KCB - ១ កូរិនថូស ១១


១ កូរិនថូស ១១

សេចក្ដី​ណែនាំអំពីការថ្វាយបង្គំ

១១ចូរ​យក​​គំរូ​តាម​​ខ្ញុំ​ ដូច ដែល​ខ្ញុំ​ យក​គំរូ​តាម​ ព្រះគ្រិស្ដ​​ចុះ​ ហើយ​ខ្ញុំ​សូម​សរសើរ​អ្នករាល់គ្នា ​ដែល​អ្នករាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅក្នុង​គ្រប់ការ​ទាំងអស់ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យអ្នករាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន ​ប៉ុន្ដែ​ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ដឹង​ថា​ ព្រះគ្រិស្ដ​ជា​ក្បាល​របស់​បុរស​គ្រប់គ្នា ហើយ​បុរស​ជា​ក្បាល​របស់​ស្ដ្រី ឯ​ព្រះជាម្ចាស់​វិញ​ ជា​ព្រះសិរ​របស់​ព្រះគ្រិស្ដ​ បុរស​គ្រប់គ្នា​ដែល​អធិស្ឋាន ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ពាក់​អ្វី​នៅលើ​ក្បាល នោះ​បាន​បន្ថោក​ដល់​​ក្បាល​របស់​ខ្លួន​​ហើយ​ ផ្ទុយទៅវិញ ស្ត្រី​គ្រប់គ្នា​ដែល​អធិស្ឋាន ឬ​ថ្លែង​ព្រះបន្ទូល​ ដោយ​មិន​គ្របបាំង​ក្បាល នោះ​​បាន​បន្ថោក​ក្បាល​របស់​ខ្លួនវិញ​ ដ្បិត​ដូច​ដែល​​​កោរសក់​ដែរ ដូច្នេះបើ​ស្ត្រី​មិន​គ្របបាំង​ក្បាល​ទេ ចូរ​ឲ្យនាង​កោរសក់​ទៅ​​ ប៉ុន្ដែ​បើ​ការ​កាត់សក់ ឬការ​កោរសក់​ធ្វើ​ឲ្យ​ស្ដ្រី‍នោះ​ខ្មាស ចូរ​ឲ្យនាង​គ្របបាំង​ក្បាល​ចុះ‍ ហើយ​បុរស​មិន​គួរ​គ្របបាំង​ក្បាល​ទេ ព្រោះ​ជា​រូបអង្គ និង​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ រីឯ​ស្ដ្រី​វិញ​ជា​សិរី​រុងរឿង​របស់​បុរស ដ្បិត​បុរស​មិន​បាន​មាន​កំណើត​ពី​ស្ត្រី​ទេ គឺ​ស្ត្រី​មាន​កំណើត​ពី​បុរស​វិញ ហើយ​ព្រះជាម្ចាស់​ក៏​មិន​បាន​បង្កើត​បុរស​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ ១០ដូច្នេះ​ហើយ ស្ត្រី​គួរ​មាន​សិទ្ធិអំណាច ​នៅ​លើ​ក្បាល​ ដោយ​យល់​ដល់​ពួក​ទេវតា ១១ប៉ុន្ដែ​នៅក្នុង​ព្រះអម្ចាស់ ស្ត្រី​ត្រូវការ​​បុរសជាចាំបាច់​ ហើយ​បុរស​​ក៏​ត្រូវ​ការ​​ស្ត្រី​ជា​ចាំបាច់​ដែរ​​ ១២ដ្បិត​ស្រ្ដី​មាន​កំណើត​ពី​បុរស​យ៉ាងណា បុរស​ក៏​មាន​កំណើត​ពី​ស្រ្ដី​យ៉ាងនោះ​ដែរ ប៉ុន្ដែ​ អ្វីៗ​ទាំងអស់​ មាន​កំណើត​ពី​ព្រះជាម្ចាស់។​

