១ កូរិនថូស ១៥
ការមានព្រះជន្មរស់ឡើងវិញ របស់ព្រះគ្រិស្ដ
១៥បងប្អូនអើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នា ជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួល និងបានឈរមាំមួននៅក្នុងនោះ ២អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះ ដោយសារដំណឹងល្អនោះដែរ បើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន បើមិនដូច្នេះទេ អ្នករាល់គ្នាជឿ គ្មានប្រយោជន៍ឡើយ ៣ដ្បិតខ្ញុំក៏បានប្រាប់អ្នករាល់គ្នា អំពីសេចក្ដីដែលខ្ញុំបានទទួលជាសេចក្ដីដំបូងបំផុតគឺ ព្រះគ្រិស្ដបានសោយទិវង្គតដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ ៤ហើយព្រះអង្គត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ស្របតាមបទគម្ពីរ ៥ព្រះអង្គបានបង្ហាញខ្លួន ឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ ៦ក្រោយមក ព្រះអង្គបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេ ភាគច្រើននៅរស់ រហូតដល់សព្វថ្ងៃនេះ ប៉ុន្ដែ ក៏មានអ្នកខ្លះបានស្លាប់ហើយដែរ ៧បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ ៨ចុងក្រោយបំផុត ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរ សូម្បីតែខ្ញុំ ដូចជាកូនកើតមិនគ្រប់ខែ ៩ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសម នឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ ១០ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្តល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅជាមួយខ្ញុំវិញ។ ១១ទោះបីខ្ញុំក្ដី ឬអ្នកទាំងនោះក្ដី យើងប្រកាសដំណឹងល្អនោះ ហើយអ្នករាល់គ្នា ក៏ជឿលើដំណឹងល្អនោះដែរ។
ការរស់ឡើងវិញរបស់មនុស្សស្លាប់
១២បើមានការប្រកាសថា ព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញ ហេតុអ្វីបានជាអ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថា គ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់? ១៣បើគ្មានការរស់ឡើងវិញ សម្រាប់មនុស្សស្លាប់ទេ នោះព្រះគ្រិស្ដ ក៏មិនបានរស់ឡើងវិញដែរ ១៤ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេ នោះការប្រកាសដំណឹងល្អរបស់យើងឥតប្រយោជន៍សោះ ហើយជំនឿរបស់អ្នករាល់គ្នា ក៏ឥតប្រយោជន៍ដែរ ១៥លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថាយើងជាសាក្សីក្លែងក្លាយ អំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោស ឲ្យរស់ឡើងវិញផងនោះ ១៦ដ្បិតបើពួកមនុស្សស្លាប់ មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ ១៧ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នា ក៏គ្មានប្រយោជន៍សោះ ហើយអ្នករាល់គ្នា នៅក្នុងបាបរបស់អ្នករាល់គ្នាដដែល ១៨បើដូច្នេះមែន ពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដ ក៏វិនាសដែរ។ ១៩ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដតែនៅក្នុងជីវិតនេះ នោះយើងវេទនា ជាងមនុស្សទាំងអស់ទៅទៀត។ ២០ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ ២១ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។ ២២ដ្បិតមនុស្សទាំងអស់ បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណា នោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោស ឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដ ជាយ៉ាងនោះដែរ។ ២៣ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក ២៤ក្រោយពីព្រះអង្គបំផ្លាញ អស់ទាំងការគ្រប់គ្រងសិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់ ២៥ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គ ដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា ២៦ហើយខ្មាំងសត្រូវចុងក្រោយ ដែលត្រូវបំផ្លាញនោះ ជាសេចក្ដីស្លាប់។ ២៧ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមបាទា ប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថា បានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមនោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមទេ ២៨លុះដល់ពេលអ្វីៗទាំងអស់ ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់ នឹងស្ថិតនៅក្រោមព្រះមួយអង្គ ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់ នៅក្នុងគ្រប់ការទាំងអស់។
២៩បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹក ក្នុងនាមជាមនុស្សស្លាប់ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹក ក្នុងនាមជាមនុស្សស្លាប់ដូច្នេះ? ៣០ហេតុអ្វីបានជាយើង ត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? ៣១បងប្អូនអើយ! ដោយសារមោទនភាព ដែលខ្ញុំមាន ដោយសារអ្នករាល់គ្នា នៅក្នុងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើង ខ្ញុំសូមស្បថថា ខ្ញុំស្លាប់រាល់ថ្ងៃ។ ៣២បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវ នៅក្រុងអេភេសូរ ក្នុងនាមជាមនុស្សសាមញ្ញ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ ចូរយើងស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់។ ៣៣កុំឲ្យចាញ់បញ្ឆោតឡើយ ដ្បិតការសេពគប់មនុស្សអាក្រក់ បំផ្លាញកិរិយាល្អ។ ៣៤ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
ការរស់ឡើងវិញរបស់រូបកាយ
៣៥ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថា តើមនុស្សស្លាប់រស់ឡើងវិញ យ៉ាងដូចម្តេច? ពេលពួកគេរស់ឡើងវិញ តើមានរូបកាយយ៉ាងដូចម្ដេចដែរ? ៣៦មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅ បើមិនងាប់ទេ វាក៏មិនដុះឡើងដែរ ៣៧ហើយអ្វីដែលអ្នកព្រោះទៅនោះ មិនដូចដើមដែលនឹងដុះឡើងទេ គឺអ្នកព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញ ប្រហែលជាគ្រាប់ស្រូវ ឬគ្រាប់អ្វីផ្សេងទៀត ៣៨ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះ តាមដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងឲ្យគ្រាប់ពូជនីមួយៗ មានរូបរាងរបស់វាផ្ទាល់។ ៣៩សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី ៤០ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី ៤១ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនីមួយៗ ក៏ខុសប្លែកពីគ្នាដែរ ៤២ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅជារូបកាយពុករលួយ ប៉ុន្ដែរូបកាយ ដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។ ៤៣រូបកាយដែលត្រូវកប់ ទៅជារូបកាយថោកទាប ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមានអំណាច ៤៤រូបកាយដែលត្រូវកប់ទៅ ជារូបកាយខាងសាច់ឈាម ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយខាងវិញ្ញាណ បើមានរូបកាយខាងសាច់ឈាម នោះក៏មានរូបកាយខាងវិញ្ញាណដែរ។
៤៥ដូច្នេះ ក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយ ជាវិញ្ញាណដែលផ្ដល់ជីវិត ៤៦ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេ គឺមានរូបកាយខាងសាច់ឈាមមុន រួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។ ៤៧មនុស្សទីមួយកើតមកពីធូលីដី ប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។ ៤៨មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណា នោះមនុស្សទាំងឡាយ ដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរ ហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណា នោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ ក៏ជាយ៉ាងនោះដែរ។ ៤៩យើងមានរូបរាងដូចជាមនុស្ស ដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ ជាយ៉ាងនោះដែរ។
៥០បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា សាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ ទុកជាមរតកបានឡើយ ហើយភាពពុករលួយ ក៏មិនអាចទទួលភាពមិនពុករលួយ ទុកជាមរតកបានដែរ។ ៥១មើល៍ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថា យើងទាំងអស់គ្នានឹងមិនស្លាប់ទេ ព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា ៥២ក្នុងរយៈពេលដ៏ខ្លី គឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅពេលសំឡេងត្រែចុងក្រោយលាន់ឡើង ពេលនោះ មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ មិនពុករលួយទៀតទេ រួចយើងនឹងត្រូវផ្លាស់ប្រែ ៥៣ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ ត្រូវតែពាក់ភាពមិនចេះស្លាប់ ៥៤ហើយនៅពេលរូបកាយ ដែលពុករលួយនេះ ពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះ ពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ ៥៥ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?» ៥៦ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាប ហើយអំណាចរបស់បាប ជាក្រឹត្យវិន័យ ៥៧ប៉ុន្ដែ អរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
៥៨ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នា នៅក្នុងព្រះអម្ចាស់ មិនឥតប្រយោជន៍ឡើយ។