១ ពេត្រុស ៣
អាកប្បកិរិយាសម្រាប់ប្ដី និងប្រពន្ធ
៣រីឯប្រពន្ធរាល់គ្នា ក៏ដូច្នោះដែរ ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ទោះបីប្ដីនោះមិនស្ដាប់បង្គាប់ព្រះបន្ទូលក៏ដោយ ក៏គង់តែអាចទាក់ទាញចិត្តប្ដីរបស់ខ្លួនបាន តាមរយៈអាកប្បកិរិយា ដោយមិនបាច់និយាយស្ដីអ្វីឡើយ ២ព្រោះគេបានសង្កេតឃើញ អាកប្បកិរិយាបរិសុទ្ធ របស់អ្នករាល់គ្នា ដែលគោរពកោតខ្លាចព្រះជាម្ចាស់។
៣ចូរកុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ផ្សេងៗនោះឡើយ ៤ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងចិត្ត ដោយគ្រឿងដែលមិនចេះពុករលួយ គឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុត នៅចំពោះព្រះជាម្ចាស់។ ៥ដ្បិតកាលពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមលើព្រះជាម្ចាស់ ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនឹងប្ដីរបស់ខ្លួនដែរ ៦ដូចជាសារ៉ាបានស្ដាប់បង្គាប់លោកអ័ប្រាហាំ ព្រមទាំងហៅគាត់ថា លោកម្ចាស់ទៀតផង។ អ្នករាល់គ្នាបានត្រលប់ជាកូនរបស់សារ៉ា បើអ្នករាល់គ្នាប្រព្រឹត្តល្អ ដោយឥតភ័យខ្លាច ចំពោះការបំភ័យណាមួយនោះ។ ៧រីឯប្ដីរាល់គ្នា ក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថាមនុស្សស្រីជាភាជនៈ ដែលខ្សោយជាង ហើយចូរផ្តល់កិត្តិយសដល់នាង ទុកជាអ្នករួមទទួលមរតកព្រះគុណនៃជីវិត ដើម្បីកុំឲ្យមានអ្វីមកបង្អាក់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
ជីវិតគ្រិស្ដបរិស័ទ
៨នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នា មានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នា ដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។ ៩ចូរកុំធ្វើការអាក្រក់ តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញ ចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅ អ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក ១០ដ្បិតអ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។ ១១ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្តចុះ។ ១២ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គ ក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្រ្តរបស់ព្រះអង្គ ប្រឆាំងនឹងពួកអ្នកប្រព្រឹត្តអាក្រក់វិញ។
សេចក្ដីរងទុក្ខដោយព្រោះការល្អ
១៣បើអ្នករាល់គ្នា មានចិត្ដប្តូរផ្តាច់ប្រព្រឹត្តល្អ តើអ្នកណាធ្វើបាបអ្នករាល់គ្នា? ១៤ប៉ុន្ដែបើអ្នករាល់គ្នារងទុក្ខដោយព្រោះសេចក្តីសុចរិតមែន អ្នករាល់គ្នាមានពរហើយ ចូរកុំភ័យខ្លាចចំពោះការបំភ័យរបស់គេ ឬជ្រួលច្របល់ឡើយ ១៥ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្ដ ជាព្រះអម្ចាស់ នៅក្នុងចិត្តរបស់អ្នករាល់គ្នាចុះ ហើយចូរប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយការពារទៅកាន់អស់អ្នក ដែលសួរអំពីសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា ១៦ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាចព្រះជាម្ចាស់ ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូច អំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នា នៅក្នុងព្រះគ្រិស្ដ ១៧ដ្បិតបើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយព្រោះប្រពឹ្រត្ដល្អ ប្រសើរជាងប្រពឹ្រត្ដអាក្រក់។
១៨ដ្បិតព្រះគ្រិស្ដ ក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គត ជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នា ទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែព្រះវិញ្ញាណបានប្រោសព្រះអង្គឲ្យរស់ឡើងវិញ ១៩ដោយ សារព្រះវិញ្ញាណនោះ ព្រះអង្គបានយាងទៅ ប្រកាសព្រះបន្ទូលប្រាប់វិញ្ញាណទាំងឡាយដែលជាប់ឃុំឃាំង ២០គឺជាពួកអ្នកមិនស្តាប់បង្គាប់កាលពីដើម នៅពេលដែលព្រះជាម្ចាស់បានរង់ចាំ ដោយអត់ធ្មត់នៅជំនាន់លោកណូអេ ពេលដែលទូកធំកំពុងសាងសង់ ហើយនៅក្នុងទូកធំមានមនុស្សបន្ដិចបន្ដួចប៉ុណ្ណោះ គឺមានមនុស្សប្រាំបីនាក់ ដែលបានរួចជីវិតដោយសារទឹក។ ២១នេះជាគំរូអំពីពិធីជ្រមុជ ដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ មិនមែនជាការលាងសំអាត ភាពស្មោកគ្រោករបស់រូបកាយទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អ ចំពោះព្រះជាម្ចាស់ ២២ព្រះយេស៊ូនេះហើយ ដែលបានយាងឡើងទៅស្ថានសួគ៌ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយទេវតា សិទ្ធិអំណាច និងអំណាចទាំងឡាយ បានចុះចូលនឹងព្រះអង្គផងដែរ។