KCB - ១ កូរិនថូស ៤


១ កូរិនថូស ៤

សាវករបស់​ព្រះ​គ្រិស្ដ​​

ដូច្នេះ ចូរ​ឲ្យ​មនុស្ស​រាប់​យើងទុកដូច​ជា​អ្នក​បម្រើ ​របស់​ព្រះគ្រិស្ដ​ និង​ជា​អ្នក​មើល​ខុស​ត្រូវ ​លើ​សេចក្ដី​អាថ៌​កំបាំង​របស់​ព្រះជាម្ចាស់​ លើស​ពី​នេះត្រូវ​រក​​​ឲ្យ​ឃើញ​ថា អ្នក​មើលខុស​ត្រូវ​ជា​មនុស្ស​ម្នាក់​​​ស្មោះត្រង់​ ប៉ុន្ដែ​វា​ជា​រឿង​តូចតាច​ទេ​សម្រាប់​ខ្ញុំ​ ដែល​ត្រូវ​អ្នករាល់គ្នា​ ឬ​អ្នក​ណា​ម្នាក់​នៅ​សម័យ​នេះ​​​វិនិច្ឆ័យ​នោះដ្បិត​ខ្ញុំ​មិន​វិនិច្ឆ័យ​ខ្លួនឯង​ទេ​ ព្រោះ​​ខ្ញុំ​យល់​ឃើញ​ថាខ្ញុំ​គ្មាន​ខុសអ្វី​​​ទេ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​នេះ​ឡើយ គឺ​ព្រះអម្ចាស់​ទេ​ជា​អ្នក​វិនិច្ឆ័យ​ខ្ញុំ​ ដូច្នេះ កុំ​វិនិច្ឆ័យអ្វី​មួយ​មុន​ពេល​កំណត់​ឡើយ លុះត្រាតែ​ព្រះ​អ​ម្ចាស់​​យាង​មក ព្រះអង្គ​នឹង​បំភ្លឺ​ ​​​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត ហើយ​​បង្ហាញ​​ឲ្យ​ឃើញ​​​ពី​បំណង​ នៅក្នុង​ចិត្ដ​របស់​មនុស្ស បន្ទាប់​​មក​​ ម្នាក់ៗ​នឹង​បាន​​ការ​សរសើរ​ពី​ព្រះ​ជាម្ចាស់។​

