KCB - ១ កូរិនថូស ៨


១ កូរិនថូស ៨

សំណែនដល់​រូបព្រះ​

ឥឡូវនេះ ចំពោះ​សំណែន​​ដល់​រូប​ព្រះ យើង​ដឹង​ថា យើង​ចេះដឹង​ទាំងអស់​គ្នាហើយ។ ការ​ចេះ​ដឹងនាំ​ឲ្យអួតខ្លួន ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​ស្អាង​​ចិត្ត។ ​បើ​អ្នកណា​ម្នាក់​ស្មាន​ថា​ខ្លួន​ចេះ​អ្វី​មួយ អ្នកនោះ​មិន​ទាន់​ចេះ​តាម​​ដែល​ខ្លួន​ត្រូវ​ចេះ​ទេ ប៉ុន្ដែ​បើ​អ្នកណា​ស្រឡាញ់​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។​

ដូច្នេះ ចំពោះ​ការ​បរិភោគ​​សំណែន​ដល់​រូប​ព្រះ គឺ​យើង​ដឹង​ហើយ​ថា រូប​ព្រះ​នៅក្នុង​លោកិយ​នេះ​ គ្មាន​បាន​ការ​អ្វី​ឡើយ ហើយ​យើង​ដឹង​ទៀត​ថា ក្រៅ​ពី​ព្រះជាម្ចាស់​ គ្មាន​ព្រះ​ឯណា​ទៀតឡើយ​ ដ្បិត​ទោះបី​ជា​មាន​អ្វីៗ​ ដែល​គេ​ហៅ​ថា​ព្រះ ទាំង​នៅ​លើ​មេឃ ឬ​នៅ​លើ​ដី ហើយ​ទោះបី​ជា​មាន​ព្រះ​ច្រើន និង​ព្រះអម្ចាស់​ច្រើនក៏​ដោយ​​ ក៏​​យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​ប៉ុណ្ណោះ​ គឺជា​ព្រះវរបិតា​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ ព្រមទាំង​យើង ដែល​សម្រាប់​ព្រះអង្គ​ដែរ ហើយ​យើង​មាន​ព្រះ​អម្ចាស់​យេស៊ូគ្រិស្ដ​តែ​មួយប៉ុណ្ណោះ​ ​ដែលរបស់​សព្វ​សារពើ​បាន​កើត​​មក​ដោយសារ​ព្រះអង្គ​ ហើយ​យើងក៏​កើត​មក​ ដោយ​សារ​ព្រះអង្គ​ដែរ ប៉ុន្ដែ ​មិន​​មែន​មនុស្ស​ទាំងអស់​មាន​ការ​ចេះដឹង​បែប​នេះទេ ដ្បិតមាន​​អ្នក​ខ្លះ ដោយ​សារ​តែ​ធ្លាប់​ថ្វាយ​បង្គំ​រូប​ព្រះ​ រហូត​ដល់​ពេលនេះ​ បានជា​គេ​​បរិភោគ​សំណែន​ដល់​រូប​ព្រះ ដូច្នេះ​ហើយ​មនសិការ​ទន់​ខ្សោយ​របស់​គេ​​ ត្រលប់​​ជា​ស្មោកគ្រោក។ ប៉ុន្ដែ​អាហារ​មិន​ធ្វើ​ឲ្យយើង​ ឃ្លាត​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ឡើយ ដ្បិត​ទោះបី​យើង​មិន​បរិភោគ ​ក៏​មិន​អាក្រក់​​ជាង​​មុន​ ហើយ​បើ​យើង​បរិភោគ​នោះ ​ក៏​មិន​ប្រសើរ​​ជាង​មុន​ដែរ ប៉ុន្ដែចូរ​ប្រយ័ត្ន​ ក្រែងលោសិទ្ធិ​របស់​អ្នករាល់គ្នា​នេះ ត្រលប់​ជា​ធ្វើ​ឲ្យ​​​ពួក​អ្នក​ទន់​ខ្សោយ​ជំពប់ដួលតាម​របៀប​ណា​មួយ ១០ដ្បិត​​បើ​អ្នកណា​ម្នាក់ ​ឃើញ​អ្នក​ជា​មនុស្សម្នាក់​ ដែល​មាន​ការចេះដឹង​​​កំពុង​អង្គុយ​បរិភោគ​នៅ​ក្នុង​វិហារ​ ដែល​មាន​រូប​ព្រះ តើ​មនសិការ​ទន់​ខ្សោយ​របស់​គេ ​មិន​លើក​ទឹកចិត្ត​គេ​ ឲ្យបរិភោគ​សំណែន​ដែរ​ទេ‍ឬ‍? ​១១ដូច្នេះអ្នក​ទន់​ខ្សោយ គឺបងប្អូន​ដែល​ព្រះគ្រិស្ដ​ បាន​សោយ​ទិវង្គត​ជំនួស​នោះ​ ត្រូវ​វិនាស​ដោយសារ​ការចេះដឹង​​របស់​អ្នក​ហើយ។ ​១២ដោយសារអ្នក​រាល់គ្នា​​ធ្វើបាប​ទាស់​នឹង​បងប្អូន ហើយ​​ធ្វើឲ្យ​មនសិការ​ទន់​ខ្សោយ​របស់​ពួកគេ​របួស​ នោះ​អ្នករាល់គ្នា​ធ្វើបាប​ទាស់​នឹង​ព្រះ​គ្រិស្ដ​ហើយ ១៣ដូច្នេះបើ​អាហារ​ណា​​ធ្វើ​ឲ្យបងប្អូន​របស់​ខ្ញុំ​ជំពប់ដួល ខ្ញុំ​មិន​​បរិភោគ​អាហារ​នោះជា​រៀង​រហូត ដើម្បីកុំ​ឲ្យ​​​ខ្ញុំ​​ធ្វើ​ឲ្យបងប្អូន​របស់​ខ្ញុំ​ជំពប់ដួល‍។

១ កូរិនថូស ៨