KCB - ១ យ៉ូហាន ៥


១ យ៉ូហាន ៥

ជំនឿ​នៅ​ក្នុងព្រះរាជ​បុត្រា​​របស់ ព្រះជាម្ចាស់​

អស់អ្នក​ដែល​ជឿ​ថា​ ព្រះ​យេស៊ូ​ជា​ព្រះ​គ្រិស្ដ អ្នកនោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អស់អ្នកដែល​ស្រឡាញ់​ព្រះអង្គ ​ដែល​បាន​បង្កើត​ខ្លួន​មក ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​​ពី​ព្រះអង្គ​ដែរ។​ ដោយ​របៀប​នេះ​ហើយ​ដែល​​​យើង​ដឹង​ថា យើង​​ស្រឡាញ់​កូនៗ​របស់​ព្រះជាម្ចាស់‍ គឺនៅពេល​យើង​ស្រឡាញ់​ព្រះជាម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ព្រះ​អង្គ។​ ដ្បិត​នេះ​​ជា​សេចក្ដី​ស្រឡាញ់​ដល់​​ព្រះជាម្ចាស់ គឺ​ឲ្យ​យើង​កាន់​តាម​បញ្ញត្តិ​​របស់​ព្រះអង្គ ហើយ​បញ្ញត្តិ​​របស់​ព្រះអង្គ​ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​ ដ្បិត​​អស់​អ្នកដែល​កើត​ពី​ព្រះជាម្ចាស់ឈ្នះ​លោកិយ​នេះ ហើយ​នេះ​ជា​ជ័យជម្នះ ​ដែលឈ្នះលោកិយ​នេះ​ គឺជំនឿ​របស់​យើង។ តើ​អ្នក​ណា​​ជា​​អ្នក​ឈ្នះ​លោកិយ​នេះ?​ គឺ​ជា​អ្នក​ដែល​ជឿ​ថា ព្រះ​​យេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់។​

ព្រះ​​​យេស៊ូ​គ្រិស្ដ​នេះ​ហើយ​ដែល​បាន​​យាង​មក​ដោយ​​ទឹក និង​ឈាម​ ហើយ​មិន​មែន​តែ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​មាន​​ទាំង​ទឹក និង​ឈាម​ រីឯ​ព្រះវិញ្ញាណ​ជា​​អ្នក​ធ្វើបន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដី​ពិត។​ ដ្បិត​មានបី​ដែលធ្វើបន្ទាល់​​ ​គឺ​ព្រះវិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ធ្វើ​បន្ទាល់​តែមួយ​ទេ​‍។​ បើ​យើង​ទទួល​ស្គាល់ ​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះជាម្ចាស់​វិសេសជាង​ទៅ​ទៀត ដ្បិតនេះជា​ សេចក្ដី​បន្ទាល់​របស់​ព្រះ​ជាម្ចាស់​ គឺ​​ព្រះអង្គ​បាន​ធ្វើ​បន្ទាល់​​អំពី ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ១០អ្នក​ណា​ដែល​ជឿ​លើ​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់ អ្នកនោះ​ មាន​សេចក្ដី​បន្ទាល់​នៅក្នុង​ខ្លួន រីឯអ្នកណា ដែល​មិន​ជឿ​លើព្រះជាម្ចាស់ អ្នកនោះ​បាន​​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ហើយ ព្រោះ​មិន​បាន​ជឿ​លើ​សេចក្ដី​បន្ទាល់ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​បន្ទាល់​អំពី ​ព្រះរាជ​បុត្រា​​របស់​ព្រះអង្គ ១១​ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់ គឺ​ថាព្រះជាម្ចាស់​ បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​ដល់​​យើង ហើយ​​ជីវិត​នេះ​មាន​នៅក្នុងព្រះរាជបុត្រា​របស់​ព្រះអង្គ។​ ១២អ្នក​ណា​ដែល​មាន​ព្រះរាជ​បុត្រា អ្នកនោះ​មាន​ជីវិត ប៉ុន្ដែ​អ្នក​ណា​ដែល​​គ្មាន​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។​

សេចក្ដី​បញ្ចប់​

១៣ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នា ដែល​​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះជា​ម្ចាស់ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​​ជីវិត​អស់កល្ប​ជានិច្ច‍។​ ១៤នេះ​ជា​សេចក្ដីក្លាហាន​​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ គឺ​ថា បើ​យើងសុំ​​អ្វី ​តាម​បំណង​​របស់​ព្រះអង្គ នោះ​​ព្រះអង្គ​នឹង​ស្តាប់​យើង‍។​ ១៥បើ​យើង​ដឹង​ថា ព្រះអង្គ​ស្តាប់​យើង​​​គ្រប់​អ្វី​ដែល​យើងសុំ នោះយើង​ក៏​ដឹង​ដែរ​ថា ​យើង​​បាន​អ្វី​​ ដែល​យើង​សុំពី​​ព្រះអង្គហើយ។​

១៦បើ​អ្នកណា​ឃើញ ​បងប្អូន​​​ខ្លួន​ប្រព្រឹត្ត​បាប ដែល​​មិន​បណ្ដាល​ឲ្យ​​ស្លាប់​ ចូរ​ទូល​សុំ​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​ដល់​អ្នក​ប្រព្រឹត្ដ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះ ប៉ុន្ដែ​មាន​បាប​ដែលបណ្ដាល​ឲ្យ​ស្លាប់ ហើយ​ចំពោះបាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នាឲ្យ​ទូល​សុំ​ទេ។​ ១៧គ្រប់​​ទាំង​អំពើ​ទុច្ចរិត​ជា​បាប ហើយ​ក៏​មាន​​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ដែរ។​​

១៨យើង​ដឹង​ថា អស់អ្នក​​​ដែល​កើត​ពី​ព្រះជាម្ចាស់ ​នោះ​មិន​ប្រព្រឹត្ត​បាប​​ឡើយ ព្រោះ​ព្រះអង្គ ​ដែល​ប្រសូត​ពី​ព្រះ​ជា​ម្ចាស់​​បាន​ការពារ​អ្នកនោះ ហើយ​អារក្ស​សាតាំង​ មិន​​ប៉ះពាល់​អ្នកនោះបាន​​ឡើយ។​ ១៩យើង​ដឹង​ថា យើង​មក​​ពី​ព្រះជាម្ចាស់ រីឯ​​លោកិយ​​ទាំងមូល​វិញ​ស្ថិត​នៅក្រោម​ ​អំណាច​របស់​អារក្ស​​សាតាំង​​​ ២០ហើយ​យើង​ក៏​ដឹង​ថា ព្រះរាជបុត្រា​របស់​​ព្រះជាម្ចាស់​បាន​យាង​មក ទាំង​បាន​ប្រទាន​​ប្រាជ្ញា​ដល់​​យើង ដើម្បី​ឲ្យ​ស្គាល់​ព្រះ​​ដ៏​ពិត ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ គឺ​នៅក្នុង​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះរាជបុត្រា​របស់​ព្រះ​អង្គ។​​ ព្រះរាជបុត្រា​​នេះ​ហើយ​​ជា​ព្រះ​ដ៏​ពិត និង​​ជា​ជីវិត​អស់​កល្ប​​ជានិច្ច។​ ២១កូន​តូចៗ​​អើយ!​ ចូរ​រក្សា​​ខ្លួន​​ឲ្យ​ផុត​​ពី​ការ​​ថ្វាយ​បង្គំ​​រូប​ព្រះ​៕

១ យ៉ូហាន ៥