១ ថែស្សាឡូនីច ២
លោកប៉ូលរំលឹកអំពីការមកសួរ សុខទុក្ខ
២បងប្អូនអើយ! អ្នករាល់គ្នាដឹង ហើយថា ការដែលយើងមកឯអ្នករាល់គ្នានេះ មិនមែនឥតប្រយោជន៍ទេ ២គឺដូចដែលអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ក្រោយពេលដែលយើងរងទុក្ខលំបាក និងត្រូវគេប្រមាថនៅក្រុងភីលីពរួចមក នោះយើងមានសេចក្តីក្លាហាន នៅក្នុងព្រះជាម្ចាស់របស់យើង ដើម្បីប្រកាសប្រាប់អ្នករាល់គ្នា អំពីដំណឹងល្អរបស់ព្រះអង្គ ទោះបីមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។
៣ដ្បិតសេចក្ដីទូន្មានរបស់យើង មិនមែនមកពីសេចក្ដីបោកប្រាស់ សេចក្ដីស្មោកគ្រោក ឬល្បិចកលឡើយ ៤ផ្ទុយទៅវិញ ព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អឲ្យយើងប្រកាសយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះ គឺមិនមែនដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យព្រះជាម្ចាស់ដែលពិសោធចិត្តរបស់យើងសព្វព្រះហឫទ័យវិញ។ ៥អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងមិនដែលប្រើពាក្យសំដីបញ្ចើចបញ្ចើ ឬមានពុតដោយព្រោះសេចក្តីលោភលន់ឡើយ ព្រះជាម្ចាស់ជាសាក្សីស្រាប់ ៦ហើយយើងក៏មិនបានរកការសរសើរពីមនុស្សដែរ ទោះបីពីអ្នករាល់គ្នា ឬពីអ្នកដទៃក្តី។
៧យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្តែយើងប្រព្រឹត្ដស្លូតបូត នៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្តាយថ្នាក់ថ្នមកូនរបស់ខ្លួន។ ៨យើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់ បានជាយើងមិនត្រឹមតែពេញចិត្ត ប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំង ជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នា បានត្រលប់ជាអ្នកជាទីស្រឡាញ់របស់យើង។
៩បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អ របស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាឡើយ។ ១០អ្នករាល់គ្នា និងព្រះជាម្ចាស់ជាសាក្សីស្រាប់ អំពីរបៀបដែលយើងប្រព្រឹត្ដចំពោះអ្នករាល់គ្នា ដែលជាអ្នកជឿ គឺប្រព្រឹត្តដោយបរិសុទ្ធ សុចរិត ហើយឥតបន្ទោសបាន។ ១១អ្នករាល់គ្នាក៏ដឹងដែរថា យើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួន ១២គឺយើងបានទូន្មាន លើកទឹកចិត្ត ហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅ តាមបែបស័ក្ដិសមនឹងព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងនគរ និងសិរីរុងរឿងរបស់ព្រះអង្គ។
១៣យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ដោយព្រោះពេលដែលអ្នករាល់គ្នា បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងបានប្រកាស អ្នករាល់គ្នាមិនបានទទួល ទុកជាពាក្យរបស់មនុស្សទេ ផ្ទុយទៅវិញទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដមែន ដែលធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ។
១៤បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់ តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខ ពីជនរួមជាតិរបស់ខ្លួន ដូចដែលក្រុមជំនុំទាំងនោះ បានទទួលពីជនជាតិយូដាដែរ ១៥ពួកគេបានសម្លាប់ព្រះអម្ចាស់យេស៊ូ និងពួកអ្នកនាំព្រះបន្ទូល ព្រមទាំងបៀតបៀនយើងទៀតផង។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេ ហើយទាស់នឹងមនុស្សទាំងអស់ ១៦ពួកគេបានរារាំងយើង មិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បានធ្លាក់មកលើពួកគេ។
លោកប៉ូលចង់ជួបពួកអ្នកជឿ
១៧រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នា មួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់ តែសង្វាត ចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង ១៨ហេតុនេះហើយបានជាយើងចង់មកឯអ្នករាល់គ្នាណាស់ ខ្ញុំប៉ូលចង់មកឯអ្នករាល់គ្នាមួយលើកពីរលើកហើយ តែអារក្សសាតាំងបានរារាំងយើង ១៩ដ្បិតតើអ្នកណាជាសេចក្ដីសង្ឃឹម និងជាអំណរ ឬជាមកុដ ដែលនាំឲ្យយើងមានមោទនភាព នៅចំពោះព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនអ្នករាល់គ្នាទេឬ? ២០ព្រោះអ្នករាល់គ្នាជាសិរីរុងរឿង និងជាអំណររបស់យើងមែន។