១ ធីម៉ូថេ ៣
អ្នកដឹកនាំក្រុមជំនុំ
៣ពាក្យនេះគួរឲ្យជឿ គឺថា បើ អ្នកណាចង់ធ្វើជា អ្នកមើលការខុសត្រូវ អ្នកនោះចង់ធ្វើការល្អហើយ។ ២ដូច្នេះអ្នកមើលការខុសត្រូវ ត្រូវតែជាអ្នកដែលឥតបន្ទោសបាន គឺមានប្រពន្ធតែម្នាក់ ចេះទប់ចិត្ដ ដឹងខុសត្រូវ មានកិរិយាមាយាទល្អ ចេះរាក់ទាក់ ប៉ិនប្រសប់ក្នុងការបង្រៀន ៣មិនចំណូលស្រា មិនឆេវឆាវ ប៉ុន្ដែមានចិត្តស្លូតបូត មិនរករឿងឈ្លោះប្រកែក មិនស្រឡាញ់លុយ ៤ចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនៗចុះចូលដោយការគោរពទាំងស្រុង ៥(បើអ្នកណាម្នាក់ មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច?)
៦ហើយអ្នកមើលខុសត្រូវនោះ មិនមែនជាអ្នក ដែលទើបនឹងជឿឡើយ ក្រែងលោអ្នកនោះកើតមានចិត្តធំ ហើយជាប់ទោសដូចអារក្សសាតាំងដែរ ៧អ្នកនោះ ក៏ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃដែរ ក្រែងលោគាត់ត្រូវគេដៀលត្មះ ហើយធ្លាក់ទៅក្នុង អន្ទាក់របស់អារក្សសាតាំង។
៨រីឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយសំដីពីរ មិនចំណូលស្រាពេក ឬលោភលន់ចង់បានដោយថោកទាបឡើយ ៩គាត់ត្រូវកាន់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការបរិសុទ្ធ។ ១០ត្រូវពិសោធអ្នកទាំងនោះជាមុនសិន កាលបើឃើញថា ជាអ្នកដែលឥតបន្ទោសបាន សឹមឲ្យអ្នកទាំងនោះធ្វើជាអ្នកជំនួយចុះ។
១១រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែជាអ្នកដែលគួរគោរព មិននិយាយមួលបង្កាច់ ផ្ទុយទៅវិញ ចេះទប់ចិត្ដ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។
១២អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែម្នាក់ ហើយគ្រប់គ្រងកូនៗ និងគ្រួសាររបស់ខ្លួនបានល្អ ១៣ដ្បិតអ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អនោះ នឹងទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងមានសេចក្ដីក្លាហានយ៉ាងខ្លាំង នៅក្នុងជំនឿលើព្រះគ្រិស្ដយេស៊ូ។
សេចក្ដីពិតនៃជំនឿរបស់យើង
១៤ខ្ញុំសរសេរសេចក្ដីទាំងនេះ មកអ្នក ទាំងសង្ឃឹមថា នឹងបានមកជួបអ្នកនៅពេលឆាប់ៗនេះ ១៥ប៉ុន្ដែបើខ្ញុំក្រមក ក៏អ្នកនឹងដឹងអំពីរបៀប ដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
១៦ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួន ឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោក ជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។