KCB - ១ កូរិនថូស ១៣


១ កូរិនថូស ១៣

សេចក្ដី​ស្រឡាញ់វិសេសជាងគេ

១៣ទោះបី​ខ្ញុំ​អាច​និយាយ​ភាសា​របស់​មនុស្ស និងភាសា​​របស់ពួក​​​ទេវតា​ក៏ដោយ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ខ្ញុំ​ត្រលប់​​ដូចជា​គង​ដែល​​បញ្ចេញ​សំឡេង ឬ​ជួង​​ដែល​​ឮ​ខ្ទរ។​ ទោះបី​ខ្ញុំអាច​​ថ្លែង​ព្រះបន្ទូល និងស្គាល់អស់​ទាំងអាថ៌កំបាំង ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់យ៉ាង​ក៏ដោយ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​​រហូត​​ដល់​រើ​ភ្នំ​បាន ​ក៏ដោយ ប៉ុន្ដែ ​បើ​​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​គ្មាន​បានការ​ឡើយ។​ ទោះបី​ខ្ញុំ​ចែក​ទាន​ ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ខ្ញុំ ហើយ​ សុខ​​ចិត្ដ​ឲ្យ​គេ​ដុត​​រូបកាយ​របស់​ខ្ញុំ​​​ក៏ដោយ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំគ្មាន​ប្រយោជន៍​​ឡើយ។

សេចក្ដី​ស្រឡាញ់​ អត់ធ្មត់ សេចក្ដីស្រឡាញ់ ​សប្បុរស និង​មិន​ច្រណែន សេចក្ដី​ស្រឡាញ់​ មិន​អួត​ខ្លួន និង​មិន​បំផ្លើស​ មិនឈ្លើយ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ក្ដៅក្រហាយ មិន​ប្រកាន់​ទោស​ មិន​ត្រេក​អរ​នឹង​សេចក្ដី​ទុច្ចរិតឡើយ ប៉ុន្ដែ​ត្រេក​អរ​នឹង​សេចក្ដី​ពិតវិញ ​​ទ្រាំទ្រ​ទាំង​ស្រុង ជឿ​ទាំងស្រុង​ សង្ឃឹម​ទាំងស្រុង ហើយ​​ស៊ូទ្រាំ​ទាំងស្រុង។ ទោះបី​ការ​ថ្លែង​ព្រះបន្ទូល ​នឹង​ត្រូវ​កន្លងផុតទៅ ភាសា​ចម្លែកអស្ចារ្យ​​​លែង​មាន​ ហើយ​ចំណេះ​ដឹង ​នឹង​ត្រូវ​សាបសូន្យក៏​​ដោយ​ ក៏​សេចក្ដី​ស្រឡាញ់​មិន​សាបសូន្យ​ឡើយ ដ្បិត​យើង​ចេះ​ដឹង​តែ​មួយចំណែក ហើយ​ថ្លែង​ព្រះបន្ទូល​បាន​តែ​មួយ​ចំណែក​​ទេ​ ១០ប៉ុន្ដែ​ពេល​​ភាព​ពេញ​លេញ​មក​ដល់​ ​នោះ​ភាពមិន​ពេញលេញ​​​នឹង​សាបសូន្យ។

១១កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង ខ្ញុំ​​និយាយ​ដូចជា​កូន​ក្មេង គិត​ដូច​ជា​កូន​ក្មេង ហើយ​យល់​ឃើញ​ដូច​ជា​កូន​ក្មេង ប៉ុន្ដែ​ពេល​ខ្ញុំ​​ត្រលប់​ជា​ពេញ​វ័យ ខ្ញុំ​ក៏បញ្ឈប់​អ្វីៗដែល​ជា​លក្ខណៈកូនក្មេង។ ១២ដ្បិត​ឥឡូវនេះ យើង​មើល​តាម​កញ្ចក់​​ឃើញ​មិន​ច្បាស់ទេ ប៉ុន្ដែ​នៅពេលក្រោយ​​យើង​នឹង​ឃើញ​​មុខ​ផ្ទាល់។ ឥឡូវនេះ ខ្ញុំ​ស្គាល់​ព្រះអង្គ​តែ​មួយ​ចំណែក ប៉ុន្ដែ​ក្រោយមក ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ‍។​ ១៣ដូច្នេះឥឡូវនេះ មាន​សេចក្ដីបី​ដែល​នៅ​គង់វង្ស​ គឺ​ជំនឿ សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ ប៉ុន្ដែ​ក្នុងចំណោម​ទាំងបីនេះ ​សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ។

១ កូរិនថូស ១៣