KCB - ១ យ៉ូហាន ២


១ យ៉ូហាន ២

កូន​តូចៗ​​របស់ខ្ញុំអើយ!​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ ​មក​អ្នករាល់គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​​បាប ផ្ទុយទៅវិញ បើ​អ្នកណា​ម្នាក់​​ប្រព្រឹត្តបាប នោះ​យើង​មាន​អ្នកជំនួយម្នាក់​នៅ​ចំពោះ​ព្រះវរបិតា ​គឺ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះ​ដ៏​សុចរិត​ ព្រះអង្គ​ជា​យញ្ញបូជា​ប្រោស​លោះ​ ​សម្រាប់​​បាបរបស់​យើង ហើយ​មិនមែន​សម្រាប់​តែ​បាប​របស់​​យើង​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​បាប​របស់​ពិភព​លោក​ទាំង​មូល​​ដែរ។​ យើង​ដឹង​ថា​ យើងបានស្គាល់​ព្រះអង្គ​ដោយ​សារ​​សេចក្ដី​នេះ​ គឺ​បើយើង​កាន់​តាម​បញ្ញត្តិ​​របស់​ព្រះអង្គ‍។​ អ្នក​ណា​និយាយ​ថា ​ខ្ញុំ​បាន​ស្គាល់​​ព្រះអង្គ​ហើយ ប៉ុន្ដែ​មិន​កាន់​តាម​បញ្ញត្តិ​របស់​​ព្រះអង្គ អ្នកនោះ​ជា​អ្នក​កុហក​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នកនោះ​ទេ​ ផ្ទុយ​ទៅ​វិញ អ្នក​ណា​កាន់តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដីស្រឡាញ់​​របស់​ព្រះជាម្ចាស់​ ពិតជា​បាន​គ្រប់​​លក្ខណ៍​ ​នៅក្នុង​អ្នកនោះ។ យើង​ដឹង​ថា យើង​​នៅ​​ក្នុង​​ព្រះអង្គដោយសារ​​សេចក្ដី​នេះ ​​​​​ គឺអ្នកណា​ដែល​និយាយថា​ ខ្លួន​នៅ​ក្នុង​ព្រះអង្គ អ្នកនោះ​ត្រូវ​​​រស់នៅ​ ដូច​ព្រះអង្គ​រស់នៅ​ដែរ។​

បញ្ញត្ដិ​​ថ្មី​

បងប្អូន​ជា​ទី​​ស្រឡាញ់​អើយ!​ ខ្ញុំ​មិន​បាន​​សរសេរ​បញ្ញត្តិ​ថ្មី​ មក​អ្នករាល់គ្នា​ទេ ប៉ុន្តែជា​បញ្ញត្តិ​ចាស់‍ ​ដែល​អ្នករាល់គ្នា​មាន​តាំងពី​ដើម​ដំបូង​មក។ បញ្ញត្តិ​​ចាស់​នោះ​ជា​ព្រះបន្ទូល​ ដែល​​អ្នក​រាល់​គ្នា​បាន‍ឮ​រួច​ហើយ។​ យ៉ាង​ណា​មិញ ខ្ញុំ​​សរសេរ​​បញ្ញត្តិ​ថ្មី​មួយ​​មក​អ្នក​រាល់​គ្នា​​ ដែល​​ពិត​​នៅក្នុង​ព្រះអង្គ និង​នៅក្នុង​អ្នក​រាល់​គ្នាដែរ ព្រោះសេចក្ដី​ងងឹត​កំពុង​រលាយ​បាត់​​​ទៅ រី​ឯ​ពន្លឺ​​ដ៏​ពិត​កំពុង​បញ្ចេញពន្លឺស្រាប់ហើយ។

