់អ្នករាល់គ្នាមិនល្អទេ អ្នករាល់គ្នាមិនដឹងទេឬថា មេនំប៉័ងបន្តិចបន្ដួច ធ្វើឲ្យម្សៅទាំងអស់ដោរឡើង ៧ចូរសំអាតមេនំប៉័ងចាស់ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាដុំម្សៅថ្មីវិញ ដូចជាអ្នករាល់គ្នាគ្មានមេនំប៉័ងទេ ព្រោះព្រះគ្រិស្ដ ជាកូនចៀមនៃថ្ងៃបុណ្យរំលងរបស់យើង ត្រូវបានគេសម្លាប់ធ្វើជាយញ្ញបូជារួចហើយ ៨ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះ ដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។ ៩នៅក្នុងសំបុត្រ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ ខាងផ្លូវភេទ ១០គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់ នៅលោកិយនេះ ឬមនុស្សលោភលន់ មនុស្សបោកប្រាស់ និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយ បើដូច្នោះមែន អ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ! ១១ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថា ជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ ១២តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វី ម្ដេចអ្នករាល់គ្នា មិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ? ១៣ដ្បិតព្រះជាម្ចាស់ នឹងជំនុំជម្រះពួកអ្នកខាងក្រៅ ចូរដកមនុស្សអាក្រក់ចេញពីក្នុងចំណោមអ្នករាល់គ្នាចុះ។