KCB - ១ ពេត្រុស ៥


១ ពេត្រុស ៥

ដំបូន្មាន​សម្រាប់​ចាស់​ទុំ​ និង​មនុស្ស វ័យ​ក្មេង​​

ក្នុង​នាម​ជា​ ចាស់​ទុំ​ដូចគ្នា ហើយ​ជា​សាក្សី​ អំពី​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ និង​ជា​​អ្នក​មាន​ចំណែក​ក្នុង​សិរីរុងរឿង ​ដែល​នឹងបង្ហាញ​ឲ្យ​ឃើញ​ ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់ទុំ​ក្នុង​ចំណោម​អ្នករាល់គ្នា​ថា​ ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ជាម្ចាស់ ​ដែល​នៅ​ជាមួយ​អ្នករាល់គ្នា​ ក្នុង​នាម​ជា​អ្នក​មើល​ខុស​ត្រូវ​ មិន​មែន​ដោយ​បង្ខំ ប៉ុន្ដែដោយ​ចិត្ត​ចង់ដែល​ស្រប​តាម​បំណង​​របស់​ព្រះជាម្ចាស់ ហើយមិនមែន ដោយ​ចង់​បានកម្រៃ​ទេ​​ ប៉ុន្ដែដោយ​ស្ម័គ្រចិត្ត​ មិន​មែន​ត្រួតត្រាលើ​ពួក​អ្នក ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យអ្នករាល់គ្នា​មើលថែ​នោះ​ទេ ផ្ទុយទៅវិញ​ ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​ ដ្បិតនៅ​ពេល​មេ​អ្នក​គង្វាល​បង្ហាញ​ខ្លួន​ ​អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​​មិន​សាបសូន្យឡើយ។​​

រីឯបុរស​ក្មេងៗ​វិញ​ ​​​ក៏​ដូច្នេះ​ដែរ ចូរចុះ​ចូល​ជាមួយ​ចាស់​ទុំចុះ ហើយ​​​អ្នកទាំងអស់គ្នា ត្រូវ​បន្ទាប​ខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក ព្រោះ​ព្រះ​ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​​​អួតអាង​ ប៉ុន្ដែ​ផ្ដល់​​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាប​ខ្លួន​វិញ។​ ដូច្នេះ ចូរ​បន្ទាប​ខ្លួន​នៅ​ក្រោម​​ព្រះហស្ត​ ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់ ដើម្បី​ឲ្យព្រះអង្គ​លើក​តម្កើង​អ្នករាល់គ្នា ​នៅ​​ពេល​កំណត់​មក​ដល់។​ ចូរ​ប្រគល់គ្រប់ទាំងការ​ខ្វល់ខ្វាយ​​របស់​អ្នករាល់គ្នា ​ដល់​ព្រះអង្គ ដ្បិត​ព្រះអង្គ​យក ​​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នករាល់គ្នា។​

ចូរ​កុំភ្លេច​ខ្លួន​ ហើយប្រុង​ស្មារតី​​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នករាល់​គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នករាល់គ្នា​ ដូចជា​សត្វ​តោដែល​គ្រហឹម ទាំង​​​រកអ្នកណា​ម្នាក់ ដើម្បីត្របាក់​ស៊ី​ទៀត​ផង។​ ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំ​មួន ទាំង​ដឹង​ថា បង​​ប្អូន​របស់​អ្នករាល់គ្នា​ដែល​នៅ​ក្នុង​ពិភព​​លោក​នេះ ​ក៏​ជួបការរង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​ ១០បន្ទាប់​ពី ​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​​មក‍ ​ព្រះ​ជា​ម្ចាស់​ដ៏​​មាន​ព្រះគុណ​គ្រប់​​បែប​យ៉ាង​ ដែលបាន​ត្រាស់​​ហៅ​​ អ្នករាល់គ្នា​មក​ក្នុង​សិរីរុងរឿង​ដ៏​អស់​កល្ប​​ជានិច្ច​របស់​ព្រះអង្គ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រិស្ដ ព្រះអង្គ​​នឹង​ប្រោស​​អ្នក​រាល់​គ្នា​ឲ្យគ្រប់​លក្ខណ៍ ​ឲ្យ​មាំមួន​ ឲ្យ​មាន​​កម្លាំង និង​ឲ្យអ្នក​រាល់គ្នា​រឹង​មាំ​ឡើង។​ ១១សូម​ឲ្យព្រះអង្គ​​​បានប្រកប​ដោយ​ព្រះ​ចេស្តា​ អស់កល្ប​ជានិច្ច អាម៉ែន។

ពាក្យ​ផ្ដាំ​ផ្ញើ​ចុងក្រោយ​ពី​លោកពេត្រុស​

១២ខ្ញុំ​បាន​សរសេរ​ខ្លីៗ​ ផ្ញើ​មក​អ្នករាល់គ្នា​តាម​រយៈ​​លោក​ស៊ីលវ៉ាន ដែល​ខ្ញុំ​ចាត់ទុក​ជា​បង​ប្អូន​ដ៏ស្មោះ​ត្រង់ម្នាក់ គឺដើម្បី​លើក​ទឹក​ចិត្ត​​អ្នករាល់គ្នា និង​ធ្វើ​​បន្ទាល់​ថា នេះជា​ព្រះគុណពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​ចូរឈរមាំមួននៅក្នុងព្រះគុណ​​នេះចុះ។​ ១៣ក្រុម​ជំនុំ​នៅ​​ស្រុក​បាប៊ីឡូន​ ដែល​​​ព្រះអង្គ​បាន​ជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រម​ទាំង​ម៉ាកុស​​ជា​កូន​ប្រុស​របស់​ខ្ញុំ ក៏​ជម្រាប​​សួរ​មក​អ្នករាល់គ្នា​ដែរ។​ ១៤ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅមក​ ដោយការ​​​​ថើប​កើត​ពី​ចិត្ត​ស្រឡាញ់​​ សូម​ឲ្យអ្នក​ទាំងអស់​គ្នា​ដែល​នៅ​ក្នុង​​ព្រះ​គ្រិស្ដ​​ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត៕

១ ពេត្រុស ៥