១៣ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ ​តើ​គប្បីឲ្យស្ត្រី​អធិស្ឋាន​ ទៅ​ព្រះជាម្ចាស់​ដោយ​ឥត​គ្របបាំង​ក្បាល​ ដែរ‍ឬ​ទេ‍?​ ១៤តើ​ធម្មជាតិ​ មិន​បាន​បង្រៀន​អ្នករាល់គ្នាទេ‍ឬថា ​បើ​បុរស​ទុក​សក់​វែង​ នោះ​ជា​ការ​អាម៉ាស់​​ដល់​ខ្លួន​គាត់​ហើយ​ ១៥ផ្ទុយទៅវិញ បើ​ស្ត្រី​ទុក​សក់​វែង នោះ​ជា​ភាព​រុងរឿង​ដល់​នាង ព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​សក់​វែង​ឲ្យនាង​ ជំនួស​គ្រឿង​គ្របបាំង​ស្រាប់​ ១៦ប៉ុន្ដែ​បើ​មាន​អ្នក​ណា​ម្នាក់​គិត​​ប្រកែក​តវ៉ា នោះ​ត្រូវ​ដឹង​ថា​ យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ ហើយ​ក្រុម​ជំនុំ​របស់​ព្រះ​ជាម្ចាស់​ ក៏​គ្មាន​ទម្លាប់បែប​​នេះ​ដែរ‍។​

