KCB - ១ កូរិនថូស ៦


១ កូរិនថូស ៦

ការចៀសវាងពីការប្តឹងផ្តល់គ្នាក្នុងចំណោមគ្រិស្ដ​​បរិស័ទ

បើ​អ្នកណា​ម្នាក់​នៅក្នុង​ចំណោម​អ្នករាល់គ្នា​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ ម្ដេច​ក៏​ហ៊ាន​ឲ្យគេ​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិត ប៉ុន្ដែ​មិន​ហ៊ាន​នៅ​ចំពោះ​មុខ​ពួក​បរិសុទ្ធ​ដូច្នេះ ឬ​មួយ​អ្នករាល់គ្នា​មិន​ដឹង​ថា ​ពួក​បរិសុទ្ធ​នឹង​ជំនុំ​ជម្រះ​លោកិយ​នេះ ដូច្នេះបើ​លោកិយ​នេះ​ ត្រូវ​អ្នករាល់គ្នា​ជំនុំ​ជម្រះ​ទៅ​ហើយ តើ​អ្នករាល់គ្នា​គ្មាន​សមត្ថភាព​ក្នុង​ការ​ជំនុំ​ជម្រះ​រឿង​កំប៉ិច​កំប៉ុក​​ឬ​? ​តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា យើង​នឹង​ជំនុំ​ជម្រះ​ពួក​ទេវតាដែរ កុំ​ថា​ឡើយ​បញ្ហា​នៃ​ជីវិត​នេះ។ ចុះ​បើ​អ្នករាល់គ្នា​មាន​រឿង​ក្តី​នៅ​ក្នុង​ជីវិត​នេះ​មែន តើ​អ្នករាល់គ្នា​​ឲ្យពួក​អ្នក​ដែល​ក្រុម​ជំនុំ​មើលងាយ​ កាត់ក្ដី​ឲ្យ​ឬ​? ​​ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​ឲ្យអ្នករាល់គ្នា​ខ្មាស‍។ តើ​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា គ្មាន​អ្នកណា​ម្នាក់​ឈ្លាស​វៃ​​អាចនឹង​ជំនុំ​ជម្រះ​ឲ្យ​បងប្អូន​ឯង​បាន​ទេ​ឬ​? ​គឺ​បងប្អូន​ប្ដឹងផ្ដល់​បងប្អូន​ឯង ហើយ​នៅ​ចំពោះ​មុខ​អ្នក​មិន​ជឿ​ទៀត ​ដូច្នេះកាល​​អ្នករាល់គ្នា​មាន​រឿងក្ដី​នឹង​គ្នា​ឯង​ នោះអ្នករាល់គ្នាមាន​កំហុស​ទាំង​ស្រុង រួច​​​​ទៅ​ហើយ‍។ ហេតុអ្វី​មិនឲ្យគេ​ធ្វើខុស​​​លើ​ទៅ​ ហេតុអ្វី​មិន​ឲ្យ​គេគៃបន្លំ​​​លើ​ទៅ ​ដ្បិត​អ្នករាល់គ្នា​ក៏​ធ្វើ​ខុស ហើយក៏​គៃបន្លំ​ដែរ គឺ​ធ្វើ​បែប​នេះ​ដល់​​បងប្អូន​ឯង​ទៀត​​​ផង។

ការចៀសវាងពីបាបខាងផ្លូវភេទ

ឬ​មួយ​អ្នករាល់គ្នា​មិន​ដឹង​ថា មនុស្ស​​ទុច្ចរិត​ នឹង​មិន​​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតកទេឬ ចូរ​កុំ​ឲ្យចាញ់បញ្ឆោតឡើយ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ ពួក​ផិត​ក្បត់ ពួក​មនុស្ស​រួម​ភេទជាមួយ​ភេទ​ដូច​គ្នា​ ១០ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​មនុស្ស​ប្រមឹក ពួក​ប្រមាថ​គេ ព្រមទាំង​ពួក​មនុស្ស​បោក​ប្រាស់ ​នឹង​មិន​ទទួលបាន​​​នគរ​ព្រះជាម្ចាស់​ ទុក​ជា​មរតក​ឡើយ ១១ហើយ​បងប្អូន​ខ្លះ ​ក៏​ធ្លាប់​ជា​មនុស្សបែប​នោះ​​ដែរ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត ​ដោយ​សារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ និង​ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​ ១២ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់ ប៉ុន្ដែ​មិន​មែន​អ្វីៗ​ទាំងអស់​ សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន ប៉ុន្ដែ ​ខ្ញុំ​មិន​ឲ្យអ្វី​មួយ ​ គ្រប់​គ្រងលើ​ខ្ញុំ​បាន​ឡើយ‍។​ ១៣អាហារ​សម្រាប់​ក្រពះ​ ហើយ​ក្រពះ​ក៏​​សម្រាប់​អាហារ​ដែរ ប៉ុន្ដែ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​របស់​ទាំង​ពីរ​នេះ រីឯ​រូបកាយ​វិញ ​ មិន​មែន​សម្រាប់​អំពើ​អសីលធម៌​ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។​ ១៤ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះអម្ចាស់​ឲ្យរស់ឡើងវិញ ​នឹង​ប្រោស​យើង​ឲ្យរស់ឡើង​វិញ​ ដោយ​សារ​អំណាច​របស់​ព្រះអង្គ​ដែរ​ ១៥តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា រូបកាយ​របស់​អ្នករាល់គ្នា​ជា​អវយវៈ​របស់​ព្រះគ្រិស្ដ​? ដូច្នេះតើ​គួរឲ្យខ្ញុំ​​យក​អវយវៈ​របស់​ព្រះគ្រិស្ដ​ ​ធ្វើជា​អវយវៈ​របស់​ស្ដ្រី​​ពេស្យា‍បានឬ​? ទេ មិន​បាន​ជា​ដាច់ខាត​​ ១៦ឬ​មួយ​អ្នករាល់គ្នា​មិន​ដឹង​ថា អ្នក​ដែល​រួមរ័ក​​ជាមួយ​ស្រ្តី​ពេស្យា​ មាន​រូបកាយ​តែ​មួយ​ជាមួយ​នាង ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖ «អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​រូបកាយ​តែ​មួយ» ​១៧រីឯ​​អ្នក​ដែល​រួមរស់​ជាមួយ​ព្រះអម្ចាស់​ ក៏​មាន​វិញ្ញាណ​តែមួយ​ ជាមួយ​ព្រះអង្គ​ដែរ។

១៨ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាងផ្លូវភេទ‍។ បាប​ទាំង​ឡាយ​​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ធ្វើ​​​​​​​​​​​បាប​ទាស់​នឹង​រូប​កាយ​របស់​ខ្លួន​ហើយ​ ​១៩ឬ​មួយ​អ្នករាល់គ្នា​មិន​ដឹង​ថា​ រូបកាយ​របស់​អ្នករាល់គ្នា ​ជា​ព្រះ​វិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​នៅ​ក្នុង​អ្នករាល់គ្នា គឺ​ជា​ព្រះវិញ្ញាណ ​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នា​មិន​មែន​ជា​របស់​ខ្លួនឯង​ទៀត​ទេ ២០ដ្បិត​ព្រះអង្គ​ បាន​បង់ថ្លៃ​លោះ​អ្នករាល់គ្នា​រួច​​ហើយ ដូច្នេះចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​រូបកាយ​របស់​អ្នករាល់គ្នា​ចុះ។

១ កូរិនថូស ៦