១ ពេត្រុស ១
១ ពេត្រុស
ពាក្យជម្រាបសួរពីលោកពេត្រុស
១ខ្ញុំ ពេត្រុស ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នក ដែលព្រះជាម្ចាស់បានជ្រើសរើស ហើយបានបែកខ្ញែកគ្នា ទៅស្នាក់នៅបណ្ដោះ អាសន្ននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា ២ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា ដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធ របស់ព្រះវិញ្ញាណដើម្បីឲ្យអ្នករាល់គ្នា ស្តាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែច្រើនឡើងៗ។
សេចក្ដីសង្ឃឹមអំពីជីវិតអស់កល្ប ជានិច្ច
៣គួរសរសើរព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលបានបង្កើតយើងជាថ្មី ស្របតាមសេចក្តីមេត្តាករុណា ដ៏លើសលប់របស់ព្រះអង្គដើម្បីឲ្យយើងបានចូលទៅក្នុងសេចក្តីសង្ឃឹមដ៏រស់ តាមរយៈការរស់ពីការសោយទិវង្គតឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ ៤និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតក ដែលមិនចេះពុករលួយ ឥតសៅហ្មង ហើយមិនចេះស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់ អ្នករាល់គ្នា ៥គឺអ្នករាល់គ្នាដែលព្រះជាម្ចាស់កំពុងតែថែរក្សា ដោយអំណាចរបស់ព្រះអង្គ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះ ដែលបានរៀបចំជាស្រេច ដើម្បីបើកសំដែងនៅគ្រាចុងក្រោយ។
៦ហេតុនេះហើយ បានជាអ្នករាល់គ្នាមានចិត្តរីករាយយ៉ាងខ្លាំង ទោះជាពេលនេះ អ្នករាល់គ្នាត្រូវរងទុក្ខលំបាកមួយរយៈពេលខ្លី ដោយសារសេចក្តីល្បួងផ្សេងៗក្ដី ៧ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាស ដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្តិយស នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
៨អ្នករាល់គ្នា មិនបានឃើញព្រះអង្គទេ ប៉ុន្ដែស្រឡាញ់ព្រះអង្គ ហើយទោះបីពេលនេះ អ្នករាល់គ្នាមិនទាន់បានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាជឿព្រះអង្គ ទាំងមានអំណរដ៏រកថ្លែងពុំបាន និងជាអំណរដ៏រុងរឿង ៩ព្រោះអ្នករាល់គ្នាទទួលបាន លទ្ឋផលនៃជំនឿរបស់អ្នករាល់គ្នា ដែលជាសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់អ្នករាល់គ្នា។
១០ចំពោះសេចក្ដីសង្គ្រោះនោះ ពួកអ្នកនាំព្រះបន្ទូល ដែលបានថ្លែងអំពីព្រះគុណសម្រាប់អ្នករាល់គ្នា បានខំស្វែងរក និងស្រាវជ្រាវ ១១ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណា ដែលនឹងកើតឡើងសម្រាប់សេចក្តីបន្ទាល់ ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ គង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់ អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។
១២ពួកគេបានទទួល ការបើកសំដែងអំពីសេចក្ដីទាំងនោះ មិនមែនសម្រាប់ពួកគេទេ គឺសម្រាប់បម្រើអ្នករាល់គ្នាវិញ ជាសេចក្ដីដែលពួកអ្នកប្រកាសដំណឹងល្អ បានប្រកាសប្រាប់អ្នករាល់គ្នានៅពេលឥឡូវនេះ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលបានចាត់មកពីស្ថានសួគ៌ ហើយពួកទេវតាក៏ប្រាថ្នាចង់ឃើញសេចក្ដីទាំងនោះដែរ។
ការត្រាស់ហៅឲ្យរស់នៅដោយបរិសុទ្ធ
១៣ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្តគំនិតជាស្រេច កុំភេ្លចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុង លើព្រះគុណ ដែលនឹង ប្រទានមកអ្នករាល់គ្នានៅពេលព្រះយេស៊ូគ្រិស្ដលេចមក ១៤ចូរធ្វើដូចជាកូនដែលស្តាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្តីប៉ងប្រាថ្នា ដែលអ្នករាល់គ្នាធ្លាប់មាន កាលដែលនៅល្ងង់ខ្លៅនោះឡើយ ១៥ប៉ុន្ដែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធខាងឯការប្រព្រឹត្តិទាំងអស់ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ព្រះអង្គបរិសុទ្ធ។ ១៦ដ្បិតមានសេចក្ដីចែងទុកថា៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ព្រោះយើងបរិសុទ្ធ»។
១៧បើអ្នករាល់គ្នាហៅ ព្រះអង្គដែលជំនុំជម្រះម្នាក់ៗ ទៅតាមការប្រព្រឹត្តិឥតយល់មុខអ្នកណាឡើយថា ព្រះវរបិតា នោះ ចូររស់នៅដោយកោតខ្លាចព្រះអង្គក្នុងកាលដែលអ្នករាល់គ្នា ស្នាក់នៅក្នុងជីវិតនេះចុះ ១៨ទាំងដឹងថា អ្នករាល់គ្នាបានទទួលការលោះឲ្យរួចពី កិរិយាឥតប្រយោជន៍ ដែលបន្ដពីដូនតារបស់អ្នករាល់គ្នានោះ មិនមែនដោយរបស់ដែលត្រូវពុករលួយដូចជាមាស ឬប្រាក់ឡើយ ១៩គឺបានលោះដោយសារឈាមដ៏វិសេសរបស់ព្រះគ្រិស្ដ ដែលជាកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម ២០ដែលបានជ្រើសរើស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែទើបតែនឹងបង្ហាញខ្លួនឲ្យឃើញ នៅគ្រាចុងក្រោយនេះ សម្រាប់អ្នករាល់គ្នា។
២១តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គដើម្បីឲ្យអ្នករាល់គ្នាមានជំនឿ និងមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់។
២២អ្នករាល់គ្នាបានជម្រះចិត្ដរបស់ខ្លួនឲ្យបានបរិសុទ្ធ ដោយស្តាប់បង្គាប់តាមសេចក្ដីពិតដើម្បីឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូន ដែលឥតពុតត្បុត គឺត្រូវស្រឡាញ់គ្នា ទៅវិញទៅមកយ៉ាងខ្លាំងដោយចិត្តបរិសុទ្ធចុះ ២៣ដ្បិតអ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីពូជដែលពុករលួយទេ ប៉ុន្ដែពីពូជដែលមិនចេះពុករលួយ គឺជាព្រះបន្ទូលដ៏រស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះជាម្ចាស់។ ២៤ដ្បិតមនុស្សទាំងអស់ប្រៀបដូចជា ស្មៅ ហើយសិរីរុងរឿងរបស់ពួកគេ ប្រៀបដូចជាផ្កាស្មៅដែរ។ ពេលស្មៅក្រៀមស្វិត នោះផ្កាស្មៅក៏រុះរោយទៅ ២៥ប៉ុន្ដែព្រះបន្ទូលរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះបន្ទូលនេះជាដំណឹងល្អ ដែលបានប្រកាសមកអ្នករាល់គ្នា។