ពិធីលៀងព្រះ​​អម្ចាស់​​

១៧នៅក្នុង​សេចក្ដី​ទូន្មាន​បន្ដ​ទៀត​នេះ ខ្ញុំ​មិន​សរសើរ​អ្នករាល់គ្នា​ទេ ព្រោះ​អ្នករាល់គ្នា​ជួបជុំ​គ្នា ​មិន​មែន​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ទេ ប៉ុន្ដែដើម្បីឲ្យ​បាន​កាន់​តែ​​អាក្រក់ថែម​ទៀត​ ១៨ដ្បិត​មុនដំបូង ខ្ញុំ​បាន‍ឮ​ថា ពេល​អ្នករាល់គ្នា​ជួបជុំ​គ្នា​នៅក្នុង​ក្រុម​ជំនុំ នោះ​មាន​ការ​បែកបាក់​នៅក្នុង​ចំណោម​អ្នករាល់គ្នា ហើយ​ខ្ញុំ​ក៏​ជឿ​ខ្លះៗ​ដែរ ១៩ដ្បិត​​ត្រូវ​តែ​មាន​បក្សពួក​នៅក្នុង​ចំណោម​អ្នករាល់គ្នា ដើម្បី​ឲ្យពួក​អ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​​នៅក្នុង​ចំណោម​អ្នករាល់គ្នា ​២០ដូច្នេះ ពេល​អ្នករាល់គ្នា​ជួបជុំ​គ្នា​ នៅ​កន្លែង​ណា​មួយនោះ ​មិន​មែន​​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​ ២១ព្រោះ​ពេល​បរិភោគ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ ដូច្នេះក៏​មាន​ម្នាក់​នៅ​ឃ្លាន ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ ២២តើ​អ្នករាល់គ្នា​គ្មាន​ផ្ទះ​ទេ‍ឬ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ​? ​ឬ​មួយ​អ្នករាល់គ្នា​ មើលងាយ​ក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់ និង​ធ្វើ​ឲ្យ​ពួក​អ្នក​​អត់អាម៉ាស់​​មុខ​?​ តើ​ឲ្យខ្ញុំ​និយាយ​ទៅ​កាន់​អ្នករាល់គ្នា​យ៉ាង​ដូចម្ដេច‍? តើ​ឲ្យខ្ញុំ​សរសើរ​អ្នករាល់គ្នា​ឬ? ចំពោះ​ការ​នេះខ្ញុំ​មិន​សរសើរ​ទេ‍។​ ២៣ដ្បិត​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក ខ្ញុំ​ក៏​ប្រគល់​ឲ្យអ្នករាល់គ្នា​ដែរ គឺ​នៅ​យប់​ ដែល​ព្រះអម្ចាស់​យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ ២៤ហើយ​ពេល​អរព្រះគុណ​រួច​ហើយ ព្រះអង្គ​ក៏​កាច់​នំប៉័ង​ ទាំង‍មានបន្ទូល​ថា‍៖ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ដូច្នេះ​ ទុក​ជា​ការ​រំឭក​​​ដល់​ខ្ញុំ​ចុះ‍»២៥បន្ទាប់​ពី​បរិភោគ​រួច​ហើយ ព្រះអង្គ​ក៏​យក​ពែង​មក​បែប​ដូច្នោះ​ដែរ​ ទាំង​មានបន្ទូល​ថា‍៖ «នេះ​ជា​ពែង​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​ ដោយ​ឈាម​របស់​ខ្ញុំ ចូរ​ធ្វើ​ដូច្នេះ ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​ រាល់​ពេល​ដែល​អ្នករាល់គ្នា​ផឹក​ចុះ»២៦ដ្បិត​រាល់​ពេល​ ដែល​អ្នករាល់គ្នា​បរិភោគ​នំប៉័ង ហើយ​ផឹក​ពី​ពែង​នេះ នោះ​អ្នករាល់គ្នា​ប្រកាស​ពី​ការ​សោយទិវង្គត​ របស់​ព្រះអម្ចាស់ រហូត​​ដល់ពេល​ព្រះអង្គ​យាង​មក​វិញ ២៧ដូច្នេះអ្នក​ណា​ដែល​បរិភោគ​នំប៉័ង ឬផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​ ដោយ​មិន​សមរម្យ នោះ​នឹង​មាន​ទោស​ចំពោះ​រូបកាយ និង​ឈាម​​របស់​ព្រះអម្ចាស់​ហើយ ២៨ដូច្នេះ ចូរ​ឲ្យម្នាក់ៗ‍ពិសោធ​ខ្លួន​ឯង​ចុះ​ រួច​សឹម​បរិភោគ​នំប៉័ង ហើយ​ផឹក​ពី​ពែង​នេះ​ ២៩ដ្បិត​អ្នក​ណា​ដែល​បរិភោគ ហើយ​ផឹក​ ដោយ​មិន​បាន​យល់​ដល់​រូបកាយ​របស់​ព្រះគ្រិស្ដ នោះ​នាំ​ទោស​​ដល់​ខ្លួន​តាមរយៈ​ការ​បរិភោគ និង​​ផឹក​នោះ​ហើយ‍។ ៣០ហេតុ​នេះ​ហើយ​បានជាមាន​​អ្នករាល់គ្នា​ជា​ច្រើន​​ខ្សោយ ហើយឈឺ និងមួយ​ចំនួនធំ​បាន​ស្លាប់​ ៣១ដូច្នេះបើ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង នោះ​យើង​​មិន​ជាប់​​ជំនុំ​ជម្រះ​ទេ​​ ៣២ប៉ុន្ដែ​ពេល​ព្រះអម្ចាស់​វិនិច្ឆ័យយើង ព្រះអង្គ​នឹង​ពិន័យ​យើង ដើម្បី​កុំ​ឲ្យយើង​ជាប់​ទោស​ជាមួយ​លោកិយ​នេះ។ ៣៣​ដូច្នេះ បងប្អូន​របស់ខ្ញុំ​អើយ! នៅ​ពេល​អ្នករាល់គ្នា​មក​ជួបជុំ​គ្នា​បរិភោគ ចូរ​ចាំ​គ្នា​ផង​ ​៣៤បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាន ចូរ​ឲ្យអ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យមាន​ទោស​នៅ​ពេល​អ្នករាល់គ្នា​មក​ជួប​ជុំ​គ្នា​ឡើយ រីឯ​បញ្ហា​ផ្សេង​ទៀត ខ្ញុំ​នឹង​ដោះស្រាយ​ពេល​ដែល​ខ្ញុំ​មក​ដល់‍។

១ កូរិនថូស ១១