១ យ៉ូហាន ៣
ការរស់នៅជាកូនរបស់ព្រះជាម្ចាស់
៣មើល៍ ព្រះវរបិតាប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងត្រូវបានហៅថាជាកូនរបស់ព្រះអង្គ ហើយយើងជាកូនរបស់ព្រះអង្គមែន ដូច្នេះហើយបានជាលោកិយមិនស្គាល់យើង ព្រោះគេមិនស្គាល់ព្រះអង្គ។ ២បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះ យើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។ ៣អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។
៤រីឯអស់អ្នកដែលប្រព្រឹត្តបាប នោះក៏ប្រព្រឹត្តល្មើសក្រឹត្យវិន័យដែរ ដ្បិតបាបជាការល្មើសក្រឹត្យវិន័យ។ ៥អ្នករាល់គ្នាដឹងហើយថា ព្រះអង្គបានលេចមក ដើម្បីដកយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។ ៦អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។
៧កូនតូចៗអើយ! ចូរកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ អ្នកដែលប្រព្រឹត្តតាមសេចក្តីសុចរិត នោះជាមនុស្សសុចរិត ដូចជាព្រះអង្គសុចរិតដែរ ៨ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តបាប នោះមកពីអារក្សសាតាំងទេ ព្រោះអារក្សសាតាំង បានប្រព្រឹត្ដបាបតាំងពីដើមដំបូងមក ហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានលេចមក ដើម្បីបំផ្លាញ កិច្ចការរបស់អារក្សសាតាំង។ ៩អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្តបាបឡើយ ព្រោះពូជរបស់ព្រះអង្គ ស្ថិតនៅក្នុងអ្នកនោះ ដូច្នេះហើយបានជាមិនអាចប្រព្រឹត្ដបាបបានឡើយ ដ្បិតគេកើតពីព្រះជាម្ចាស់ ១០កូនរបស់ព្រះជាម្ចាស់ និងកូនរបស់អារក្សសាតាំង ត្រូវបានបង្ហាញឲ្យឃើញច្បាស់តាមរបៀបនេះ គឺអស់អ្នក ដែលមិនប្រព្រឹត្តតាមសេចក្តីសុចរិត នោះមិនមែនមកពីព្រះជាម្ចាស់ទេ ហើយអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះជាម្ចាស់ដែរ។
ត្រូវស្រឡាញ់គ្នាទៅវិញទៅមក
១១នេះជាសេចក្តី ដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ១២មិនមែនដូចជាកាអ៊ីនដែលមកពីអារក្សសាតាំង ហើយបានសម្លាប់ប្អូនគាត់នោះទេ។ តើហេតុអ្វី បានជាគាត់សម្លាប់ប្អូនគាត់ដូច្នេះ? ព្រោះការប្រព្រឹត្តិរបស់គាត់អាក្រក់ ហើយការប្រព្រឹត្តិរបស់ប្អូនគាត់សុចរិត។ ១៣បងប្អូនអើយ! បើលោកិយស្អប់អ្នករាល់គ្នា ចូរកុំឆ្ងល់ឡើយ។
១៤យើងដឹងថា ដោយសារយើងស្រឡាញ់បងប្អូន យើងបានឆ្លងផុតពីសេចក្ដីស្លាប់ទៅឯជីវិត ហើយអ្នកដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតក្នុងសេចក្ដីស្លាប់នៅឡើយ។ ១៥អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ ហើយអ្នករាល់គ្នាដឹងថា ឃាតករគ្មានជីវិតអស់កល្បជានិច្ច ក្នុងខ្លួនទេ។
១៦យើងស្គាល់ សេចក្ដីស្រឡាញ់តាមរបៀបនេះ គឺដោយព្រោះព្រះអង្គបានលះបង់ជីវិតរបស់ព្រះអង្គ ជំនួសយើង យើងក៏ត្រូវលះបង់ជីវិតរបស់យើងជំនួសបងប្អូនដែរ។ ១៧បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតក្នុងអ្នកនោះបាន?
១៨កូនតូចៗអើយ! យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដី ឬបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវស្រឡាញ់ដោយការប្រព្រឹត្តិ និងសេចក្ដីពិត១៩ហើយដោយរបៀបនេះ យើងដឹងថា យើងមកពីសេចក្ដីពិត និងបានធ្វើឲ្យចិត្តរបស់យើង ស្ងប់នៅចំពោះព្រះអង្គ ២០ព្រោះព្រះជាម្ចាស់ ធំជាងចិត្តរបស់យើង ហើយព្រះអង្គជ្រាបគ្រប់ការទាំងអស់ ទោះបីចិត្តរបស់យើងចោទប្រកាន់យើងក៏ដោយ។
២១បងប្អូនជាទីស្រឡាញ់អើយ! បើចិត្តរបស់យើង មិនចោទប្រកាន់យើងទេ នោះយើងមានចិត្តក្លាហាន នៅចំពោះព្រះជាម្ចាស់ ២២ហើយយើងទូលសុំអ្វីក៏ដោយ នោះយើងនឹងទទួលបានពីព្រះអង្គ ព្រោះយើងកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ហើយប្រព្រឹត្តអ្វីដែលសព្វព្រះហឫទ័យព្រះអង្គ។ ២៣នេះជាបញ្ញត្តិរបស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាព្រះយេស៊ូគ្រិស្ដ ហើយឲ្យស្រឡាញ់គ្នាទៅវិញទៅមកតាមបញ្ញត្តិ ដែលព្រះអង្គបានប្រទានដល់យើង។ ២៤អ្នកណាដែលកាន់តាមបញ្ញត្តិរបស់ព្រះអង្គ អ្នកនោះនៅជាប់ក្នុងព្រះអង្គ ព្រះអង្គក៏នៅជាប់ក្នុងអ្នកនោះ ហើយដោយរបៀបនេះ យើងដឹងថា ព្រះអង្គគង់នៅក្នុងយើងដោយសារព្រះវិញ្ញាណ ដែលព្រះអង្គប្រទានដល់យើង។