១ ធីម៉ូថេ ២
សេចក្ដីណែនាំអំពីការថ្វាយបង្គំ
២ដូច្នេះ ខ្ញុំសូមដាស់តឿនជា ដំបូងថា ចូរទូលសុំ អធិស្ឋានហើយទូលអង្វរ ព្រមទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ ២គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅ បានសុខសាន្ត ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង ៣ដ្បិតនេះជាការល្អ ហើយសព្វព្រះហឫទ័យព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះរបស់យើង ៤ដែលព្រះអង្គចង់ឲ្យមនុស្សទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ និងស្គាល់សេចក្ដីពិត ៥ដ្បិតមានព្រះជាម្ចាស់តែមួយ ហើយមានអ្នកសម្រុះសម្រួលតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស ៦ព្រះអង្គបានប្រគល់អង្គទ្រង់ ទុកជាថ្លៃលោះ សម្រាប់មនុស្សទាំងអស់ គឺជាសេចក្ដីបន្ទាល់ ដែលប្រទានមកនៅពេលកំណត់។ ៧ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស និង ជាសាវកសម្រាប់សេចក្ដីបន្ទាល់នោះ គឺជាគ្រូបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្ដីពិត។ ខ្ញុំនិយាយពិតឥតកុហកទេ។
៨ដូច្នេះ ខ្ញុំចង់ឲ្យប្រុសៗអធិស្ឋាន ទាំងលើកដៃបរិសុទ្ធឡើង នៅគ្រប់ទីកន្លែងដោយគ្មានកំហឹង ឬប្រកែកគ្នាឡើយ ៩រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតុបតែងខ្លួន ដោយសម្លៀកបំពាក់សមរម្យ សុភាពរាបសា មិនឆើតឆាយ ហើយមិនមែនដោយក្រងសក់ ពាក់មាស ពាក់គជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ ១០ផ្ទុយទៅវិញ ត្រូវតុបតែងខ្លួនដោយអំពើល្អឲ្យសមជាស្រ្តីដែលប្រកាសខ្លួនថា ជាអ្នកកោតខ្លាចព្រះជាម្ចាស់។ ១១ត្រូវឲ្យស្រីៗរៀន ដោយស្ងៀមស្ងាត់ និង ចុះចូលទាំងស្រុង។ ១២ខ្ញុំមិនអនុញ្ញាតឲ្យស្រ្តីណាបង្រៀន ឬមានសិទ្ធិអំណាចលើបុរសឡើយ គឺឲ្យនាងនៅស្ងៀមស្ងាត់វិញ ១៣ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមុន រួចទើបបង្កើតនាងអេវ៉ា ១៤ហើយមិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្រ្តីទេដែលចាញ់បញ្ឆោតនោះ ហើយបានប្រព្រឹត្តល្មើស ១៥ប៉ុន្ដែបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានអត្តចរិតត្រឹមត្រូវ នោះនាងនឹងបានសង្គ្រោះនៅពេលដែលនាងសម្រាលកូន។