១ កូរិនថូស ៩
សិទិ្ធរបស់សាវក
៩តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំ នៅក្នុងព្រះអម្ចាស់ទេឬ? ២ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទី ជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
៣ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា ៤តើយើងគ្មានសិទ្ធិស៊ីផឹកទេឬ? ៥តើយើងគ្មានសិទ្ធិនាំប្រពន្ធ ដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ? ៦តើខ្ញុំ និងលោកបារណាបាស គ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ? ៧មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។ ៨ខ្ញុំនិយាយសេចក្ដីទាំងនេះ មិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយ អំពីសេចក្ដីទាំងនេះដែរទេឬ? ៩ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ ១០ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវគួរតែបញ្ជាន់ដោយសង្ឃឹមថា នឹងទទួលបានចំណែក ១១បើយើងសាបព្រោះរបស់ខាងវិញ្ញាណ ដល់អ្នករាល់គ្នា ហើយច្រូតយករបស់ខាងសាច់ឈាមពីអ្នករាល់គ្នាវិញ តើហួសហេតុពេកឬ? ១២បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នានោះ តើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែ យើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យយើង ធ្វើឲ្យមានឧបសគ្គណាមួយ ដល់ដំណឹងល្អរបស់ព្រះគ្រិស្ដ ឡើយ។ ១៣អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែក ពីកន្លែងថ្វាយតង្វាយដែរ ១៤ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។ ១៥ប៉ុន្ដែ ខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យ បានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ ១៦ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ ១៧ព្រោះបើខ្ញុំធ្វើការនេះដោយស្ម័គ្រចិត្ត នោះខ្ញុំមានរង្វាន់ ប៉ុន្ដែបើធ្វើដោយមិនស្ម័គ្រចិត្តវិញ នោះនៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ១៨ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អ ដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ ១៩ថ្វីបើខ្ញុំមិនត្រូវបម្រើមនុស្សណាមែន ប៉ុន្ដែខ្ញុំបានធ្វើឲ្យខ្លួនឯង ត្រលប់ជាបាវបម្រើដល់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះ ដល់មនុស្សកាន់តែច្រើន។ ២០នៅចំពោះជនជាតិយូដា ខ្ញុំត្រលប់ដូចជាជនជាតិយូដា ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះ ដល់ជនជាតិយូដា រួចនៅចំពោះពួកអ្នកនៅក្រោមគម្ពីរវិន័យ ខ្ញុំត្រលប់ដូចជាអ្នកនៅក្រោមគម្ពីរវិន័យ ទោះបីខ្ញុំមិននៅក្រោមគម្ពីរវិន័យក៏ដោយ គឺដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះ ដល់ពួកអ្នកនៅក្រោមគម្ពីរវិន័យ ២១នៅចំពោះពួកអ្នកគ្មានក្រឹត្យវិន័យ ខ្ញុំត្រលប់ដូចជាអ្នកគ្មានក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះ ដល់ពួកអ្នកគ្មានក្រឹត្យវិន័យ (ខ្ញុំមិនមែនរស់នៅដោយគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំនៅក្រោមក្រឹត្យវិន័យ របស់ព្រះគ្រិស្ដ) ២២ខ្ញុំបានត្រលប់ជាអ្នកទន់ខ្សោយ នៅចំពោះពួកអ្នកទន់ខ្សោយ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះ ដល់ពួកអ្នកទន់ខ្សោយ។ ខ្ញុំបានត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះមនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចសង្គ្រោះមនុស្សខ្លះបាន ដោយមធ្យោបាយគ្រប់យ៉ាង ២៣ហើយខ្ញុំធ្វើគ្រប់បែបយ៉ាងសម្រាប់ដំណឹងល្អ ដើម្បីឲ្យខ្ញុំត្រលប់ជាអ្នករួមចំណែក នៅក្នុងដំណឹងល្អ។ ២៤អ្នករាល់គ្នាមិនដឹងទេឬថា នៅក្នុងទីប្រណាំង អ្នករត់ប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្ដែមានតែម្នាក់ប៉ុណ្ណោះដែលទទួលបានរង្វាន់ ដូច្នេះចូររត់ដើម្បីឲ្យបានរង្វាន់ចុះ។ ២៥កីឡាករគ្រប់គ្នា ដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដ ដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដ ដែលមិនចេះពុករលួយឡើយ ២៦ដូច្នេះខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មានគោលដៅទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។ ២៧ខ្ញុំលត់ដំរូបកាយរបស់ខ្ញុំឲ្យត្រលប់ជាអ្នកបម្រើ ក្រែងលោពេលខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃនោះ ខ្ញុំខ្លួនឯង បែរជាត្រូវបានបដិសេធចោលទៅវិញ។