១ ថែស្សាឡូនីច ១
១ ថែស្សាឡូនីច
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
ជំនឿរបស់អ្នកជឿនៅ ក្រុងថែស្សាឡូនីច
២យើងតែងតែ អរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ទាំងនឹកចាំពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច។ ៣នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំ អំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើ ដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នា ដោយសេចក្តីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
៤ឱបងប្អូន ដែលព្រះជាម្ចាស់ស្រឡាញ់អើយ! យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា ៥ដ្បិតដំណឹងល្អរបស់យើង មិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់ យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នា បានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្ដបែបណា នៅក្នុងចំណោមអ្នករាល់គ្នា។ ៦អ្នករាល់គ្នា បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ គឺអ្នករាល់គ្នាទទួលព្រះបន្ទូលដោយអំណរមកពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងពេលដែលមានសេចក្តីវេទនាជាខ្លាំងផង ៧ដូច្នេះអ្នករាល់គ្នាបានត្រលប់ជាគំរូដល់អ្នកជឿទាំងឡាយនៅស្រុកម៉ាសេដូន និងស្រុកអាខៃ ៨ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលចេញពីអ្នករាល់គ្នានោះ មិនមែនត្រឹមតែបានឮសុសសាយ ក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ បានលេចឮនៅគ្រប់ទីកន្លែង ដូច្នេះហើយបានជាយើង មិនបាច់និយាយអ្វីទៀតឡើយ ៩ដ្បិតពួកគេផ្ទាល់ បានរៀបរាប់ពីរបៀបដែលអ្នករាល់គ្នាទទួលយើង និងអំពីរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបព្រះមកឯព្រះជាម្ចាស់ ដើម្បីបម្រើព្រះអង្គដែលជាព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិត ១០ព្រមទាំងរង់ចាំព្រះរាជបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ដែលព្រះអង្គ បានប្រោសឲ្យរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូដែលរំដោះយើង ឲ្យរួចពីសេចក្ដីក្រោធ ដែលនឹងមកដល់។