បងប្អូន​អើយ! ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំង​នេះអំពី​ខ្ញុំ និង​លោក​អ័ប៉ុឡូស​​​ជា​ឧទាហរណ៍​សម្រាប់​​អ្នករាល់គ្នា ដើម្បី​ឲ្យអ្នករាល់គ្នា​រៀន​តាម​យើង​ពី​សេចក្ដី​ដែល​ថា កុំ​ឲ្យហួស​​ពី​សេចក្ដី​ដែល​បាន​ចែង​ទុក ដើម្បី​​កុំ​ឲ្យអ្នករាល់គ្នា​អួត​អំពី​មនុស្ស​ម្នាក់​ ទាស់​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ​ ដ្បិត​តើ​អ្នកណា​បាន​ធ្វើ​​ឲ្យអ្នក​ខុស​ប្លែក​ពីគេ?​ តើ​អ្នក​មាន​អ្វី​ ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​អ្នក​បាន​ទទួល​ហើយ ហេតុ​អ្វី​បានជា​អួតខ្លួន ​ដូចជា​មិន​​បាន​ទទួល​ដូច្នេះ?​ អ្នករាល់គ្នា​បាន​ស្កប់ស្កល់ហើយ អ្នករាល់គ្នា​បាន​ត្រលប់​ជា​អ្នកមានហើយ ​​អ្នករាល់គ្នា​បាន​សោយរាជ្យ​ហើយ​ដោយ​គ្មានយើង ហើយ​ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​សោយរាជ្យ​ណាស់ ដើម្បី​ឲ្យយើង​បាន​សោយរាជ្យ​ជាមួយ​អ្នករាល់គ្នា​ដែរ​ ព្រោះ​ខ្ញុំ​គិត​ថា ព្រះជាម្ចាស់​បាន​ដាក់​​​យើងជា​ពួក​សាវក​​ឲ្យ​នៅ​​ក្រោយ​គេ​បង្អស់ ​ដូចជា​អ្នកទោស​ប្រហារជីវិត ព្រោះ​យើង​បាន​ត្រលប់​ជាអ្វី​ ដែល​ល្អមើល​​សម្រាប់​លោកិយ​នេះ ទាំង​ពួក​ទេវតា និង​ពួក​មនុស្ស​ ១០យើង​ល្ងង់​ខ្លៅ​ដោយយល់​ដល់​ព្រះគ្រិស្ដ ប៉ុន្ដែ​អ្នករាល់គ្នា​ឆ្លាតនៅក្នុង​ព្រះគ្រិស្ដ យើង​ខ្សោយ ប៉ុន្ដែ​ អ្នករាល់គ្នា​ខ្លាំង​ពូកែអ្នករាល់គ្នា​រុងរឿង ប៉ុន្ដែ​យើង​អាប់ឱន ១១រហូតដល់​ឥឡូវ​នេះ យើង​ឃ្លាន​ផង ស្រេក​ផង​ហើយនៅ​អា​ក្រាត​​ ទាំងត្រូវ​គេ​វាយ និង​រសាត់អណ្ដែត​ទៀត​ ១២យើងធ្វើការ​ចិញ្ចឹម​ជីវិត​ដោយ​ដៃ​របស់​ខ្លួន យើងឲ្យពរ​គេ​ ពេល​គេ​ជេរ យើង​ស៊ូទ្រាំ​ ពេល​​គេ​បៀតបៀន​ ១៣ពេល​គេ​និយាយ​បង្ខូចយើង យើង​ដាស់​តឿន​​គេ​​​ ហើយ​រហូត​​ដល់​ពេលនេះ យើង​​ត្រលប់​​ដូច​ជា​សំរាម​នៃ​លោកិយ​នេះ និង​ជា​សំណល់​នៃ​អ្វីៗ​ទាំងអស់​ ១៤ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះមិនមែន​ឲ្យអ្នករាល់គ្នា​ខ្មាស​ទេ ផ្ទុយទៅវិញ ​ដើម្បី​ដាស់តឿនអ្នករាល់គ្នា​ ដូចជា​កូន​ជា​ទី​ស្រ​ឡាញ់​របស់​ខ្ញុំ​ ១៥ដ្បិត​ថ្វីបើ​នៅក្នុង​ព្រះគ្រិស្ដ អ្នករាល់គ្នា​មាន​អ្នកមើល​ថែ​​មួយម៉ឺន​នាក់ ប៉ុន្ដែ​គ្មាន​​ឪពុក​​ច្រើន​ទេ គឺ​ខ្ញុំ​ទេដែល​បាន​បង្កើត​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ តាមរយៈ​ដំណឹង​ល្អ​ ១៦ដូច្នេះ ខ្ញុំ​ដាស់តឿន​អ្នករាល់គ្នា​ឲ្យយក​គំរូ​តាម​ខ្ញុំ​ចុះ​ ១៧ដោយ​ហេតុ​នេះ ខ្ញុំ​បាន​​ចាត់​ធីម៉ូថេ​​ ជា​កូនជា​ទី​ស្រឡាញ់ និង​ជា​ទី​ទុកចិត្ដ​របស់​ខ្ញុំ​នៅក្នុង​ព្រះអម្ចាស់ឲ្យមក​ឯ​អ្នករាល់គ្នា គាត់​នឹង​រំឭក​អ្នករាល់គ្នា​ អំពី​របៀប​រស់​នៅ​របស់​ខ្ញុំ​នៅក្នុង​ព្រះគ្រិស្ដ​យេស៊ូ ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​ក្រុម​ជំនុំ​ទាំងអស់​ នៅ​គ្រប់​ទី​កន្លែង។

១៨អ្នក​ខ្លះ​អួតខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍ជួប​អ្នក​រាល់គ្នា​ទៀត​ ១៩ប៉ុន្ដែ​បើ​ព្រះអម្ចាស់​មាន​បំណង ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ឆាប់ៗ​នេះ ហើយខ្ញុំ​ចង់​ស្គាល់​អំណាច​ របស់​ពួក​អ្នក​​អួតខ្លួន​ទាំងនោះ គឺ​មិន​មែន​ពាក្យ​សំដី​​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ​ ២០ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​ មិន​ស្ថិតលើ​ពាក្យ​សំដីឡើយគឺ​ស្ថិតលើ​អំណាច​វិញ ២១​តើ​អ្នក​រាល់​គ្នា​​ត្រូវការ​អ្វី? តើ​គួរ​ឲ្យខ្ញុំ​មក​ជួប​អ្នករាល់គ្នាដោយ​មាន​​រំពាត់​មក​ជាមួយ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់ និងចិត្តស្លូតបូត​?

១ កូរិនថូស ៤