អ្នក​ណា​​ដែល​និយាយ​​ថា ​ខ្លួន​នៅ​ក្នុង​ពន្លឺ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​​ខ្លួន អ្នកនោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​រហូត​ដល់​​ពេលឥឡូវ​នេះ។‍ ១០​រីឯ​​​អ្នកណា​ដែល​​ស្រឡាញ់​​បងប្អូន​របស់​ខ្លួន អ្នកនោះ​នៅ​ក្នុង​ពន្លឺ ហើយ​​នៅ​ក្នុង​អ្នកនោះ​ គ្មាន​សេចក្តី​ដែល​​នាំឲ្យ​ជំពប់​ដួល​ឡើយ។​ ១១ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​បងប្អូន​ខ្លួន អ្នកនោះ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​ដើរ​ក្នុង​សេចក្ដីងងឹត​​​ ទាំង​មិន​ដឹង​ថា ​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​ បាន​​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ខ្វាក់​ទៅ​ហើយ។​ ១២​កូន​តូចៗ​​អើយ!​ ខ្ញុំ​សរសេរ​មក​​​អ្នករាល់គ្នា​ ពី​ព្រោះអ្នករាល់គ្នា​​ ​បានទទួលការ​លើកលែង​ទោស​​​បាប​​ហើយ ដោយ​សារ​​​​ព្រះ​នាម​របស់​​ព្រះអង្គ។​ ១៣ឪពុក​រាល់​គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ ដែល​​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​ ១៤ក្មេង​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា ​បាន​ស្គាល់​ព្រះវរ​បិតា​ហើយ‍។ ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ ដែល​​គង់​​នៅ​តាំង​ពី​ដើម​ដំបូង​មក។ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​មាន​​កម្លាំង ហើយព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​នៅក្នុង​អ្នករាល់គ្នា អ្នករាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

កុំ​រស់​នៅ​តាម​លោកិយ​

១៥កុំ​ស្រឡាញ់​លោកិយ ឬ​អ្វី​ៗនៅ​ក្នុង​លោកិយ​​នេះ បើ​អ្នកណា​ស្រឡាញ់​លោកិយ​ អ្នកនោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​ នៅក្នុង​ខ្លួន​ឡើយ​១៦ដ្បិត​អ្វីៗ​ទាំងអស់​ នៅក្នុង​លោកិយ​ ដូចជា​ សេចក្តីប៉ង​ប្រាថ្នាខាង​សាច់​ឈាម សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក និង​អំនួត​នៅក្នុង​ជីវិត‍ នោះមិន​មែន​មក​ពី​ព្រះវរបិតា​ទេ គឺមក​ពី​លោកិយ​វិញ ១៧ហើយលោកិយ​ និង​សេចក្ដី​​ប៉ង​ប្រាថ្នារបស់​​លោកិយ​​នេះ​​កំពុង​រលាយ​បាត់​​​ទៅ ប៉ុន្តែ​​អ្នកណា​ ដែល​ធ្វើ​តាម​បំណង​​របស់​ព្រះជាម្ចាស់​នឹង​ស្ថិត​នៅ​អស់​កល្ប​​ជានិច្ច‍។​

ការ​ព្រមាន​អំពីអ្នក​ប្រឆាំង​ព្រះគ្រិស្ដ

១៨ក្មេង​រាល់គ្នា​អើយ!​ ឥឡូវនេះជាគ្រាចុងក្រោយ ហើយដូចដែលអ្នករាល់គ្នា​បាន​ឮ​រួច​​ហើយ​ថា ​អ្នកប្រឆាំង​ព្រះ​គ្រិស្ដ​នឹង​មក ​ឥឡូវនេះ​មាន​ពួកអ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន បាន​មក​មែន​​ ដូច្នេះ​យើង​ដឹង​ថានេះ​ជា​គ្រា​ចុង​ក្រោយ​ហើយ។​​ ១៩ពួកគេ​បាន​ចេញ​ពី​ក្នុង​​ចំណោម​យើង​ទៅ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ ព្រោះ​បើ​ជា​គ្នា​យើង​មែន ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ ឃើញ​ថា​ ពួកគេ​ទាំងអស់​គ្នា​មិន​​មែន​ជា​គ្នា​យើង​ទេ។

