១ កូរិនថូស ១៦
ការរៃអង្គាសសម្រាប់អ្នកជឿ នៅក្រុងយេរូសាឡិម
១៦ចំពោះការរៃអង្គាស សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយ នៅស្រុកកាឡាទីចុះ ២គឺរាល់ថ្ងៃទីមួយនៃសប្តាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា សន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះ មិនបាច់មានការរៃអង្គាសទៀតឡើយ។ ៣នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណា ដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម ៤ប៉ុន្ដែបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។
សំណូមពរផ្ទាល់ខ្លួនរបស់លោកប៉ូល
៥ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូន ទៅ ៦ប្រហែលជាខ្ញុំនឹងស្នាក់នៅ ជាមួយអ្នករាល់គ្នា ឬនៅជាមួយអ្នករាល់គ្នាពេញមួយរដូវរងារផង ដើម្បីឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅកន្លែងដែលខ្ញុំនឹងទៅ។ ៧ខ្ញុំមិនចង់ជួបអ្នករាល់គ្នា ពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថា នឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។ ៨ប៉ុន្ដែ ខ្ញុំនឹងស្នាក់នៅក្នុងក្រុងអេភេសូររហូតដល់ថ្ងៃបុណ្យទីហាសិប ៩ដ្បិតមានទ្វារយ៉ាងធំ បានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។
១០បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ ១១ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ត ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។
១២ចំពោះលោកអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នា ជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។
១៣ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។ ១៤ចូរធ្វើអ្វីៗទាំងអស់ ដោយសេចក្ដីស្រឡាញ់ចុះ ១៥បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ ១៦ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះ ដែរចុះ ព្រមទាំងមនុស្សទាំងអស់ ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។ ១៧ខ្ញុំត្រេកអរណាស់ ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាត របស់អ្នករាល់គ្នា ១៨ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ។ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
ពាក្យជម្រាបសួរចុងក្រោយរបស់លោកប៉ូល
១៩ក្រុមជំនុំទាំងឡាយ នៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នា នៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដ មកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ ២០ពួកបងប្អូនទាំងអស់ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ២១ពាក្យជម្រាបសួរនេះ សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ គឺប៉ូល។ ២២បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ ម៉ារ៉ាណាថា!
២៣សូមឲ្យអ្នករាល់គ្នា ប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ។
២៤សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំ នៅជាប់ជាមួយអ្នកទាំងអស់គ្នា នៅក្នុងព្រះគ្រិស្ដយេស៊ូ៕