១ ធីម៉ូថេ ៤
ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹងគ្រូ ក្លែងក្លាយ
៤ប៉ុន្ដែ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានអ្នកខ្លះបោះបង់ជំនឿ ហើយចាប់អារម្មណ៍នឹង វិញ្ញាណបោកបញ្ឆោត និង សេចក្ដីបង្រៀនរបស់ពួកអារក្ស ២ដោយសារពាក្យពុតត្បុត របស់ពួកកុហក ដែលមនសិការរបស់ពួកគេបានស្ពឹកអស់ហើយ ៣ពួកគេហាមឃាត់មិនឲ្យរៀបការ ហើយឲ្យតមអាហារដែលព្រះជាម្ចាស់ បានបង្កើតមកសម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិតបានបរិភោគទាំងអរព្រះគុណ ៤ដ្បិតអ្វីៗដែលព្រះជាម្ចាស់ បានបង្កើតមកសុទ្ធតែល្អ ដូច្នេះមិនត្រូវចោលអ្វីឡើយ នៅពេលទទួលដោយអរព្រះគុណហើយ ៥ព្រោះអាហារទាំងនោះ បានញែកជាបរិសុទ្ធ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យទូលអង្វរ។
អ្នកបម្រើដ៏ល្អរបស់ព្រះជាម្ចាស់
៦បើអ្នកបង្ហាញ សេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អ របស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នក ដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្តីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។ ៧ចូរបដិសេធ រឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរព កោតខ្លាចព្រះជាម្ចាស់ចុះ ៨ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្តិចបន្ដួចទេ ប៉ុន្ដែការបង្វឹកខាងឯការគោរព កោតខ្លាចព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង ដ្បិតមានទាំងសេចក្ដីសន្យា សម្រាប់ជីវិតបច្ចុប្បន្ន និងជីវិតអនាគតផង។ ៩ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង។ ១០ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។
១១ចូរបង្គាប់ និងបង្រៀនសេចក្ដីទាំងនេះចុះ។ ១២កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្តិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។ ១៣ចូរយកចិត្តទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ត និងសេចក្តីបង្រៀនទម្រាំខ្ញុំមកដល់។
១៤កុំធ្វេសប្រហែសនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទាន ដែលបានប្រទានមកអ្នកតាមរយៈការថ្លែងព្រះបន្ទូលដោយមានក្រុមចាស់ទុំ បានដាក់ដៃលើអ្នកទៀតផង ១៥ចូររិះគិតអំពីសេចក្ដីទាំងនេះ ហើយប្រព្រឹត្តដោយឧស្សាហ៍ចុះ ដើម្បីឲ្យគ្រប់គ្នាបានឃើញការរីកចម្រើនរបស់អ្នក។ ១៦ចូរប្រយ័ត្នខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់សេចក្តីទាំងនេះ ដ្បិតធ្វើដូច្នេះអ្នកនឹងសង្គ្រោះខ្លួនឯងផង និងពួកអ្នកដែលស្តាប់អ្នកផង។