KCB - ១ កូរិនថូស ១៤


១ កូរិនថូស ១៤

អំណោយទានភាសាចម្លែកអស្ចារ្យ និងការថ្លែងព្រះ​បន្ទូល

១៤ចូរ​ដេញ​តាម​សេចក្ដី​ ស្រឡាញ់ ហើយ​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​​ ឲ្យ​អាច​​​​ថ្លែង​ព្រះបន្ទូលបាន​​ ដ្បិត អ្នក​ដែល​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់​ ព្រោះ​គ្មាន​អ្នកណា​ម្នាក់​ស្ដាប់​យល់​ទេ ​អ្នក​នោះ​និយាយ​ពី​សេចក្ដី​អាថ៌កំបាំង​ដោយ​​ព្រះវិញ្ញាណ‍ ប៉ុន្ដែ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិញ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​ការ​ស្អាងចិត្ដ ការ​លើក​ទឹក​ចិត្ត និង​ការ​កម្សាន្ត​​ចិត្ត អ្នក​ដែល​និយាយ​ភាសា​ចម្លែកអស្ចារ្យ​​ ស្អាងតែ​​ខ្លួន​ឯងទេ​ រីឯ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល ​​ស្អាង​ក្រុម​ជំនុំ​វិញ។​

ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ និយាយ​ភាសា​ចម្លែកអស្ចារ្យ​បាន​ទាំង‍អស់​គ្នា ប៉ុន្ដែ​ចង់​ឲ្យ​អ្នករាល់គ្នា​ អាច​​​ថ្លែង​ព្រះបន្ទូល​បាន​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​ វិសេសជាង​អ្នកដែល​និយាយ​ភាសាចម្លែកអស្ចារ្យ​ លុះត្រាតែ​​​ឲ្យអ្នកនោះ​បកប្រែ​ផង ដើម្បី​ឲ្យក្រុម​ជំនុំ​​ទទួល​បាន​ការ​ស្អាង​ចិត្ត ឥឡូវ​នេះ បងប្អូន​អើយ! បើ​ខ្ញុំ​មក​ឯ​អ្នករាល់គ្នា ​ដោយ​​និយាយ​ភាសាចម្លែកអស្ចារ្យ​​ តើ​ខ្ញុំនឹង​​មាន​ប្រយោជន៍​អ្វី​ សម្រាប់​អ្នករាល់គ្នា​? លើកលែងតែ​ខ្ញុំ​និយាយ​ទៅ​អ្នករាល់គ្នា ដោយ​ការ​បើកសំដែង​ ឬដោយ​ចំណេះ​ដឹង ឬ​ដោយ​ការ​ថ្លែង​ព្រះបន្ទូល ឬ​ដោយ​សេចក្ដី​បង្រៀន​ណាមួយ​ប៉ុណ្ណោះ។ ​​សូម្បី​តែ​ឧបករណ៍​តន្ដ្រី​ដែល​គ្មានជីវិត​ មិនថា​ជា​ខ្លុយ ឬ​ស៊ុងក្ដី បើ​ពួកវា‍មិន​បញ្ចេញ​សំឡេង​ខុសគ្នា​ទេ តើ​ធ្វើ​ដូចម្ដេច​ឲ្យដឹង​បាន​ថា​ ឧបករណ៍​​ដែល​គេ​កំពុង​លេង‍ ឬ​ដេញ​នោះ​​ ជា​សំឡេង​ខ្លុយ ឬ​ស៊ុង​? ហើយ​បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​អ្នកណា​នឹង​ប្រុងប្រៀប​​ខ្លួន​​ក្នុង​ចម្បាំង​បាន​?​អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ បើ​ភាសាចម្លែក​អស្ចារ្យរបស់អ្នករាល់គ្នា គ្មាន​ពាក្យសំដី​​ដែល​គេ​អាច​​​យល់បាន​ តើ​ធ្វើ​ដូចម្តេច​ឲ្យគេ​យល់​សេចក្ដី​ ដែល​​បាន​និយាយ​នោះ​?​ ដូច្នេះ អ្នករាល់គ្នា​នឹង​​និយាយទៅ​កាន់​ខ្យល់​ហើយ។