២០រីឯ​​អ្នករាល់គ្នា​វិញ បាន​ទទួល​​ការ​ចាក់​ប្រេង​តាំង​ពី​ព្រះ​ដ៏​បរិសុទ្ធ ហើយអ្នក​រាល់​គ្នាក៏​​​​ស្គាល់​​ហើយ។​ ២១ខ្ញុំ​សរសេរ​មក​​អ្នករាល់គ្នា មិន​មែន​ដោយ​ព្រោះ​អ្នករាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​​ បាន​ស្គាល់​រួច​​ហើយ ហើយ​គ្មាន​សេចក្ដី​​ភូតភរ​ណា​ចេញ​មកពី​សេចក្ដី​ពិត​ឡើយ។​ ២២តើ​អ្នកណា​ជា​អ្នក​កុហក‍? គ្មាន​នរណា​ក្រៅពី​អ្នក​ដែលបដិសេធ​ថា​ ព្រះ​យេស៊ូ​មិន​មែន​ជា​ព្រះគ្រិស្ដនោះ​ទេ​ ហើយ​អ្នក​ដែលបដិសេធ​ព្រះវរបិតា និង​ព្រះរាជបុត្រា អ្នកនោះហើយជា​​អ្នក​​ប្រឆាំង​ព្រះ​គ្រិស្ដ។​ ២៣អស់អ្នកដែល​បដិសេធ​ព្រះរាជបុត្រា ​នោះ​គ្មាន​ព្រះ​វរ​បិតា​ទេ​ រីឯ​អ្នកណា​ ដែល​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា នោះ​ក៏​មានព្រះវរបិតា​ដែរ។​

២៤ចំពោះ​អ្នករាល់​គ្នា​វិញ ចូរ​ឲ្យ​សេចក្ដី​ដែល​​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដើមដំបូង​​មក បាន​នៅ​ជាប់​នឹង​អ្នករាល់គ្នា​ចុះ បើ​សិន​ជា​សេចក្ដី​ ដែល​អ្នក​រាល់​គ្នា​ឮ​តាំងពី​ដើម​ដំបូង​ បាន​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នករាល់គ្នា​ក៏​​នៅ​ជាប់​នឹង​ព្រះ​រាជ​បុត្រា និង​ព្រះវរបិតា​ដែរ។​ ២៥នេះ​ជា​សេចក្ដី​សន្យា​​ដែល​ព្រះអង្គ​បាន​សន្យា​ជាមួយ​យើង គឺ​ជា​ជីវិត​អស់កល្ប​ជានិច្ច។​

២៦ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នករាល់គ្នា​ អំពី​ពួក​អ្នក​ដែល​បោក​បញ្ឆោត​អ្នក​រាល់​គ្នា។​ ២៧រីឯ​​អ្នក​រាល់គ្នា​វិញ ប្រេង​តាំង​ដែល​អ្នក​រាល់​គ្នា​​បាន​ទទួល​ពី​ព្រះអង្គ​មក​ ស្ថិត​​​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ ដូច្នេះ​អ្នក​រាល់​គ្នា​មិនចាំ​បាច់​ឲ្យ​អ្នកណា​បង្រៀន ​អ្នក​រាល់​គ្នា​​ទៀត​ទេ ដ្បិត​​​ប្រេង​តាំងរបស់​ព្រះអង្គ​​​បង្រៀន​​អ្នករាល់គ្នា​អំពីគ្រប់​ការ​ទាំង​អស់​ ហើយ​ជាសេចក្ដីពិត មិន​មែន​​ជា​សេចក្ដី​ភូតភរ​ទេ ដូច្នេះ​ចូរនៅ​ជាប់​នឹង​​​ព្រះអង្គ​ ដូចដែល​ព្រះអង្គ​ បាន​បង្រៀន​អ្នក​រាល់​គ្នាចុះ។​ ២៨ឥឡូវ​នេះ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​​ព្រះអង្គ​ចុះ ដើម្បី​ឲ្យ​យើង​មានសេចក្ដីក្លាហាន ​​នៅពេល​ដែល​​ព្រះ​អង្គ​​បង្ហាញ​ខ្លួន​​ ព្រមទាំ​ង​មិន​​ខ្មាស​​នៅ​​ពីមុខ​ព្រះអង្គ​ ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​​មក​វិញ។​ ២៩បើ​អ្នក​រាល់​គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិត នោះ​អ្នករាល់គ្នា​ក៏​​ដឹង​ដែរ​ថា​ អស់​អ្នកដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​កើត​ពី​ព្រះអង្គ។

១ យ៉ូហាន ២