KCB - ១ យ៉ូហាន ១


១ យ៉ូហាន ១

១ យ៉ូហាន

ព្រះបន្ទូលនៃ​ជីវិត​

អ្វី​ដែល​​​មាន តាំង​ពី​ដើម​ដំបូងមក ជាអ្វីដែល​យើង​បាន​ឮ និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​ គឺអំពី​​ព្រះបន្ទូល​នៃ​ជីវិត ​​ដ្បិត​ជីវិត​នោះ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញហើយ ដូច្នេះ​យើង​បាន​ឃើញ និងធ្វើ​បន្ទាល់​ ព្រមទាំងប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះវរបិតា ហើយ​បាន​បង្ហាញ​ឲ្យ​យើង​​ឃើញ។​ ដូច្នេះ អ្វី​ដែល​យើង​បាន​ឃើញ និង​បាន​​ឮ​នោះ យើង​​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ មាន​សេចក្ដី​​ប្រកប​ជាមួយ​យើង​ដែរ ហើយ​សេចក្ដី​ប្រកប​​របស់​យើង​​ ជា​សេចក្ដី​​ប្រកប​ជាមួយ​ព្រះវរ​បិតា និង​​ជាមួយព្រះ​យេស៊ូ​​គ្រិស្ដ ​​ជា​​ព្រះរាជបុត្រា​​របស់​ព្រះ​អង្គ។​ យើង​សរសេរ​សេចក្ដី​ទាំងនេះ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញបរិបូរ។

ជីវិត​នៅ​ក្នុងពន្លឺ​

នេះ​​ជា​​សេចក្ដី​​ ដែល​យើង​បាន​ឮ​ពី​ព្រះអង្គ​មក​ ហើយ​​ប្រកាស​ប្រាប់​អ្នករាល់គ្នា​ គឺថា ព្រះ​ជា​ម្ចាស់​​ជា​ពន្លឺ ហើយ​គ្មាន​សេចក្ដី​ងងឹត​ ​នៅក្នុង​ព្រះអង្គឡើយ​​ បើ​យើង​និយាយ​ថា យើង​មាន​សេចក្ដី​ប្រកប​​ជាមួយ​ព្រះអង្គ ប៉ុន្ដែ​ដើរ​ក្នុង​សេចក្ដី​ងងឹត នោះ​​យើង​កុហក​​ ហើយ​មិន​ប្រព្រឹត្តតាម​សេចក្ដី​ពិត​ទេ។​ ប៉ុន្ដែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​ ដូច​ដែល​​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្ដី​​ប្រកប​ជាមួយ​គ្នា​ទៅវិញ​ទៅមក ហើយ​ឈាម​របស់​ព្រះ​យេស៊ូ​​ ជា​ព្រះរាជបុត្រា​របស់​​ព្រះជាម្ចាស់​​ ក៏​សំអាត​យើង​ពី​​បាប​ទាំង​អស់ផង។​

បើ​យើង​និយាយ​ថា​ យើង​គ្មាន​បាប​ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​យើង​ទេ​ ប៉ុន្ដែ​បើ​យើងទទួល​សារភាព​បាបរបស់​​យើង​ នោះ​ព្រះអង្គ​​ស្មោះ​ត្រង់ និង​សុចរិត​ ​ព្រះអង្គនឹង​លើក​លែង​ទោស​បាប ​របស់​យើង ព្រមទាំង​សំអាត​យើង ​ពី​អំពើ​ទុច្ចរិត​ទាំងអស់​​​​ផង។​ ១០បើ​យើង​និយាយ​ថា​ យើង​មិន​ដែល​ប្រព្រឹត្តបាប​ នោះ​យើង​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​​ជា​អ្នក​កុហក ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​ មិន​នៅ​ក្នុង​យើង​ទេ។

១ យ៉ូហាន ១