១០នៅក្នុង​ពិភព​លោក​ អាច​​មាន​ភាសា​ច្រើន​​មែន ប៉ុន្ដែ​គ្មាន​ភាសា​ណាមួយ​ដែល​គ្មាន​អត្ថន័យ​នោះ​ទេ ១១ដូច្នេះ​ហើយ បើ​ខ្ញុំ​មិន​យល់​អត្ថន័យ​​ភាសា​នោះ​ទេ ​ខ្ញុំ​នឹង​ត្រលប់​ជា​ជនបរទេស​សម្រាប់​អ្នក​ដែល​កំពុង​និយាយ ហើយ​អ្នក​ដែល​កំពុង​និយាយ ​ក៏​ជា​ជនបរទេស​សម្រាប់​ខ្ញុំ​ដែរ​ ១២អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ ដោយព្រោះ​អ្នករាល់គ្នា​ ជា​អ្នក​សង្វាត​ចង់​បាន​​អំណោយទាន​ខាង​វិញ្ញាណ ចូរសង្វាត​ចង់បាន​​ឲ្យ​​កាន់តែ​ច្រើនចុះ​ សម្រាប់​​ការ​ ស្អាង​ចិត្ត​ដល់​ក្រុម​ជំនុំ ១៣ហេតុនេះ​ហើយ អ្នក​ដែល​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ ចូរ​អធិស្ឋាន ដើម្បី​ឲ្យអាច​បកប្រែ​បាន​ផង ១៤ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែកអស្ចារ្យ​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​អធិស្ឋាន​មែន ប៉ុន្ដែ​គំនិត​របស់​ខ្ញុំ​គ្មាន​ផល​ផ្លែ​ឡើយ ១៥ដូច្នេះ​តើធ្វើ​​ដូចម្ដេច​?​ គឺ​ខ្ញុំ​នឹង​​អធិស្ឋាន​​នៅក្នុង​វិញ្ញាណ ព្រមទាំង​​អធិស្ឋាន ​នៅក្នុង​គំនិត​របស់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​នឹង​​ច្រៀង​សរសើរ នៅក្នុង​វិញ្ញាណ ព្រមទាំងច្រៀង​សរសើរ​​នៅក្នុង​គំនិត​របស់​ខ្ញុំ​ដែរ ១៦ផ្ទុយទៅវិញ បើ​អ្នករាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ តើធ្វើដូច​ម្ដេច​​ឲ្យ អ្នក​​មិនដែល​​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា ​​អាម៉ែន​ ស្រប​​នឹង​ការ​អរព្រះគុណ​របស់​អ្នកបាន​ ដ្បិត​គេ​មិន​ដឹង​ថា​អ្នករាល់គ្នា​និយាយ​អ្វី​ផង! ១៧​រីឯ​អ្នក អ្នក​​អរព្រះគុណបាន​ល្អមែន ប៉ុន្ដែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។​

១៨ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​និយាយ​ភាសា​ម្លែកអស្ចារ្យ​​​ច្រើន​ជាង​អ្នក​ទាំងអស់​គ្នាទៅទៀត ១៩ប៉ុន្ដែ​នៅក្នុង​ក្រុម​ជំនុំ ខ្ញុំ​ចង់​និយាយ​ពាក្យ​ប្រាំ​ម៉ាត់​នៅក្នុង​គំនិត​របស់​ខ្ញុំ ដែល​អាច​​ទូន្មាន​អ្នក​ដទៃ​​ ជា​ជាង​និយាយ​ភាសា​ចម្លែកអស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់‍។

