១ កូរិនថូស ១២
អំណោយទានខាងវិញ្ញាណ
១២បងប្អូនអើយ! ចំពោះសេចក្ដីខាងវិញ្ញាណ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា នៅល្ងង់ខ្លៅទៀតទេ ២អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ គេបាននាំអ្នករាល់គ្នាទៅឯរូបព្រះ ដែលមិនចេះនិយាយ គឺតាមតែគេដឹកនាំ ៣ដូច្នេះហើយ ទើបខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គ្មានអ្នកណាម្នាក់ និយាយដោយនូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថា ព្រះយេស៊ូត្រូវបណ្តាសា ហើយបើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ក៏គ្មានអ្នកណាម្នាក់អាចនិយាយបានថា ព្រះយេស៊ូជាព្រះអម្ចាស់ដែរ។
៤មានអំណោយទានផ្សេងៗគ្នាមែន ប៉ុន្ដែ មកពីព្រះវិញ្ញាណតែមួយទេ។ ៥មានមុខងារបម្រើផ្សេងៗគ្នាមែន ប៉ុន្ដែមកពីព្រះអម្ចាស់តែមួយទេ។ ៦មានសកម្មភាពផ្សេងៗគ្នាមែន ប៉ុន្ដែគឺជាព្រះជាម្ចាស់តែមួយទេ ដែលធ្វើការសព្វគ្រប់តាមរយៈមនុស្សទាំងអស់ ៧ដ្បិតមនុស្សម្នាក់ៗ បានទទួលការបើកសំដែងមកពីព្រះវិញ្ញាណ សម្រាប់ជាប្រយោជន៍រួម ៨គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដី ប្រកបដោយចំណេះដឹង តាមរយៈព្រះវិញ្ញាណដដែល ៩ម្នាក់ទៀតទទួលបានជំនឿ ហើយម្នាក់ទៀត ទទួលបានអំណោយទានប្រោសឲ្យជា តាមរយៈព្រះវិញ្ញាណដដែល ១០ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ ១១ប៉ុន្ដែគឺជាព្រះវិញ្ញាណតែមួយដដែលទេ ដែលធ្វើការទាំងអស់នេះ ទាំងចែកចាយដល់មនុស្សម្នាក់ៗរៀងៗខ្លួន តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
មានរូបកាយតែមួយ តែមានអវយវៈច្រើន
១២ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ ១៣ព្រោះយើងទាំងអស់គ្នា បានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថាជនជាតិយូដា ឬជនជាតិក្រេក មិនថាបាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នា ផឹកព្រះវិញ្ញាណតែមួយ ១៤ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរ គឺមានច្រើន ១៥ទោះបីជើងនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាដៃ» ក៏ជើងនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ ១៦ហើយទោះបីត្រចៀកនិយាយថា៖ «ខ្ញុំមិនមែនជារបស់រូបកាយទេ ព្រោះខ្ញុំមិនមែនជាភ្នែក» ក៏ត្រចៀកនៅតែជារបស់រូបកាយ មិនថាមានហេតុផលនេះក៏ដោយ១៧បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា? ១៨ប៉ុន្ដែព្រះជាម្ចាស់បានដាក់អវយវៈនិមួយៗ នៅក្នុងរូបកាយ តាមព្រះអង្គសព្វព្រះហឫទ័យ ១៩ហើយបើទាំងអស់ជាអវយវៈតែមួយ តើរូបកាយនៅឯណា? ២០ដូច្នេះទោះជាមានអវយវៈច្រើនក៏ដោយ ក៏រូបកាយតែមួយ២១ហើយភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការឯង» ឬក្បាលនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» បានដែរ។ ២២ផ្ទុយទៅវិញ អវយវៈណាដែលមើលទៅដូចជាខ្សោយជាងគេនៅក្នុងរូបកាយ នោះត្រលប់ជាសំខាន់វិញ ២៣រីឯអវយវៈណា ដែលយើងគិតថាអាប់ឱនជាងគេនៅក្នុងរូបកាយនោះ យើងសម្អិតសម្អាងឲ្យកាន់តែថ្លៃថ្នូរ ហើយអវយវៈរបស់យើងណាដែលមើលទៅមិនស្អាត នោះត្រលប់ជាកាន់តែស្អាតឡើង ២៤ប៉ុន្ដែអវយវៈរបស់យើង ដែលស្អាតហើយនោះ មិនត្រូវការសម្អិតសម្អាងឡើយ ដ្បិត ព្រះជាម្ចាស់បានផ្គុំរូបកាយឡើង ដោយប្រទានឲ្យមានតម្លៃកាន់តែវិសេសដល់អវយវៈណា ដែលមានការខ្វះខាត ២៥ដើម្បីកុំឲ្យមានការបែកបាក់នៅក្នុងរូបកាយ ផ្ទុយទៅវិញឲ្យអវយវៈទាំងឡាយ ខ្វល់ខ្វាយ ចំពោះគ្នាទៅវិញទៅមក។ ២៦បើអវយវៈណាមួយឈឺចាប់ នោះអវយវៈទាំងអស់ក៏ឈឺចាប់ដែរ ឬបើអវយវៈណាមួយទទួលបានការសរសើរ នោះអវយវៈទាំងអស់ ក៏អរសប្បាយដែរ។
២៧អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រិស្ដ ហើយជាអវយវៈតាមផ្នែករៀងៗខ្លួន។ ២៨នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើរការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។ ២៩តើគ្រប់គ្នាជាសាវកឬ? តើគ្រប់គ្នាជាអ្នកនាំព្រះបន្ទូលឬ? តើគ្រប់គ្នាជាគ្រូឬ? តើគ្រប់គ្នាជាអ្នកធ្វើការអស្ចារ្យឬ? ៣០តើគ្រប់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើគ្រប់គ្នានិយាយភាសាចម្លែកអស្ចារ្យឬ? តើគ្រប់គ្នាបកប្រែភាសាចម្លែកអស្ចារ្យឬ? ៣១ដូច្នេះ ចូរអ្នករាល់គ្នាសង្វាតឲ្យបានអំណោយទាន ដែលប្រសើរជាងគេចុះ ហើយខ្ញុំនឹងបង្ហាញផ្លូវដ៏ប្រសើរបំផុតមួយដល់អ្នករាល់គ្នាទៀត។