១ ពេត្រុស ២
២ដូច្នេះ ចូរអ្នករាល់គ្នាបោះបង់គ្រប់ទាំងការអាក្រក់ ឧបាយកល អំពើពុតត្បុត និងសេចក្តីច្រណែន ព្រមទាំងការនិយាយដើមគ្នា គ្រប់បែបយ៉ាងនោះចោលទៅ! ២ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ ដូចជាទារកដែលទើបនឹងកើត ធ្វើដូច្នោះដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ដរាបដល់ទទួលបានសេចក្ដីសង្គ្រោះ ៣ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ល្អ។
ថ្មដ៏រស់សម្រាប់ដំណាក់របស់ ព្រះជាម្ចាស់
៤ចូលមកឯព្រះអង្គ គឺជាថ្មដ៏រស់ដែលត្រូវមនុស្សបោះបង់ចោល ប៉ុន្ដែព្រះជាម្ចាស់បានជ្រើសរើស ព្រោះមានតម្លៃ។ ៥អ្នករាល់គ្នាក៏ដូចជាថ្មដ៏រស់ដែរ កំពុងតែបានសង់ឡើង ឲ្យទៅជាដំណាក់ខាងវិញ្ញាណ និងជាសង្ឃដ៏បរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដ ៦ដ្បិតមានសេចក្ដីចែងទុកនៅក្នុងបទគម្ពីរថា៖ «មើល៍ យើងបានដាក់ថ្មមួយ នៅក្រុងស៊ីយ៉ូន ជាថ្មនៅតាមជ្រុងដ៏មានតម្លៃ ដែលបានជ្រើសរើស ហើយអ្នកណាជឿលើថ្មនោះ អ្នកនោះនឹង មិនត្រូវខកចិត្តឡើយ»។ ៧ដូច្នេះ ថ្មនេះមានតម្លៃសម្រាប់អ្នករាល់គ្នាដែលជឿ ប៉ុន្តែសម្រាប់អ្នកមិនជឿវិញ ថ្មនេះជា ថ្មដែលជាងសំណង់បោះបង់ចោលនោះ ត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ៨ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្ម ដែលធ្វើឲ្យរវាតចិត្ត ហើយគេជំពប់ដួល ពីព្រោះគេមិនស្តាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុក សម្រាប់ការនោះឯង។
៩រីឯអ្នករាល់គ្នា ជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្រ្តដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពី កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ ១០កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្រ្ត របស់ព្រះជាម្ចាស់ ហើយពីដើមអ្នករាល់គ្នា មិនបានទទួលសេចក្តីមេត្តាករុណាទេ ប៉ុន្ដែ ឥឡូវនេះ អ្នករាល់គ្នាទទួលបានហើយ។
១១បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដែលជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសចេញពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលទាស់នឹងព្រលឹង ១២ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយបង្ខូចអ្នករាល់គ្នា ទុកដូចជាអ្នកប្រព្រឹត្តអាក្រក់ក៏ដោយ។
ការចុះចូលនឹងអ្នកដឹកនាំ
១៣ដោយព្រោះព្រះអម្ចាស់ ចូរចុះចូលនឹងអំណាចទាំងអស់ របស់មនុស្ស មិនថា ចំពោះស្ដេចដែលមានអំណាចឧត្ដម ១៤ឬលោកអភិបាលដែលស្ដេចបានចាត់ឲ្យដាក់ទោស ពួកអ្នកប្រព្រឹត្ដអាក្រក់ និងសរសើរពួកអ្នកប្រព្រឹត្តល្អនោះទេ ១៥ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្តិល្អ ជាបំណងរបស់ព្រះជាម្ចាស់។ ១៦ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះ បិទបាំងសេចក្តីអាក្រក់ឡើយ ផ្ទុយទៅវិញ ត្រូវប្រព្រឹត្ដឲ្យសម ជាបាវបម្រើរបស់ព្រះជាម្ចាស់។ ១៧ចូរគោរពមនុស្សទាំងអស់ ចូរស្រឡាញ់គ្នាជាបងប្អូន ចូរកោតខ្លាចព្រះជាម្ចាស់ ហើយគោរពស្ដេចផង។ ១៨ឱ បាវបម្រើរាល់គ្នាអើយ! ចូរចុះចូលនឹងចៅហ្វាយរបស់អ្នករាល់គ្នា ដោយកោតខ្លាចគ្រប់បែបយ៉ាង គឺមិនមែនត្រឹមតែចៅហ្វាយដែលល្អ ហើយស្លូតប៉ុណ្ណោះទេ គឺទាំងចៅហ្វាយដែលកាចផង។ ១៩ដ្បិតបើអ្នកណាម្នាក់រងទុក្ខដោយអយុត្តិធម៌ ហើយស៊ូទ្រាំ ដោយព្រោះស្គាល់បំណងរបស់ព្រះជាម្ចាស់ អ្នកនោះបានជាទីសព្វព្រះហឫទ័យដល់ព្រះអង្គហើយ។ ២០បើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយ ដោយព្រោះបានធ្វើបាប នោះតើមានកិត្ដិយសអ្វី? ប៉ុន្ដែ បើអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ដោយព្រោះបានប្រពឹ្រត្ដល្អ នោះទើបបានជាទីសព្វព្រះហឫទ័យ ដល់ព្រះជាម្ចាស់។
២១ដ្បិតព្រះអង្គ បានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដ ក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ ២២ព្រះអង្គមិនដែលប្រព្រឹត្តបាប ហើយក៏មិនដែលឃើញមានសេចក្ដីបោកប្រាស់ ចេញពីព្រះឱស្ឋរបស់ព្រះអង្គដែរ។ ២៣ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញ ព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ ដែលជំនុំជម្រះដោយសុចរិត។ ២៤ព្រះអង្គបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ ខាងឯបាប ហើយរស់ខាងឯសេចក្ដីសុចរិតវិញ ទាំងបានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ ២៥ដ្បិតកាលពីដើម អ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។