២០បងប្អូន​អើយ! ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​​ឡើយ​ បើ​ខាង​​ឯ​​សេចក្ដី​អាក្រក់ ចូរ​​ឲ្យ​នៅ​ជា​ទារក​​ចុះ ប៉ុន្ដែ​ខាង​ឯការ​យល់​ដឹង ចូរ​ឲ្យពេញវ័យឡើង។ ២១មាន​សេចក្ដី​ចែង​ទុក​ ក្នុង​គម្ពីរ​វិន័យ​ថា​៖​ «យើង​នឹង​និយាយ​ទៅ​ប្រជាជន​នេះ​ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​របស់​អ្នកផ្សេង ប៉ុន្ដែ​ពួកគេ​មិន​ស្ដាប់​យើង​ដដែល» គឺ​ព្រះអម្ចាស់​មានបន្ទូល​ដូច្នេះ។​

២២ដូច្នេះ​ ភាសា​ចម្លែកអស្ចារ្យ​ជា​ទីសំគាល់​មួយ​ សម្រាប់​ពួក​អ្នកដែល​មិនជឿ មិនមែន​សម្រាប់​ពួក​អ្នក​ដែល​ជឿ​ទេ ផ្ទុយទៅវិញ ការ​ថ្លែង​ព្រះបន្ទូល​ជា​ទីសំគាល់​មួយ ​សម្រាប់​ពួកអ្នកដែល​​​ជឿ មិនមែន​សម្រាប់​ពួក​អ្នក ដែល​មិនជឿ​ឡើយ​​ ២៣ចុះ​បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយអ្នក​ទាំងអស់​គ្នា​​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ ហើយ​មាន​អ្នក​ដែល​មិន​ដឹង ​ ឬ​អ្នក​ដែល​មិន​ជឿ​ចូល​មក តើ​គេ​មិន​និយាយ​ថា ​អ្នករាល់គ្នា​ឆ្កួត​ទេ​ឬ​? ២៤ផ្ទុយទៅវិញ បើ​​អ្នក​ទាំងអស់​គ្នា​​ថ្លែង​ព្រះបន្ទូល ហើយមាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ដែល​មិន​ដឹង​មួយ​ចំនួន​ចូល​មក នោះ​​អ្នកទាំងអស់គ្នា​នឹងធ្វើ​ឲ្យ​គេ​ដឹង​កំហុសហើយ អ្នកទាំងអស់គ្នា​ក៏​​វិនិច្ឆ័យគេ​ដែរ​​​ ២៥​នោះ​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​គេ​នឹង​បង្ហាញ​ចេញ​មក គេ​នឹង​ក្រាប​ផ្កាប់​មុខ ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ ទាំង​ប្រកាស​ថា ព្រះជាម្ចាស់​គង់​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា​ពិត​មែន​! ២៦ដូច្នេះតើ​​ធ្វើ​​ដូចម្តេច​?​ បងប្អូន​អើយ! នៅពេល​អ្នករាល់គ្នា​ជួបជុំ​គ្នា គឺ​ម្នាក់​មាន​ចម្រៀង​សរសើរ​តម្កើង ម្នាក់​មាន​សេចក្ដី​បង្រៀន ម្នាក់​មាន​ការ​បើក​សំដែង​ ម្នាក់​មាន​ភាសា​ចម្លែកអស្ចារ្យ​ ហើយម្នាក់​មាន​ការ​បកប្រែ​ ចូរ​ធ្វើ​ការ​ទាំងអស់​ សម្រាប់​ការ​ស្អាងចិត្ត​ចុះ។ ២៧បើ​មាន​អ្នក​ណា​និយាយ​ភាសា​ចម្លែកអស្ចារ្យ ត្រូវ​ឲ្យមានពីរនាក់​ ឬ​បី​នាក់​យ៉ាងច្រើន ហើយ​​ត្រូវ​និយាយ​ម្នាក់​ម្ដងៗ និងចូរ​​ឲ្យ​មាន​ម្នាក់​បកប្រែ​ផង ២៨ប៉ុន្ដែ​បើ​គ្មាន​អ្នក​បកប្រែ​ទេ ចូរ​ឲ្យគេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ​ ហើយ​ឲ្យគេ​និយាយ​ទៅ​កាន់​ខ្លួនឯង និង​ទៅ​កាន់​ព្រះជាម្ចាស់​ចុះ​ ២៩រីឯ​អ្នកនាំ​​​ព្រះបន្ទូល​វិញ ចូរ​ឲ្យមាន​​ពីរនាក់​ ឬ​បី​នាក់​និយាយ ​ហើយ​ចូរ​ឲ្យអ្នក​ផ្សេង​ទៀត​ពិចារណា​ចុះ​ ៣០ប៉ុន្ដែ​បើ​ម្នាក់​ទៀត​ ដែល​កំពុង​អង្គុយ​ បាន​ទទួល​ការ​បើក​សំដែង​​ដែរ ចូរ​ឲ្យអ្នក​ទីមួយ​ នៅស្ងៀម​ចុះ ​​៣១ព្រោះ​អ្នករាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​ម្នាក់​ម្តងៗ​ ទៅ​មនុស្ស​គ្រប់គ្នា​បាន ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​រៀន ហើយគ្រប់គ្នា​​ បាន​ទទួល​ការ​លើក​ទឹកចិត្តដែរ​ ៣២រីឯ​​វិញ្ញាណ​របស់​អ្នកនាំ​ព្រះបន្ទូល​ ត្រូវ​ចុះចូល​នឹង​អ្នក​នាំ​ព្រះបន្ទូល​ ៣៣ដ្បិត​ព្រះជាម្ចាស់​ មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត​វិញ‍។​ ដូច​​នៅក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ​ ៣៤ចូរ​ឲ្យពួក​ស្រ្តីស្ងាត់​ស្ងៀម​នៅ​ក្នុង​ក្រុម​ជំនុំ​ចុះ ដ្បិត​ មិន​អនុញ្ញាត​ឲ្យពួក​នាង​និយាយ​ឡើយ គឺ​ឲ្យពួក​នាង​ចុះចូល​ដូច​ដែល​គម្ពីរ​វិន័យ​បាន​ចែង​ទុក​ចុះ ​៣៥ហើយ​បើ​ពួក​នាង​ចង់​រៀន​អំពី​អ្វី​មួយ ចូរ​ឲ្យពួក​នាង​សួរ​ប្តី​របស់​ខ្លួន​នៅ​ផ្ទះ​ចុះ ដ្បិត​ជា​ការ​អាម៉ាស់​មួយ ​ដែល​ឲ្យ​ស្ត្រី​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ។ ៣៦តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ចេញ​មក​ពី​អ្នករាល់គ្នាឬ? ឬ​មាន​តែ​អ្នករាល់គ្នា​ប៉ុណ្ណោះ‍​ឬ ដែលបាន​ទទួល​​ព្រះបន្ទូល​? ៣៧បើ​មាន​អ្នកណា​ស្មាន​ថា​ ខ្លួន​ជា​អ្នកនាំ​ព្រះបន្ទូល ឬ​ជា​មនុស្ស​ពេញ​ដោយ​ព្រះវិញ្ញាណ ចូរ​ឲ្យអ្នកនោះ​ដឹង​ច្បាស់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នានេះ ជា​បញ្ញត្តិ​របស់​ព្រះអម្ចាស់។​ ៣៨ដូច្នេះ បើ​អ្នកណា​មិន​ទទួល​ស្គាល់​បញ្ញត្តិ​នេះទេ ​ អ្នកនោះ ​ក៏​​មិន​បាន​​ការទទួល​ស្គាល់​វិញ​​ដែរ ៣៩ហេតុនេះបងប្អូន​អើយ! ចូរ​សង្វាត​ចង់​បាន​អំណោយទាន ​នៃការ​ថ្លែង​ព្រះបន្ទូល​ចុះ ហើយ​មិន​ត្រូវ​ហាមឃាត់​ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​​ទេ​ ៤០ចូរធ្វើ​ការទាំងអស់​ឲ្យ​បាន​សមរម្យ និង​ទៅ​តាម​លំដាប់លំដោយ​ចុះ‍។

១ កូរិនថូស ១៤